​លោក​ ហ៊ុន​ សែន​ និង​ក្រុម​គ្រួសារ​របស់​លោក​ តែង​តែ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យក​មក​ជជែក​ និង​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​​ថ្នាក់​ដឹកនាំនា​នា​នៃ​ប្រទេស​​វៀតណាម​។ ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ទិដ្ឋភាព​លោក​ និង​ភរិយា​ បាន​ឈរ​លើក​ដៃ​សំពះ​អតីត​មេដឹកនាំ​វៀតណាម ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​០៨​ ខែ​មីនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ពីរ​សន្លឹក​ ដែល​ក្នុង​មួយ​សន្លឹក​នោះ​ បាន​បង្ហាញ​​លោក​អតីត​នាយករដ្ឋម​ន្ត្រីកម្ពុជា​ ហ៊ុន​ សែន​ និង​ភរិយា​ បាន​លើក​ដៃ​សំពះ​អតីត​មេដឹកនាំ​វៀតណាម​លោក​ ង្វៀន​ តាន់យុង (Nguyen Tan Dung)។​

រូបថត​ខាង​លើ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន ហើយ​អាច​​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា​ជា​រូបថត​ពិត​ប្រាដក​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បាន​សរសេរ​ថា​ «ជាមួយ​ខ្មែរ​ខ្លាំង​ជាង​ស្ដេច​ ជាមួយ​យួន​រួញ​ទាំង​ប្ដី​ប្រពន្ធ​»។

Facebook Post | Archived Link

ការ​បង្ហោះ​រូប​ថត​មួយ​សន្លឹក​បែប​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ផ្សេង​ទៀត​ផង​ដែរ​ កាល​ពី​ជាង​១០​ឆ្នាំ​មុន​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​លោក​ ហ៊ុន​ សែន​ និង​ភរិយា​ បាន​លើក​ដៃ​សំពះ​អតីត​នាយក​រដ្ឋមន្ត្រី​វៀតណាម​។​

Facebook Post | Archived Link

រូប​ថត​ដូច​គ្នា​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​ផង​ដែរ​ នៅ​លើ​គេហទំព័រ​ Khmerization ដែល​បាន​សរសេរ​ថា​ «ពូ​ហ៊ុនសែន​បណ្ដូល​ចិត្ត​អើយ​»។​

Khmerization Link | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នាមួយ​នេះ ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​ជា​ភាសា​ចិន​ Sohu កាល​ពី​ថ្ងៃ​ទី​២២​ ខែ​តុលា ឆ្នាំ​២០០៨​កន្លង​ទៅ​។​ គេហទំព័រ​ដដែល​នេះ​ បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ និង​បញ្ជាក់​ថានោះ​ គឺ​ជា​ទិដ្ឋភាព​​លោក​នាយករដ្ឋមន្រ្តី​ចិន​ វេន​ ជាប៉ាវ​ បាន​ទទួល​ស្វាគមន៍​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម​ ង្វៀន​ តាន់យុង ដែល​លោក​បាន​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ ដែល​ពុំ​​បាន​បង្ហាញ​ទិដ្ឋភាព​លោក ​ហ៊ុន​ សែន​ និង​ភរិយា​ បាន​លើក​ដៃ​សំពះ​អតីត​មេដឹកនាំ​វៀតណាមដូច​ការ​បង្ហោះ​អះអាង​ខាង​លើ​នោះ​ឡើយ​។​

Sohu News Report | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​​ឃ្លីប​នៃ​ការ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​លោក​ ង្វៀន​ តាន់យុង នាយករដ្ឋមន្រ្តី​វៀតណាម​ ទៅ​កាន់​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ កាល​ពី​ខែ​តុលា​ ឆ្នាំ​២០០៨​កន្លង​ទៅ​។​

YouTube Link | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូប​ថត​ដែល​ត្រូវ​បាន​កាត់​ត​ និង​រូប​ថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ និង​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នេះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ច្បាប់​ដើម​នៃរូប​ថត​នេះ​ គឺ​ជា​ទិដ្ឋភាព​អតីត​នាយក​រដ្ឋមន្រ្តី​វៀតណាម​លោក​ ង្វៀន​ តាន់យុង​ និង​លោក​ វេន​ ជាប៉ាវ​ អតីត​នាយករដ្ឋមន្ត្រី​ចិន​ នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ កាល​ពី​ខែ​តុលា​ ឆ្នាំ​២០០៨​កន្លង​ទៅ​។​

Avatar

Title:រូប​ថត​បង្ហាញ​លោក​ ហ៊ុន​ សែន​ និង​ភរិយា​ លើក​ដៃ​សំពះ​អតីត​មេដឹកនាំ​វៀតណាម​ ជា​រូប​ថត​កាត់​ត​

Written By: Kakada Sim

Result: Altered