Fact-Check: រូបថត​​បង្ហាញ​ស្ត្រី​​ប្រាំ​នាក់​ស្លៀក​សំពត់​​គឺ​ជា​គរុ​និស្សិត​​ម៉ាឡេស៊ី​នៅ​ទសវត្សរ៍​១៩៦០

False International

រូបថត​ចាស់ៗ​ជាច្រើន ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ ហើយ​រូបថត​ខ្លះ​បង្ហាញ​ទិដ្ឋភាព​សង្គម​កម្ពុជា​កាល​ពី ៥០​ឆ្នាំ​មុន ឬ​នៅ​មុន​សម័យ​សង្គ្រាម​ចន្លោះ​១៩៧០ ដល់​ឆ្នាំ​១៩៩០​ជាដើម។ ក្នុង​ចំណោម​រូបថត​ចាស់ៗ​ទាំង​នោះ រូបថត​មួយ​សន្លឹក​បង្ហាញ​នារី​៥​នាក់ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​អ្នក​បង្ហោះ​រូបថត​នេះ បាន​អះអាង​ថា រូបថត​នេះ គឺ​ជា​ស្ត្រី​ខ្មែរ​ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​នា​ទសវត្សរ៍​១៩៦០។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការពិត បង្ហាញ​ថា ការ​អះអាង​អំពី​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​ស្ត្រី ៥​នាក់​ដែល​ស្លៀក​ពាក់​សំពត់ និង​កាន់​កាបូប និង​វ៉ាលីស​ផង​ដែរ។ អ្នក​ប្រើ​ហ្វេសប៊ុក​ដដែល​នេះ បាន​អះអាង​ថា ស្ត្រី​ទាំង​៥​នាក់​នោះ គឺ​ជា​ស្ត្រី​ខ្មែរ​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជំនាន់​ទសវត្សរ៍​១៩៦០។

រូបថត​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ទៅ​រាប់​ពាន់​ដង និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​ជាមួយ​នឹង​សំណេរ​ថា «ស្ត្រី​ខ្មែរ​ឆ្នាំ​១៩៦០ ស្អាត​ហើយ​សុភាព​ទៀត​ហ៊ាន​ស៊ែរ​ទេ​និង​បង​ប្អូន​ស្រីៗ
❤️💞😊 »។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ការ​ពិត និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​បាន​នាំ​ទៅ​ដល់​ប្រភព​រូបថត និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​មួយ​សន្លឹក​នេះ។

រូបថត​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ចុះ​ផ្សាយ​ជាមួយ​អត្ថបទ​ព័ត៌មាន​របស់​សារព័ត៌មាន Gem Pak របស់​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា ឆ្នាំ​២០២០​កន្លង​មក។

​សារព័ត៌មាន​នេះ បាន​និយាយ​ថា រូបថត​មួយ​សន្លឹក​នេះ បាន​ល្បីល្បាញ​នៅ​លើ​បណ្ដាញ​សង្គម​ បន្ទាប់​ពី​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញសង្គម​កាល​ពី​ឆ្នាំ​មុន។

សារព័ត៌មាន​នេះ​ក៏​បាន​សម្ភាស​អ្នកស្រី Zainoriah ​Abdul Rahim អាយុ ៧៩​ឆ្នាំ ជា​នារី​ម្នាក់​កាន់​វ៉ាលី​​នៅ​ក្នុង​ចំណោម​នារី ៤​នាក់​​​ទៀត​នៅ​ក្នុង​រូបថត​មួយ​សន្លឹក​នេះកាល​ពី ៦០​ឆ្នាំ​មុន។

អ្នកស្រី Zainoriah Abdul Rahim បាន​រំលឹក​ឡើង​វិញ​ថា​ អ្នក​ស្រី​កាល​នោះ​មាន​វ័យ ១៩​ឆ្នាំ បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ម៉ាឡេ​ម៉ាឡាកា​ជាមួយ​នារី​អាយុ​ស្របាល​គ្នា​ដទៃ​ទៀត។

អ្នកស្រី​បាន​ឱ្យ​ដឹង​ទៀត​ថា រូបថត​នេះ​ត្រូវ​បាន​ថត​ដោយ​អ្នកថត​រូប​​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ នៅ​ពេល​អ្នកស្រី និង​នារីៗ​ជា​មិត្ត​ភក្តិ​ដទៃ​ទៀត បាន​ឈរ​រង់ចាំ​រថយន្ត​ក្រុង​នៅ​ឯ​ទីក្រុង​គួឡាឡំពួរ​ សម្រាប់​ការ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ Hajj ទៅ​តាម​ប្រពៃណី​មូស្លីម។ អ្នក​ស្រី​បញ្ជាក់​ថា រូបថត​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​ទំព័រ​កាសែត​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់។

អ្នកស្រី Zainoriah Abdul Rahim បាន​​ដឹង​ទៀត​ថា យុវតី​ទសវត្សរ៍​១៩៦០ ស្លៀក​សំពត់​កេបាយ៉ា (Kebaya) ទៅ​សាលា​រៀន ដោយ​មិន​មាន​បញ្ហា​អ្វី​នោះ​ឡើយ។

Gem Pak’s report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​បាន​បង្ហាញ​ទិដ្ឋភាព​ណា​មួយ​នៃ​ស្ត្រី​ខ្មែរ​នៅ​ក្នុង​ទសវត្សរ៍១៩៦០​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ក្រុម​យុវតី​ម៉ាឡេស៊ី​​ដែល​ជា​និស្សិត​​នៅ​មហាវិទ្យាល័យ​​មួយ​បណ្ដុះ​បណ្ដាល​ផ្នែក​គរុ​កោសល្យ ឈរ​រង់ចាំ​រថយន្ត​ក្រុង​នៅ​ទីក្រុង​គួឡាឡំពួរ​កាល​ពី ៦០​ឆ្នាំ​មុន នៅ​ពេល​ឈប់​សម្រាក​។

Avatar

Title:រូបថត​​បង្ហាញ​ស្ត្រី​​ប្រាំ​នាក់​ស្លៀក​សំពត់​​គឺ​ជា​គរុ​និស្សិត​​ម៉ាឡេស៊ី​នៅ​ទសវត្សរ៍​១៩៦០

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.