ចំនួន​មនុស្ស​ស្លាប់​ក្នុង​អគ្គិភ័យ​លើ​កាស៊ីណូ​នៅ​ប៉ោយប៉ែត​ចន្លោះ​២០ទៅ​៣០​នាក់​នៅ​ត្រឹម​ថ្ងៃ​សុក្រ​នេះ

False Social

មួយ​ថ្ងៃ​ក្រោយ​ហេតុការណ៍​អគ្គិភ័យ​លើកាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​ប្រកាស​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នេះ កើន​ឡើង​ដល់​ជាង ២០០​នាក់​ហើយ​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ទំព័រហ្វេសប៊ុក​មួយ​ បាន​អះ​អាង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត បាន​កើន​ឡើង​ដល់​ជាង ២០០​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ។

ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ផុល​ផុស និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន រួម​ទាំង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​រៀបរាប់​ថា «ឆេះ​កាស៊ីណូ​នៅ​ប៉ោយប៉ែត ស្លាប់​ឈាន​ដល់​២០០​ជាង​នាក់ ២៩/១២/២០២២»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​កាស៊ីណូ​នេះ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​នានា ហើយ​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

អគារ​កាស៊ីណូ Grand Diamond City ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​កាល​ពី​យប់​ថ្ងៃ​ពុធ ហើយ​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ដែល​បណ្ដាល​ឱ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់ និង​រង​របួស។

សារព័ត៌មាន​សំឡេង​សហរដ្ឋ​អាមេរិក (VOA)​ផ្សាយ​ជា​ភាសា​ខ្មែរ បាន​រាយការណ៍​នៅ​យប់​ថ្ងៃ​ម្សិល​មិញ​ថា យ៉ាងហោច​ណាស់​មនុស្ស ១៩​នាក់ បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​អគ្គិភ័យ​លើ​កាស៊ីណូ​មួយ​នេះ ប៉ុន្តែ បញ្ជាក់ថា ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

សារព័ត៌មាន​អង់គ្លេស BBC បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១៩​នាក់ បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ឆាបឆេះ​អគារ​កាស៊ីណូ​មួយ​នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ ដែល​មាន​បុគ្គលិក​បម្រើ ៤០០​នាក់ និង​មាន​ភ្ញៀវ​ជន​ជាតិ​ថៃ​ច្រើន​បាន​ចូល​លេង​កម្សាន្ត។

សារព័ត៌មាន​អន្តរជាតិ​មួយ​នេះ បាន​ចុះ​ផ្សាយ​បែប​នេះ ដោយ​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​ព័ត៌មាន​ខេត្ត​បន្ទាយមានជ័យ លោក សេក សុខុម ដែល​បាន​បញ្ជាក់​ប្រាប់​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ។ សារព័ត៌មាន​ដដែល​នេះ បាន​ក៏​បាន​ផ្សាយ​ផង​ដែរ​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​បន្ត​ស្វែង​រក​ជន​រង​គ្រោះ​ដទៃ​ទៀត​ដែល​ជាប់​នៅ​ក្នុង​អគារ។  សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

BBC | Archived Link

ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់ ១៩​នាក់​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន CBS News របស់​សហរដ្ឋ​អាមេរិក ទូរទស្សន៍ Sky News របស់​អង់គ្លេស និង​កាសែត The Guardian របស់​អង់គ្លេស​ផង​ដែរ កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ(CBS News, Sky News, The Guardian)។

បន្ទាប់​មក​ទៀត ទូរទស្សន៍ CNN របស់​អាមេរិក ដែល​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​រាយការណ៍​ថា ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​លើ​កាស៊ីណូ​នៅ​ព្រំដែន​កម្ពុជា-ថៃ បាន​កើន​ឡើង​ដល់ ២៤​នាក់ ហើយ​មនុស្ស​យ៉ាង​តិច ៧០​នាក់ បាន​រង​របួស។

តួលេខ​ដែល​ចេញ​ផ្សាយ​ដោយ​ទូរទស្សន៍​អាមេរិក​មួយ​នេះ បាន​ផ្អែក​ទៅ​លើ​ការ​ដក​ស្រង់​សម្ដី​មន្ត្រី​ព័ត៌មាន​ខេត្ត​បន្ទាយមានជ័យ លោក សេក សុខុម ដដែល។

CNN | Archived Link

ចំណែក​ឯ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែលផ្សាយ​នៅ​ល្ងាច​នៅ​ថ្ងៃ​សុក្រ​នេះ បាន​រាយការណ៍​ថា ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ភ្លើង​ឆេះ​កាស៊ីណូ​នេះ បាន​កើន​ឡើង​ដល់ ២៧​នាក់ និង​ថា មនុស្ស ២០​នាក់​ទៀត កំពុង​បាត់​ខ្លួន​នៅ​ឡើយ។

​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​មួយ​នេះ បាន​ចុះ​ផ្សាយ​បែប​នេះ​ដោយ​ផ្អែក​ទៅ​តាម​សម្ដី​លោក សេក សុខុម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​អះ​អាង​ថា អគ្គិភ័យ​នេះ​បណ្ដាល​មក​ពី​ផ្ទុះ​ខ្សែ​ភ្លើង។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

សារព័ត៌មាន​ក្នុង​ស្រុក Fresh News បានចេញ​ផ្សាយ​នៅ​ម៉ោង​ខ្ទង់​៦​ល្ងាច​ថ្ងៃ​នេះ​ថា ក្រុម​ជួយ​សង្គ្រោះ​បាន​បិទ​បញ្ចប់​ប្រតិបត្តិការ​រុក​រក​ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​ហើយ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​ធ្វើ​ប្រតិបត្តិការ​អស់​រយៈ​ពេល ៣៩​ម៉ោង។

ដោយ​បាន​ដក​ស្រង់​សម្ដី​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី សារព័ត៌មាន Fresh News បាន​រាយការណ៍​ថា ​មនុស្ស​ស្លាប់​ដោយសារ​អគ្គិភ័យ​នេះ មាន​ចំនួន ២៦​នាក់ និង​របួស ៥៧​នាក់ ដែល​សុទ្ធ​តែ​ជា​ជន​បរទេស​ទាំង​អស់។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

ទោះជាយ៉ាងណា Fact Crescendo Cambodia នឹង​ធ្វើ​បច្ចុប្បន្នភាព​តួលេខ​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​អគ្គិភ័យលើ​កាស៊ីណូ​មួយ​នៅ​ក្រុង​ប៉ោយប៉ែត។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ សារព័ត៌មាន​ក្នុង​ស្រុក និង​សារព័ត៌មាន​អន្តរជាតិ បាន​រាយការណ៍​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត មាន​ចំនួន ២៧​នាក់ និង​របួស ៥៧​នាក់​គិត​ត្រឹម​ល្ងាច​ថ្ងៃ​នេះ។

Avatar

Title:ចំនួន​មនុស្ស​ស្លាប់​ក្នុង​អគ្គិភ័យ​លើ​កាស៊ីណូ​នៅ​ប៉ោយប៉ែត​ចន្លោះ​២០ទៅ​៣០​នាក់​នៅ​ត្រឹម​ថ្ងៃ​សុក្រ​នេះ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *