Fact-Check: រូបថត​ឯកត្តជន​ឡើង​កំពូល​ភ្នំ​អេវឺរ៉េស​ត្រូវ​បាន​ភ្ជាប់​នឹង​សម្រង់​សម្ដី​គ្មាន​ប្រភព​ច្បាស់​លាស់

ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​នៅ​តំបន់​បិទ​ខ្ទប់​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​នោះ ជំនួយ​ពី​សប្បុរសជន​នានា និង​រដ្ឋាភិបាល ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ពួកគេ។ ទន្ទឹម​គ្នា​នេះ រូបថត​បុរស​សក់​ស​ម្នាក់ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ភ្ជាប់​ជាមួយ​នឹង​សម្រង់​សម្ដី​ដែល​និយាយ​អំពី​ការ​ផ្ដល់​ជំនួយ​របស់​ជប៉ុន​មក​ដល់​ប្រទេស​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​លើ​រូបថត រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​សម្រង់​សម្ដី​​ដែល​នាំ​ឱ្យ​មាន​ការ​ភាន់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២១​នេះ គណនី​ហ្វេសប៊ុក​មួយ​បាន​ចែក​រំលែក​ប៉ុស្តិ៍​របស់​ខ្លួន​នៅ​ក្នុង​​គ្រុប​​មួយ​ដែល​មាន​សមាជិក​អ្នក​ប្រើ​ហ្វេសប៊ុក​ដល់​ទៅ ២២២ ០០០​នាក់។ ប៉ុស្តិ៍​នោះ​ត្រូវ​បាន​បង្ហោះ​តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០ ប៉ុន្តែ ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ។ គណនី​ហ្វេសប៊ុក​ដដែល​នោះ បាន​លើក​ឡើង​ពី​សម្ដី​របស់​ជន​ជាតិ​ជប៉ុន​ម្នាក់ ដែល​គណនី​ហ្វេសប៊ុក​នេះ​​បាន​អះ​អាង​ថា បាន​ផ្ដល់​ជំនួយ​មក​កម្ពុជា។ ​គណនី​ហ្វេសប៊ុក​នេះ​ មិន​បាន​បញ្ជាក់​ទេ​ថា សម្រង់​សម្ដី​នេះ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​បុរស​ជប៉ុន​រូប​ណា​ឱ្យ​ប្រាកដ​នោះ​ទេ ប៉ុន្តែ គណនី​ហ្វេសប៊ុក​នេះ បាន​បង្ហោះ​រូបថត​បុរស​សក់​ស​ម្នាក់​ ដែល​មាន​ពាក់​កម្រង​ផ្កា​ និង​ស្ថិត​ក្នុង​ទឹក​មុខ​ញញឹម។ ការ​បង្ហោះ​រូបថត​បុរស​ម្នាក់​នេះ អាច​នាំ​ឱ្យ​មាន​ការ​សន្និដ្ឋាន​ថា សម្រង់​សម្ដី​ដែល​បង្ហោះ​ដោយ​គណនី​ហ្វេសប៊ុក​នេះ គឺ​ជា​ប្រសាសន៍​របស់​បុរស​ក្នុង​រូបថត​ដែល​ភ្ជាប់​មក​ជាមួយ។ សំណេរ​ជាមួយ​រូបថត​បុរស​រូប​នោះ ត្រូវ​បាន​ចែក​រំលែក​រាប់​រយ​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​យ៉ាងច្រើន​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ រៀបរាប់​បែប​នេះថា «សម្ដី​របស់​ជន​ជាតិ​ជប៉ុន​ម្នាក់​ដែល​បាន​ផ្ដល់​ជំនួយ​មក​កម្ពុជា»។ គណនី​ហ្វេសប៊ុក​រៀបរាប់​បន្ត​ថា​ «ពួក​យើង​ផ្ដល់​ជំនួយ​ដល់​ប្រទេស​របស់​អ្នក គឺ​មិន​ដែល​សម្លឹង​ប្រយោជន៍​ណា​មួយ​ពី​ប្រទេស​របស់​អ្នក​ទេ ព្រោះ​ពួក​យើង​ស្គាល់​រស់​ជាតិ​នៃ​ការ​លំបាក​វេទនា ដោយសារ​ប្រទេស​របស់​ពួក​យើង​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​នុយក្លេអ៊ែរ​ស្លាប់​រាប់​ម៉ឺន របួស​រាប់​ម៉ឺន ហើយ​ស្ថានភាព​ភូមិសាស្ត្រ​មិន​អំណោយ​ផល​ដូច​ប្រទេស​អ្នក​ទេ»។ […]

Continue Reading