Fact Check: រូប​ថត​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​កាត់​ត​ជាមួយ​​ ធី សុវណ្ណថា​

Altered Political

​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តែង​តែ​ទទួល​រង​នូវ​ការ​រិះ​គន់​ និង​ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្តី​ជា​ច្រើន​លើក​ ជា​ច្រើន​សារ​ ពី​សំណាក់​ក្រុម​អ្នក​ជំទាស់​ ឬ​អ្នក​នយោបាយ​ប្រឆាំង​នឹង​លោក​ ជា​ពិសេស​នៅ​លើ​បណ្តាញ​សង្គម​នា​នា​យ៉ាង​ផុស​ផុល​។​

ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​រូប​លោក​ ជាមួយ​នឹង​​លោក​ស្រី​ ធី​ សុវណ្ណថា​ កំពុង​អង្គុយ​ក្បែរ​គ្នា​នៅ​ក្នុង​រថយន្ត​នោះ​ ត្រូវ​បាន​បង្ហោះ​ ចែក​ចាយ​នៅ​លើ​បណ្តាញ​ហ្វេស​ប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដោយ​បាន​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​កម្ពុជា​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊៊ុន​ សែន​ ជាមួយ​នឹង​លោក​ស្រី​ ធី​ សុវណ្ណ​ថា​ កំពុង​អង្គុយ​នៅ​ក្នុង​រថយន្ត​។​ លោក​ស្រី​ ធី​ សុវណ្ណ​ថា​ ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ គឺ​ជា​អតីត​សកម្មជន​នយោបាយ​អតីត​គណបក្ស​ប្រឆាំង​ និង​ជា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ដ៏​ល្បី​ល្បាញ​ម្នាក់​ ដែល​ក្រោយ​មកលោក​ស្រី​បាន​​ងាក​ចូលរួម​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​។ 

រូប​ថត​នេះ​ត្រូវ​បាន​​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ និង​​ប្រតិកម្ម​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ 

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកដែល​បាន​សរសេរ​អក្សរ​នៅ​លើ​រូប​ថត​ដូច្នេះ​ថា​ «ចៅ​លោក​តា​ពិត​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ផ្ទាល់​​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៩​កន្លង​មក​។​​  រូប​ថត​ដដែល​នេះ​ បាន​​បង្ហាញ​អំពី​ទិដ្ឋភាពរវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ និង​ចៅ​ស្រី​ច្បង​របស់​លោក​នៅ​ក្នុង​រថយន្ត​មួយ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​បាន​​សរសេរ​រៀប​រាប់​ថា​ «​ចៅ​ស្រី​ខ្ញុំ​នឹក​ជីតា​ពេក​ខំ​ជិះ​យន្តហោះ​ មក​រង់​ចាំ​ជីតា​នៅ​ប្រទេស​ហុងគ្រី​។ ព្រឹក​នេះ​នាំ​ចៅ​ចូល​ក្នុង​គណៈ​ប្រតិភូ​សម្តែង​ការ​គួរ​សម​ជាមួយ​ប្រធានាធិបតី ​និង​ប្រធាន​សភា​ហុងគ្រី​ ដើម្បី​ឲ្យ​​ចៅ​ស្គាល់​ពី​របៀប​ធ្វើ​ការ​របស់​ថ្នាក់​ដឹកនាំ​ប្រទេស​»។​

Facebook Post | Archived Link

តាម​រយៈ​សេចក្តី​រាយការណ៍​នៅ​ក្នុង​គេហ​ទំព័រ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​​មួយ Fresh News បាន​ចុះ​ផ្សាយផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៩​កន្លងមក​នេះ​ ដោយ​មាន​បង្ហាញ​អំពី​រូប​ថត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ជួប​ជាមួយ​នឹង​ចៅ​ស្រី​របស់​លោក​នៅ​ក្នុង​ប្រទេស​​ហុង​គ្រី​។​ រូប​ថត​​ផ្សាយ​ដោយ​គេហ​ទំព័រមួយ​នេះ​ ពុំ​បាន​បង្ហាញ​ទិដ្ឋ​ភាព​រូប​ថត​របស់​លោក​កំពុង​អង្គុយ​ជាមួយ​នឹង​លោក​ស្រី​ ធី​ សុវណ្ណថា​ ដូច​ទៅ​នឹង​ការ​បង្ហោះ​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ឡើយ​​​។​​

រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រសារព័ត៌​មាន​ Fresh News បាន​សរសេរ​រៀប​រាប់​​​​ចំណង​ជើង​ថា​​ «ចៅ​ស្រី​ច្បង​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នឹក​រលឹក​ជីតា​ពេក​ ខំ​ស្កាត់​ពី​ប្រទេស​បារាំង​មក​ជួប​នៅ​ប្រទេស​ហុងគ្រី​»​។

Fresh News’s Report | Archived Link

ករណី​ស្រដៀង​គ្នា​នេះ​ដែរ​ ក៏​ធ្លាប់​បាន​ត្រួត​ពិនិត្យ​ដោយ​ក្រុម​ការ​ងារ Fact Crescendo Cambodia កាល​ពី​ថ្ងៃ​២៨​ ខែ​ឧសភា​ ឆ្នាំ​២០២១​កន្លង​មក​ផង​ដែរ។​ នៅ​ក្នុង​សេច​ក្តី​រាយ​ការណ៍​ដដែល​នេះ​ បានបង្ហាញ​រូប​ថត​រវាង​លោក​ ហ៊ុន​ សែន​ ដែល​កំពុង​​ជួប​ជុំ​ជាមួយ​ចៅ​ស្រី​ច្បង​របស់​លោក​នៅ​ក្នុង​អំឡុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ហុង​គ្រី​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​។​

Fact Crescendo Cambodia’s Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ និង​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ រូប​ថត​មួយ​សន្លឹកនេះ​​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ ​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ថត​​ជាមួយ​នឹង​ចៅ​ស្រី​ច្បង​របស់​លោក​ អំឡុង​ពេល​ដែល​លោក​កំពុង​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ហុង​គ្រីកាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៩​កន្លងមក​នេះ​។​

Avatar

Title:រូប​ថត​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​កាត់​ត​ជាមួយ​​ ធី សុវណ្ណថា​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.