
ខណៈមេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បានអំពាវនាវឲ្យអ្នកគាំទ្រខ្លួនទៅជួបជុំនៅឯចម្ការរបស់លោកដែលស្ថិតនៅតំបន់ភ្នំគូលេន ដើម្បីរួចផុតពីគ្រោះមហន្តរាយនោះ រូបថតមួយសន្លឹក បង្ហាញរូបមេបក្សរូបនេះកាលនៅវ័យកុមារ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយ។ រូបថតនេះ ទទួលប្រតិកម្មចម្រុះ និងចែកចាយយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតខាងលើ គឺត្រូវបានកាត់ត។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញកុមារជាច្រើននាក់ ក្នុងនោះមានកុមារម្នាក់ដែលអង្គុយនៅកណ្ដាលគេ ត្រូវបានគេអះអាងថាជា លោក ខឹម វាសនា កាលនៅកុមារភាព។
រូបថតបង្ហោះខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ បានរៀបរាប់ថា «កុមារ២នាក់នេះ ខ្លាំងម្យ៉ាងម្នាក់ទេ ១ខ្លាំងអាវុធ ១ទៀតបង្វិលផែនដី»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញនៅលើគេហទំព័រ iNEWS ដែលផ្សព្វផ្សាយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។ គេហទំព័រដដែលខាងលើ បានបញ្ជាក់ជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «នេះគឺជាទិដ្ឋភាពការថតរូបជាក្រុមនៃក្មេងសាលាមត្តេយ្យមួយនៅទីក្រុង St. Petersburg ដែលក្នុងនោះ រូបទីមួយនៅខាងឆ្វេង គឺជាលោក ពូទីន កាលនៅវ័យកុមារ»។

Fact Crescendo Cambodia ក៏បានរកឃើញរូបថតដើម ដែលបង្ហោះដោយទំព័រហ្វេសប៊ុក Ebook Cambodia ផងដែរ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។ រូបថតមួយសន្លឹកនេះ ពុំបានបង្ហាញសណ្ឋានកុមារម្នាក់អង្គុយនៅកណ្ដាលនោះ គឺជាលោក ខឹម វាសនា នោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក បង្ហាញទិដ្ឋភាពលោក ពូទីន កាលនៅវ័យកុមារ។

ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថារូបថតបង្ហោះខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ ច្បាប់ដើមនៃរូបថតមួយសន្លឹកនេះ គឺជាទិដ្ឋភាពលោក ពូទីន កាលនៅកុមារ រួមជាមួយក្មេងៗដទៃទៀតនៅឯសាលាមត្តេយ្យមួយក្នុងទីក្រុង St. Petersburg។ រូបថតនេះ ពុំបានបង្ហាញទិដ្ឋភាពលោក ខឹម វាសនា កាលនៅវ័យកុមារនោះឡើយ។

Title:រូបថតលោក ខឹម វាសនា ថតរួមគ្នាជាមួយលោក ពូទីន កាលវ័យកុមារ គឺជារូបភាពកាត់ត
Fact Check By: Kakada SimResult: Altered
