Fact Check: រថយន្ត​ទំនើប​​ Rolls-Royce លិច​ក្នុង​ទឹក​ជំនន់​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ផ្នែក​ខ្លះ​នៃ​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​លិច​លង់​នៅ​ក្រោម​ទឹក​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ជោគ​ជាំ ហើយ​រូបភាព​នៃ​ទឹក​ជន់​លិច​នោះ ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​ព្រោង​ព្រាត​ផង​ដែរ​នៅ​លើ​បណ្ដាញ​សង្គម។ ដោយ​នៅ​ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​​បង្ហាញ​អំពី​សកម្មភាព​មនុស្ស​មួយ​ក្រុម​កំពុង​​រុញ​ច្រាន​រថយន្ត​ទំនើប​​ Rolls-Royce ដែល​លិច​ក្នុង​ទឹក​ជំនន់​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ម្នាក់​បាន​ភ្ជាប់​ថា​ នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​អភិវឌ្ឍន៍​​របស់រាជ​​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​។​  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​បង្ហាញ​អំពី​ទិដ្ឋភាព​រថយន្ត​ទំនើប Rolls-Royce ពណ៌​ខ្មៅ​ ចំនួន​មួយ​គ្រឿង​ ជន់លិច​នៅ​ក្នុង​ទឹក​ជំនន់​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​ ត្រូវ​បាន​រុញ​ដោយ​មនុស្ស​មួយ​ក្រុម​។​ រូប​ថត​ដដែល​នេះ​ ក៏​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ហ្នឹង​ហើយ​គឺ​ជា​ប្រទេស​ដែល​អភិវឌ្ឍន៍ ជយោ​សម្តេច​តេជោ​ (សំដៅ​ទៅ​ដល់​ប្រទេស​កម្ពុជា​ ក្រោម​ការ​គ្រប់​គ្រង​ដោយ​​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​)។​  រូប​ថត​នេះ​ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ និង​បញ្ចេញ​មតិ​ចម្រុះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ថ្មី​ៗ​នេះ​។​  រូបភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុកអ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ពេល​នៅ​លើ​គោក​ គេ​ហៅ​ថា​ រ៉ុល រ៉យ (Rolls-Royce) ពេល​នៅ​ក្នុង​ទឹក​ គេ​ហៅ​ថា​ រ៉យ​ រុញ​ (Royce Push) អា​នាង​រុញ​ប្រទេស​ដែល​អភិវឌ្ឍន៍​​គឺ​អ៊ីចឹង​​ជយោ​សម្ដេច​តេជោ​»​។​ […]

Continue Reading