
បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹកនោះ រូបថតជាច្រើនសន្លឹកបង្ហាញទិដ្ឋភាពក្បួនរថយន្តយោធានៅតាមដងផ្លូវបានរីករាលដាល និងចែកចាយដោយអ្នកប្រើប្រាស់ ដោយបានអះអាងថា នោះគឺជាទិដ្ឋភាពនៃការដាក់ពង្រាយនៅក្នុងទីក្រុងសេអ៊ូលនាពេលថ្មីៗនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញ ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានចែករំលែករូបថតក្បួនយោធានៃតាមដងផ្លូវ ដោយភ្ជាប់ទិដ្ឋភាពទាំងនោះ ទៅនឹងព្រឹត្តិការណ៍ភ្លាមៗ ក្រោយពីមានការប្រកាសច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។
ការលើកឡើងបែបនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាម ដែលទទួលបានការចាប់អារម្មណ៍ជាច្រើន ដោយភ្ជាប់ជាមួយនឹងការសរសេរថា «ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសនៅកូរ៉េខាងត្បូង។ រថពាសដែកត្រូវបានប្រទះឃើញនៅកណ្ដាលទីក្រុង»។
ការបង្ហោះមួយទៀតពីអ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរម្នាក់ ក៏បានចែករំលែករូបភាពដូចគ្នា ជាមួយនឹងការអះអាង ដោយលើកឡើងថា នោះគឺជាទិដ្ឋភាពនៃការពង្រាយរថក្រោះ និងឧទ្ធម្ភាគចក្រយោធារបស់ប្រទេសកូរ៉េខាងត្បូង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ។
រូបថតភ្ជាប់ទៅនឹងការអះអាងខាងលើ ក៏ត្រូវបានសង្កេតឃើញ និងចែករំលែកដោយអ្នកប្រើប្រាស់បណ្ដាញសង្គម X ផងដែរកាលពីពេលថ្មីៗនេះ។ សម្រាប់ព័ត៌មានបន្ថែម និងជាក់លាក់ទាក់ទងទៅនឹងការបង្ហោះនេះ លោកអ្នកអាចស្វែងរកព័ត៌មានលម្អិតខាងក្រោម។
រូបថតដូចគ្នាខាងលើនេះ ក៏ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រមួយឈ្មោះ ABDI Media ផងដែរ ដោយបានអះអាងថា នោះគឺជាទិដ្ឋភាពនៃការប៉ះទង្កិចគ្នា កើតឡើងនៅជិតសភាកូរ៉េខាងត្បូង នាដើមខែធ្នូថ្មីៗនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបង្ហាញទិដ្ឋភាពរថក្រោះជាច្រើនគ្រឿង បានចល័តនៅក្នុងទីក្រុងសេអ៊ូល ក្រោយពីប្រធានាធិបតីបានប្រកាសច្បាប់អាជ្ញាសឹក។
ABDI Media Link | Archived Link
ដោយសារតែមានការចែកចាយបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ ក្រុមការងាររបស់ Fact Crescendo ចាំបាច់ត្រូវផ្ទៀងផ្ទាត់ និងធ្វើការពិនិត្យអំពីការអះអាងខាងលើនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបភាពទាំងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
តាមរយៈ Google Reverse Image Search យើងបានរកឃើញប្រភពនៃរូបថត ដែលបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន Seoul កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដោយបានភ្ជាប់ទិដ្ឋភាពនោះជា «កងពលតូចឆ្មាំទី១ នៃបញ្ជាការដ្ឋាន បានធ្វើលំហាតហ្វឹកហ្វឺនចល័តដោយប្រើរថពាសដែក K808 (Baekho) នៅកណ្ដាលទីក្រុងសេអ៊ូល នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤»។
សេចក្ដីរាយការណ៍ខាងលើ ក៏បានបញ្ជាក់ផងដែរថា រូបថតនេះ ត្រូវបានថតអំឡុងពេលសមយុទ្ធហ្វឹកហ្វឺនយោធាជាប្រចាំរបស់កូរ៉េខាងត្បូង មិនមែនជាការដាក់ពង្រាយ ឬការឆ្លើយតបទៅនឹងភាពចលាចលនយោបាយ ដូចដែលអ្នកប្រើប្រាស់មួយចំនួនបានលើកឡើងនៅបណ្ដាញសង្គមនោះទេ។
សម្រាប់ព័ត៌មានបន្ថែម និងជាក់លាក់ទាក់ទងនឹងអត្ថបទនេះ លោកអ្នកអាចស្វែករកព័ត៌មានលម្អិតខាងក្រោម។
Seoul News Report | Archived Link
ដូចគ្នានេះ តាមរយៈគេហទំព័រសារព័ត៌មានកូរ៉េ ចុះផ្សាយកាលពីចុងខែមករា ឆ្នាំ២០២៤កន្លងទៅ ក៏បានបង្ហាញទិដ្ឋភាពដូចគ្នានៃក្បួនយោធានៅតាមដងផ្លូវផងដែរ។ គេហទំព័រនេះ បានបញ្ជាក់ រូបថតនោះ គឺជាផ្នែកមួយនៃការដង្ហែក្បួនយោធា នៃការហាត់សមធ្វើសមយុទ្ធហ្វឹកហ្វឺន ដែលបានឆ្លងកាត់ស្ពានទន្លេ Han នៅក្នុងទីក្រុងសេអ៊ូលនាព្រឹកព្រលឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រសារព័ត៌មានខាងលើ ដែលមិនបានទាក់ទងស្ថានភាពនយោបាយបច្ចុប្បន្ននៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ។
Maeil Business Newspaper | Archived Link
ក្រុមការងារ Fact Crescendo ក៏បានរកឃើញសេចក្តីរាយការណ៍ជាវីដេអូមួយដោយបង្ហោះនៅលើបណ្ដាញគេហទំព័រវីដេអូ YouTube ដែលបង្ហាញទិដ្ឋភាពដូចគ្នាទៅនឹងការអះអាងខាងលើ។ នៅក្នុងសេចក្តីរាយការណ៍ដដែលនេះ បានបង្ហោះឡើងកាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ ដោយមិនបានទាក់ទងទៅនឹងការប្រកាសច្បាប់អាជ្ញាសឹកនាពេលថ្មីៗនោះឡើយ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបរាយការណ៍ទាំងស្រុង ដែលបញ្ជាក់ថានោះ គឺជាទិដ្ឋភាពនៃការហាត់សមធ្វើសមយុទ្ធហ្វឹកហ្វឺននៅក្នុងទីក្រុងសេអ៊ូល។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook | Twitter | Telegram | Google News | TikTok | WhatsApp
សន្និដ្ឋាន
Fact Crescendo រកឃើញ ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតនេះ គឺជាទិដ្ឋភាពនៃការហាត់សមធ្វើសមយុទ្ធហ្វឹកហ្វឺននៅក្នុងទីក្រុងសេអ៊ូលកាលពីខែមករា ឆ្នាំ២០២៤កន្លងទៅ ដោយមិនបានទាក់ទងទៅនឹងការប្រកាសច្បាប់អាជ្ញាសឹកនាពេលថ្មីៗនោះឡើយ។

Title:រូបថតចាស់នៃក្បួនយោធាក្នុងទីក្រុងសេអ៊ូល បានចែកចាយជាថ្មី បន្ទាប់ពីការប្រកាសច្បាប់អាជ្ញាសឹក
Fact Check By: Kakada SimResult: Misleading
