បន្ទាប់​ល្បី​ព្រះ​នាម​ចាប់​តាំង​ពី​ឆ្នាំ​មុន​មក ព័ត៌មាន​ជាច្រើន​អំពី​ព្រះ​សង្ឃ​ធម្មវនវាសី ចន្ទមុនី ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ថ្មីៗ​នេះ វីដេអូ​ឃ្លីប​​នៃ​ការ​ដង្ហែ​ក្បួន​ដ៏​ធំ​មួយដែល​មាន​វត្តមាន​ព្រះ​សង្ឃ​ជាច្រើន​អង្គ​ផង​នោះ ត្រូវ​បាន​គេ​អះអាង​ថា វា​ជា​ក្បួន​ដង្ហែ​ព្រះ​សង្ឃ​ខ្មែរ​អង្គ​នេះ​នៅ​ពេល​ព្រះ​អង្គ​និមន្ត​ទៅ​ប្រទេស​ថៃ។ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​ ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​នេះ ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​កន្លង​ទៅ​ ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដែល​បាន​បង្ហាញ​មនុស្ស​កកកុញ​ រួម​ទាំង​ព្រះសង្ឃ​ជាច្រើន​អង្គ​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​ ដោយ​ភ្ជាប់​ផង​ដែរ​ នូវ​រូបរបស់​​ព្រះ​ធម្មវនវាសី​ ចន្ទមុនី​។​ ទិដ្ឋភាព​មួយ​នេះ​ ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ អះអាង​ថា​ គឺជា​ទិដ្ឋភាព​ការ​និមន្ត​ទៅ​ដល់​ប្រទេស​ថៃ​របស់​ព្រះសង្ឃ​កម្ពុជា​មួយ​អង្គ​ព្រះនាម​​ ចន្ទមុនី​។​

ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «ទិដ្ឋភាព​ព្រះ​អង្គ​ ចន្ទ​មុនី​និមន្ត​ទៅ​លេង​ថៃ​»។

https://www.facebook.com/reel/425446636506613

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​

វីដេអូ​ឃ្លីប​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​វីដេអូ​ TikTok កាល​ពី​ពេល​ថ្មី​ៗនេះ​ ដោយ​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​ផ្ទាល់​របស់​ព្រះ​ធម្មវនវាសី​ ចន្ទមុនី​ មាន​វត្តមាន​នៅ​ក្នុង​វិនាទី​ណា​មួយ​ឡើយ​។​

ផ្ទុយ​ទៅ​វិញ​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ចូល​រួម​ដង្ហែ​ព្រះ​ឧបគុត្ត​ (ជា​ភាសាអង់គ្លេស​ Upagupta ឬ​ជា​ភាសាថៃ​ พระอุปคุต) ពី​សំណាក់​ពុទ្ធ​សាសនិក​ថៃ​ និង​ឡាវ​យ៉ាង​កុះករ។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ទូ​ទៅ​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​សាសនា​ នៅ​ក្នុង​ខេត្ត​ណាខន​ ផាណុម​ (Nakhon Phanom) ប្រទេស​ថៃ​។​

@pom_yiddo

🙏🏼🙏🏼 สุดยิงใหญ่!! ประมวลภาพพิธีอัญเชิญพระอุปคุตขึ้นจากแม่น้ำโขง ไปยังองค์พระธาตุพนม เนื่องในงานนมัสการพระธาตุพนม ประจำปี ๒๕๖๗ #แห่พระอุปคุต #งานนมัสการพระธาตุพนม

♬ เสียงต้นฉบับ - SoloMoto Trip - SoloMoto Trip

TikTok Post | Archived Link

​ការចូល​រួម​របស់​ពុទ្ធ​សាសនិក​ថៃ​ និង​ឡាវ​យ៉ាង​កុះករ​ នៅ​ក្នុង​ការ​​ប្រារព្ធ​ពិធី​បុណ្យ​សាសនា​ ក្នុង​ខេត្ត​ណាខន​ ផាណុម​ ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​កន្លង​ទៅ ក៏​ត្រូវ​បាន​រាយ​ការណ៌​ និង​ផ្សព្វ​ផ្សាយ​ផង​ដែរ​នៅ​តាម​បណ្ដា​គេហទំព័រ​សារព័ត៌មាន​ និង​ទូរទស្សន៍​របស់​ប្រទេស​ថៃ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​រាយការណ៌​ដោយ​ Thai News Agency នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​កន្លង​ទៅ​ ដោយ​ពុំ​បាន​បញ្ជាក់​ថា​នោះ​ គឺ​ជា​ទិដ្ឋភាព​ ព្រះ​ធម្មវនវាសី​ ចន្ទមុនី​ ​និមន្ត​ទៅ​លេង​ប្រទេស​ថៃនោះ​ឡើយ​។​

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​ពិត​ វីដេអូ​​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការចូល​រួម​របស់​ពុទ្ធ​សាសនិក​យ៉ាង​កុះករ​ ក្នុង​ការ​​ប្រារព្ធ​ពិធី​បុណ្យ​សាសនា​នៅ​ក្នុង​ខេត្ត​ណាខន​ ផាណុម​ (Nakhon Phanom) ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​កន្លង​ទៅ​។​

Avatar

Title:តើ​នេះ​គឺ​ជា​ទិដ្ឋភាព​ព្រះ​សង្ឃ​ ចន្ទមុនី​ ​និមន្ត​ទៅប្រទេស​​​ថៃ​មែន​ដែរ​ឬ​ទេ​?

Fact Check By: Kakada Sim

Result: False