Fact Check: លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មាន​សុខភាព​ល្អ​ធម្មតា មិន​ដូច​ការ​អះ​អាង​ឡើយ

False Political

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ខក​ខាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ជាច្រើន​ថ្ងៃ​មក​ហើយ ដោយសារ​លោក​កំពុង​ជាប់​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​​ជាច្រើន​ថ្ងៃ​កន្លង​មក​​ហើយ ដើម្បី​តាម​ដាន​សុខភាព ក្រោយ​ពី​លោក​បាន​ប្រកាស​ថា បាន​ប៉ះ​ពាល់​ជាមួយ​បុគ្គល​ឆ្លង​កូវីដ-១៩។

ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា មេដឹកនាំ​កម្ពុជា​រូប​នេះ បាន​ទទួល​មរណភាព​ហើយ ហើយ​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ការ​អះអាង​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​អំពី​រូប​ថត​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៅ​ក្នុង​កម្រង​ផ្កា​មួយ​ដែល​ហាក់​ដូច​ជា​បញ្ជាក់​ថា ​រូប​លោក​បាន​ទទួល​មរណភាព​បាត់​ទៅ​ហើយ​។​ ​រូប​ថត​​​នោះ​ ក៏​បាន​សរសេរបន្ថែម​ផង​ដែរ​ថា​ លោក​បាន​ស្លាប់​ហើយ​នៅ​វេលា​ម៉ោង ​៥​ជាង​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​។​​

រូប​ថត​ជាមួយ​សំណេរ​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុកម្នាក់ ដែល​បាន​ចែក​រំលែក​ប៉ុស្តិ៍​នេះ​នៅ​លើ​គ្រុប​នៃ​បណ្ដាញ​សង្គម​​។

Facebook Post | Archived Link

ការ​អះ​អាង​មួយ​នេះ​ ក៏​ត្រូវ​បាន​​រកឃើញ​ផង​ដែរ​នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ​ ដែល​មាន​ការ​ប្រតិកម្ម​ និង​ចែក​រំលែក​តៗ​គ្នាជា​ច្រើ​ន​ម៉ឺន​ដង​។​ នៅ​ក្នុង​វីដេអូ​ឃ្លីប​មួយ​នេះ​ ម្នាក់​ស្រី​នេះ​បាន​និយាយ​​ថា​ លោក​ ហ៊ុន​ សែន​ ពិត​ជា​ស្លាប់​បាត់​ហើយ​កាល​ពី​ម៉ោង​៤​ល្ងាច​ វា​ដូច​ទៅ​នឹង​អ្វី​ដែល​ពួក​តារា​ៗ​បាន​ធ្វើ​បុណ្យ​។​ ម្នាក់​ស្រី​នោះ​ ក៏​បាន​លើក​ឡើង​អំពី​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​លោក​ផង​ដែរ​ ដោយ​បាន​និយាយ​ថា​ លោក​ស្លាប់​ដោយ​សារ​តែ​ការ​ចាក់វ៉ាក់​សាំង​របស់​វៀត​ណាម​។​

រូបភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​បង្ហោះ​វីដេអូ​ឃ្លីប​​ ដោយ​អម​​នឹង​សារ​បង្ហោះ​ថា​​ «​បើ​អ្វី​ជា​ពិត​ខ្មែរ ​និង​អស់​កម្ម​ពៀរ​ហើយ​ ខ្មែរ​អរគុណ​លោក​យម​រាជ​ ដែល​ប្រនេត​ទិព្វ​ ផ្ដល់​យុទ្ធធម៌​ដល់​ពលរដ្ឋ​ខ្មែរ​»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើលសារ​បង្ហោះ​នានា​ នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​​​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋាភិបាល​​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

តាម​រយៈ​សារ​​មួយ​បង្ហោះ​ដោយ​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ បាន​បញ្ជាក់​ថា ​លោក​បាន​ធ្វើ​ចត្តា​ឡី​ស័ក​បាន​ចំនួន ​៧​ថ្ងៃ​រួច​មក​ហើយ​ ដែល​លើក​នេះ​គឺ​ចំ​ពេល​ការ​ប្រកួត​បាត់​ទាត់​ប្រចាំ​ទ្វីប​អឺរ៉ុប។ សារ​បង្ហោះ​នេះ​ ក៏​បាន​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​របស់​លោក​កំពុង​តែ​ហាត់​ប្រាណ​ដោយ​ការ​ធាក់​កង់​ផង​ដែរ។​

រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​បាន​បង្ហាញ​អំពី​សកម្មភាព​ដែល​លោក​កំពុង​តែ​ហាត់​ប្រាណ​ជា​ធម្មតា​។​

Facebook Post | Archived Link

ដំណឹង​មរណភាព​របស់​មេដឹកនាំ​ប្រទេស គួរ​តែ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​ស្ថាប័ន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន និងតាម​មធ្យោបាយ​នៃ​ការ​ផ្សព្វផ្សាយ​​សំខាន់ៗ​ដទៃ​ទៀត។

Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ដែរ​ថា​ លោក​ស្រី​ ហ៊ុន​ ស៊ីណាត​ ដែល​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ នោះ​ក៏​បាន​ធ្វើ​ការ​ឆ្លើយ​តប​ និង​បដិ​សេដ​នូវ​ការ​អះ​អាង​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ផង​ដែរ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​។​ នៅ​ក្នុង​សារ​បង្ហោះ​របស់​ខ្លួន​ អម​ជាមួយ​នឹង​រូប​ថត​ចំនួន​បី​សន្លឹក​ លោក​ស្រី​បាន​បញ្ជាក់​ថា​ បង​ប្រុស​របស់​លោក​ស្រី​កំពុង​តែ​ហាត់​ប្រាណ​ និង​មាន​សុខ​ភាព​​សុខ​សប្បាយ​ជា​ធម្មតា​ទេ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​របស់​ប្អូន​ស្រី​លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ថ្ងៃ​នេះ​បង​ប្អូន​ខ្ញុំ​នៅ​ប្រទេស​បារាំង​ខំ​ទូរស័ព្ទ​មក​ភ័យ​ញ័រ​គាត់​បាន​ឮ​ពពួក​មី​នរក​ថា​បង​ប្រុស​យ៉ាង​ម៉េច​យ៉ាង​ម៉ា​នោះ​ សូម​ជម្រាប​ថា​ក្នុង​ម៉ោង​នេះ​គាត់​កំពុង​ហាត់​ប្រាណ​គាត់​សុខ​សប្បាយ​ជា​ទេ​។ កុំ​ទៅ​ជឿ​ពពួក​មី​ពូកែ​ប្រឌិត​»។​

Facebook Post | Archived Link

ដោយ​ឡែក​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០២១​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​បង្ហាញ​វត្ត​មាន​នៅ​​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​ជាមួយ​នឹង​ថា្នក់​ដឹក​នាំ​គណបក្ស​នយោបាយ​នៃ​បណ្តា​ប្រទេស​អាស៊ាន​-រុស្ស៊ី​។​ កិច្ច​ប្រជុំ​មួយ​នេះ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយករដ្ឋ​មន្ត្រី​ផ្ទាល់​ និង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ដទៃ​ទៀតផង​ដែរ​។​

រូបភាព​ផ្តាម​ចេញ​ពី​ការ​ផ្សាយ​ផ្ទាល់​ ដែល​បាន​បង្ហ្ាញ​វត្តមាន​របស់​លោក​ ហ៊ុន​ សែន​ នៅ​ក្នុង​កិច្ច​ប្រជុំ​សនិ្នសីទ​តុ​មូល​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​នេះ​។ 

Facebook Post | Archived Link

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ បាន​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​ពិសេស​អំពី​កិច្ច​ប្រជុំ​ពិភាក្សា​តុ​មូល​ដែល​មាន​វត្ត​មាន​របស់លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ផង​ដែរ។​

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ និង​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ រូប​ថត​មួយ​សន្លឹក​នោះ​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​រស់​រាន​មាន​ជីវិត​ដូច​ធម្មតានៅ​ឡើយ​ទេ​ ហើយ​លោក​ទើប​តែ​បង្ហាញ​វត្ត​មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​សន្និសីទ​តុ​មូល​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​។​ 

Avatar

Title:លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មាន​សុខភាព​ល្អ​ធម្មតា មិន​ដូច​ការ​អះ​អាង​ឡើយ

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *