Fact Check: លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ មិន​បាន​ទទួល​មរណភាព​ដូច​ការ​អះ​អាង​នោះ​ឡើយ​

Altered Political

សុខភាព​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ជា​ប្រធាន​បទ​​នៃ​ការ​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយៗ​​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។ ក្នុង​ចំណោម​នោះ​ ការ​អះ​អាង​មួយ​លើ​បណ្ដាញ​សង្គមបាន​លើក​ឡើង​ថា មេដឹកនាំ​កម្ពុជា​រូប​នេះ បាន​ទទួល​មរណភាព​ហើយ ហើយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​៤​សន្លឹក ​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​តែ​សម្រាក​នៅ​លើ​គ្រែ​មន្ទីរ​ពេទ្យ​ ដោយ​មាន​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ជា​ច្រើន​បាន​ចូល​រួម​សួរ​សុខ​ទុក្ខ​។​ ដូច​គ្នា​នេះ​ រូប​ថត​មួយ​សន្លឹក​ទៀត​ ក៏​បាន​បង្ហាញ​នូវ​កម្រង​ផ្កា​ដែល​មាន​រូប​ថត​លោក​ ហ៊ុន​ សែន​ ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ «សព​លោក​ ហ៊ុន​ សែន​ ការ​បូជា​សព​ លោក​ ហ៊ុន​ សែន​ នៅ​ភ្នំពេញ​ កំពង់​ចាម​ ឬ​ក៏​បោះ​ចោល​ឲ្យ​ឆ្កែ​ស៊ី​?​»។ ការ​បង្ហោះ​មួយ​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​​បាន​សរសេរ​រៀប​រាប់​ថា​ «​សាង​ល្អ​ឲ្យ​គេ​ចាំ​​ ប្រសេីរ​ជាង​សាង​បាប​កម្ម​ឲ្យ​គេ​​ ស្អប់​ខ្ពេីម​! មក​ខ្លួន​ទទេ​ ទៅ​វិញ​ក៏​ខ្លួន​ទទេ​…មាន​លុយ​អាច​ទិញ​អ្វី​ៗ​ បាន​គ្រប់​យ៉ាង​! ក៏​ប៉ុន្តែ​មិន​អាច​ទិញ​បាន​ឡើយ​​ ជីវិត​ អមត​!»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google និង​តាម​រយៈ​ការ​ពិនិត្យ​មើលសារ​បង្ហោះ​នានា​ នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

ដំណឹង​មរណភាព​របស់​មេដឹកនាំ​ប្រទេស គួរ​តែ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​ស្ថាប័ន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន និងតាម​មធ្យោបាយ​នៃ​ការ​ផ្សព្វផ្សាយ​​សំខាន់ៗ​ដទៃ​ទៀត។

រូប​ថត​ដែល​មាន​ទម្រង់​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ ទៀ​ បាញ់​ ​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​ ទៀ​ បាញ់​ និង​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ដទៃ​ទៀត​ បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​លោក​ ប៊ូ ថង​ ដែល​បាន​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ ក្នុង​រាជ​ធានី​ភ្នំពេញ​។​​ 

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ ទៀ បាញ់​ បាន​សរសេរ​រៀប​រាប់​ថា​ «រសៀល​ថ្ងៃ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០១៩​ ខ្ញុំ​បាន​ទៅ​សួរ​សុខ​ទុក្ខ​ ឯកឧត្តម​ ព្រឹទ្ធាចារ្យ​ ប៊ូ​ ថង​ ទី​ប្រឹក្សា​សម្តេច​វិបុល​សេនាភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​»។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​បង្ហោះ​នូវ​សកម្មភាព​ និង​ទិដ្ឋភាព​របស់់​លោក​នៅ​ក្នុង​​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-ចិន​ ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ថ្មី​ៗ​នេះ​។​ 

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សម្ដេច​តេជោ​ ហ៊ុន​ សែន​ អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-ចិន​ ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០​ នៃ​ទំនាក់​ទំនង​ដៃ​គូ​សន្ទនា​​ នៅ​វិមាន​សន្តិភាព​ ព្រឹក​ថ្ងៃ​ចន្ទ​ ៣​រោច​ ខែ​កត្តិក ឆ្នាំ​ឆ្លូវ​ ត្រី​ស័ក​ ព.ស​. ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១»។​

Facebook Post | Archived Link

ករណី​ស្រដៀង​គ្នា​មួយ​នេះ​ ក៏​ធ្លាប់​បាន​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​ដោយ​ក្រុម​ការ​ងារ​ Fact Crescendo Cambodia ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រដែល​មាន​ចំណង​ជើង​ថា​ «លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ មាន​សុខភាព​ល្អ​ធម្មតា​»។​

Fact Crescendo Cambodia Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជារូប​ថត​លោក​ ទៀ​ បាញ់​ ​ចុះ​សួរ​សុខ​ទុក្ខលោក​ព្រឹទ្ធាចារ្យ​ ប៊ូ​ ថង​ ទី​ប្រឹក្សា​លោក​​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ។​ ចំណែក​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​រស់​រាន​មាន​ជីវិត​ដូច​ធម្មតានៅ​ឡើយ​ទេ​ ហើយ​លោក​ទើប​តែ​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-ចិន​ ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ កាល​ពី​ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​។​

Avatar

Title:លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ មិន​បាន​ទទួល​មរណភាព​ដូច​ការ​អះ​អាង​នោះ​ឡើយ​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *