Fact Check: ពុំ​មាន​ការ​ចាប់​ខ្លួន​អ្នក​វិភាគ​នយោបាយ​ លោក​ សេង​ សារី​ នោះ​ឡើយ​

Altered Political

កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ តុលាការ​កម្ពុជា​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​អ្នក​វិភាគ​នយោបាយ​ម្នាក់​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ លោក​ សេង​ សារី​។ ការ​ចេញ​ដីកា​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​​ បាន​ប្រកាស​ជា​សាធារណៈ​នៅ​​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ឲ្យ​កុមារ​អាយុ​ពី​៦ឆ្នាំ​ ទៅ​១២​ឆ្នាំ​ នៅ​ឯ​វិមាន​សន្តិភាព​ នា​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា​ ​ឆ្នាំ​២០២១​កន្លង​ទៅ​។

ទន្ទឹម​នឹង​នេះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​ប៉ូលីស​បាន​ចាប់​ចង​លោក​ សេង​ សារី​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ ដោយ​អម​ជាមួយ​នឹង​ការ​អះ​អាង​ថា​ការ​ចាប់​ខ្លួន​អ្នក​វិភាគ​រូប​នេះ​ បាន​ធ្វើ​ឲ្យ​ផ្អើល​ដល់​ប្រទេស​ថៃ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី២០​ ខែ​កញ្ញា​ ឆ្នាំ​​២០២១​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ ​ធាតុ​ពិត​នៅ​កម្ពុជា​,THIS IS CAMBODIA បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ក្រុម​ប៉ូលីស​បាន​ចាប់​ចង​លោក​បណ្ឌិត​ សេង​ សារី​ ដែល​ជា​អ្នក​វិភាគ​នយោបាយ​មួយ​រូប​។​ រូប​ថត​ និង​ការ​អះ​អាង​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​​កាល​ពី​ថ្មី​ៗ​នេះ​។​ 

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ស្រុក​ខ្មែរ​សម័យ​តេចោរ​[តេជោ​]ឯក​បក្ស​នេះ​ ច្បាប់​នៅ​លើ​មាត់​យួន​ និង​ហ៊ុន​សែន​ប៉ុណ្ណោះ​ ច្បាប់​ទាំង​អស់​មិន​ច្បាស់​លាស់​ ជា​ហេតុ​នាំ​អោយ[ឲ្យ​]​ អ្នក​មាន​អំណាច​ អ្នក​មាន​លុយ​ និង​អ្នក​អនុវត្ត​ច្បាប់​ មាន​លេស​ធ្វើ​បាប​ប្រជាជន​ស្លូត​ត្រង់​ ក្រី​ក្រ​ ទន់​ខ្សោយ​រហូត​បែប​នេះ​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូប​ថត​មួយ​សន្លឹក​​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូប​ថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​ដែល​បង្ហាញ​អំពី​ការ​ចាប់​ខ្លួន​មួយ​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​គេហ​ទំព័រ​ Alamy ដែល​ជា​គេហទំព័រ​​សោត​ទស្សន៍​ដ៏​ធំ​មួយ។ គេហទំព័រ​ដដែល​នេះ​ បាន​បញ្ជាក់​បន្ថែម​​ជា​ភាសា​អង់​គ្លេស​ថា​ «Thai policemen escort American drug suspect Joseph Hunter, 48, as he arrives at Don Mueang International Airport in Bangkok September 27, 2013»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ប៉ូលិស​ថៃ​នាំ​ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ ជន​ជាតិ​អាមេរិក​ម្នាក់​ដែល​មាន​ឈ្មោះ​ ចូសែ៊ប​ ហាន់ធើ​ (Joseph Hunter) អាយុ​ ៤៨​ឆ្នាំ​ ខណៈ​គាត់​មក​ដល់​ អាកាសយាន​ដ្ឋាន​អន្តរជាតិ​ដន​មឿង​ ក្នុង​ទីក្រុង​បាង​កក​ កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​»។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​​សោត​ទស្សន៍ ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ការ​នាំ​ខ្លួន​របស់​ក្រុម​ប៉ូលីស​នៅ​ក្នុង​ប្រទេស​ថៃ​។​

Alamy Stock Photo | Archived Link

តាម​រយៈ​គេហ​ទំព័រ​សារ​ព័ត៌មាន​របស់​ប្រទេស​ចិន​ China Daily ដែល​បាន​ចុះ​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៣​ ក៏​បាន​បង្ហាញ​អំពី​រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ដូច​គ្នា​ផង​ដែរ​។​ រូប​ថត​មួយ​នេះ​ ពុំ​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​រូប​លោក​បណ្ឌិត​ សេង​ សារី​ ត្រូវ​បាន​គេ​ចាប់​ខ្លួន​នោះ​ទេ​។​ ការ​ពិត​រូប​ថត​នេះ​ គឺ​ជា​រូប​របស់​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ជន​ជាតិ​អាមេរិក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​សារ​ព័ត៌មាន​ China Daily ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់​គ្លេស​យ៉ាង​ដូច្នេះ​ថា​ «Drug trafficking gang arrested in Thailand»​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​ថៃ​»។​

China Daily News Report | Archived Link

កាល​ពី​ថ្ងៃ​ទី​២០​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​បង្ហោះ​សារ​មួយ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ ដោយ​​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​តុលាការ​បញ្ឈប់​ដីកា​ចាប់​ខ្លួន​លោក​បណ្ឌិត សេង​ សារី​។​

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​បាន​សរសេរ​រៀប​រាប់​​ថា​ «ក្រោយ​ពី​បាន​ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ការ​សម្ភាសន៍​របស់​លោក​ បណ្ឌិត​ សេង​ សារី​ ជាមួយ​កាសែត​ The Cambodia Daily នៅ​ថ្ងៃ​ទី​១៨ កញ្ញា​ ២០២១​ បក​ស្រាយ​ពន្យល់​អំពី​គោល​បំណង​នៃ​ការ​វិភាគ​អំពី​សេនារីយោ​ ៦ចំណុច​ កាល​ពី​ថ្ងៃ​ទី​២១​ កក្កដា​ ២០២១​ ថា​ «ជា​ការ​វិភាគ​បែប​សេនារីយោ​» ហើយ​ដែល​ការ​បក​ស្រាយ​នេះ​មាន​លក្ខណៈ​សម​ហេតុ​ផល​ និង​អាច​ទទួល​យក​បាន​ក្នុង​នាម​ប្រមុខ​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ខ្ញុំ​សូម​អំពាវនាវ​អោយ​[ឲ្យ] ស្ថាប័ន​តុលាការ​ពិនិត្យ​ ពិចារណា​ក្នុង​ការ​បញ្ឈប់​ដីកា​ចាប់​ខ្លួន​លោក​បណ្ឌិត​ សេង​ សារី​»។​

Facebook Post | Archived Link 

វិទ្យុ​​អាស៊ី​សេរី​ ក៏​បាន​ធ្វើ​ការ​សម្ភាសន៍​ជាមួយ​នឹង​លោក​បណ្ឌិត​ សេង​ សារី​ ដែល​ជា​អ្នក​វិភាគ​នយោបាយ​ និង​សង្គម​ផង​ដែរ​ កាល​ពី​ថ្ងៃ​២១​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ថ្មី​ៗ​នេះ​។​

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​របស់​ RFA Khmer ដែល​បាន​បង្ហាញ​រូប​លោក​បណ្ឌិត​ សេង​ សារី​ ផ្ទាល់​ផង​ដែរ​។​

RFA Khmer News | Archived Link

នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ដដែល​នេះ​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ក៏​បាន​សម្រេច​ចេញ​ដីកា​បញ្ឈប់​ឲ្យ​ចាប់​ខ្លួន​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ សេង​ សារី​ ដែល​មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ការ​អំពាវ​នាវ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​។​ ការ​សម្រេច​នេះ​ ត្រូវ​បាន​ចុះ​ផ្សព្វ​ផ្សាយ​ផង​ដែរ​ នៅ​ក្នុង​គេហទំព័រ​សារ​ព័ត៌មាន​ VOD

រូប​ភាព​ផ្តាម​ចេញ​ពី​សេចក្តី​រាយ​ការណ៍​អំពី​ការ​បញ្ឈប់​ឲ្យ​ចាប់​ខ្លួន​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ សេង​ សារី។​

VOD News Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ រូប​ថត​មួយ​សន្លឹកនេះ​​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​​ច្បាប់​ដើម​នៃ​រូប​ថត​នេះ គឺ​ជា​ក្រុម​ប៉ូលិស​ថៃ​នាំ​ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ ជន​ជាតិ​អាមេរិក​ម្នាក់​ដែល​មាន​ឈ្មោះ​ ចូសែ៊ប​ ហាន់ធើ​ (Joseph Hunter) នា​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ដន​មឿង​ ក្នុង​ទីក្រុង​បាង​កក កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា​ ឆ្នាំ​២០១៣​កន្លង​មក​នេះ​។​ ចំណែក​ឯ​លោក​បណ្ឌិត​ សេង​ សារី​ ក៏​មិន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ដូច​ការ​អះ​អាង​នោះ​ដែរ​។​

Avatar

Title:ពុំ​មាន​ការ​ចាប់​ខ្លួន​អ្នក​វិភាគ​នយោបាយ​ លោក​ សេង​ សារី​ នោះ​ឡើយ​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.