
រូបថត និងវីដេអូទេសភាពធម្មជាតិជាច្រើន ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គម ក្នុងនោះមានទាំងរូបថត និងវីដេអូក្លែងក្លាយផងដែរ។ នៅក្នុងចំណោមនោះ មានរូបថតមួយសន្លឹកបង្ហាញអំពីទិដ្ឋភាពកោះដែលមានទម្រង់រូបរាងជាសត្វដំរីទឹក ត្រូវបានទំព័រហ្វេសប៊ុកមួយបានបង្ហោះ និងចែកចាយនៅលើបណ្តាញសង្គមនានាជាច្រើន។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលទំព័រហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះ គឺជារូបថតកាត់ត។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា Cambodia Life បានបង្ហោះរូបថតមួយសន្លឹក បង្ហាញអំពីទិដ្ឋភាពកោះមួយ មានសណ្ឋាន និងទម្រង់ដូចទៅនឹងសត្វដំរីទឹក។ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកបញ្ចេញប្រតិកម្មចម្រុះ និងចែកចាយជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់នៅលើបណ្តាញសង្គមនាពេលថ្មីៗ។
រូបថតខាងលើនេះ អាចនឹងត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា ជារូបថតពិតប្រាកដ ដោយមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានបញ្ចេញមតិ និងចែករំលែកបន្ត។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Amazing Hippos» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «សត្វហ៊ីប៉ូ (ដំរីទឺក) ដ៏អស្ចារ្យ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាល់លើរូបភាពនេះតាមរយៈការដំណើរការកម្មវិធី ស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតមួយសន្លឹកមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុង ត្រូវបានរកឃើញនៅក្នុងគេហទំព័រ Shutterstock ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រដដែលនេះ ពុំបានបង្ហាញសណ្ឋាន និងរូបរាងដូចជាសត្វដំរីទឹកនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រខាងលើ បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Coron Island in the province of Palawan, Philippines» ឬប្រែសម្រួលជាភាសាខ្មែរថា «កោះកូរ៉ុន នៃខេត្តប៉ាឡាវ៉ាន់ នៃប្រទេសហ្វីលីពីន»។

Shutter Stock Link | Archived Link
ដូចគ្នានេះ គេហទំព័រ Alamy ក៏បានផ្ដល់នូវព័ត៌មានលម្អិតអំពីរូបថតមួយសន្លឹកខាងលើផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រ បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Kayangan lake or blue lagoon, Coron island, Philippines» និងប្រែសម្រួលជាភាសាខ្មែរមានន័យថា «បឹងកៃយ៉ាង៉ាន ឬបឹងខៀវ, កោះកូរ៉ុន, ប្រទេសហ្វីលីពីន»។

Alamy Stock Photo | Archived Link
រូបថតមានទម្រង់ដូចគ្នាមួយសន្លឹកនេះ ក៏ត្រូវបានរកឃើញនៅលើ Can Stock Photo ផងដែរ។ គេហទំព័រដដែល ក៏បានបញ្ជាក់អំពីទីតាំងនៃតំបន់មួយនេះផងដែរជាភាសាអង់គ្លេសថា «View Of Kayangan Lake Lagoon On Coron Island, Busuanga Palawan Philippines» ឬប្រែសម្រួលជាភាសាខ្មែរថា «ទេសភាពនៃបឹងកៃយ៉ាង៉ាន, ប៉ាឡាវ៉ាន់, ប្រទេសហ្វីលីពីន»។

Can Stock Photo | Archived Link

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដូចដែលបានរៀបរាប់ខាងលើត្រូវបានកាត់ត មុននឹងបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ការពិតច្បាប់ដើមនៃរូបថតមួយសន្លឹកនេះ គឺជាទិដ្ឋភាពបឹងកៃយ៉ាង៉ាន (Kayangan Lake) និងមានទីតាំងស្ថិតនៅក្នុងខេត្តប៉ាឡាវ៉ាន់ (Palawan province) ប្រទេសហ្វីលីពីន (Philippines)។ រូបថតនេះពុំបានបង្ហាញសណ្ឋាន និងរូបរាងដូចជាសត្វដំរីទឹកនោះឡើយ។
