
ខណៈដែលកម្ពុជាធ្វើដំណើរឆ្ពោះទៅការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានាពេលខាងមុខនេះ ការអះអាងមួយនៅលើបណ្ដាញសង្គម បានអះអាងថា លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិដែលទើបបង្កើតថ្មីៗ បាននាំស្រីស្នេហ៍ចូលផ្ទះមួយកន្លែង។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងនៅលើបណ្ដាញសង្គម និងនាំឱ្យមានការចោទសួរពីការពិតនៃវីដេអូនេះ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយដែលកំពុងផុសផុលនៅលើបណ្ដាញសង្គម បានលើកឡើ់ងថា មេដឹកនាំគណបក្សប្រឆាំង លោក រ៉ុង ឈុន មានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ ដោយបាននាំស្ត្រីរូបនោះចូលទៅក្នុងផ្ទះ។
ការអះអាងនេះ បានបង្ហោះវីដេអូឃ្លីបមានរយៈពេល ៣៦វិនាទី ដែលបង្ហាញលោក រ៉ុង ឈុន អនុប្រធានគណបក្សកម្លាំងជាតិ ចាក់សោរទ្វារចូលទៅក្នុងផ្ទះល្វែងមួយកន្លែងជាមួយនឹងនារីម្នាក់ពាក់អាវពណ៌លឿង និងស្លៀកសំពត់ពណ៌ផ្ទៃមេឃ។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងនៃវីដេអូនោះដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុក«ព័ត៌មានបែកធ្លាយ»កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ជាមួយសំណេររៀបរាប់ថា «បែកធ្លាយសកម្មភាពលោក រ៉ុង ឈុន ជាមួយស្រីស្នេហ៍…! តាំងពីមានអូន បងក្លាយទៅជាមនុស្សមិនក្លាហានដូចមុន»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈកិច្ចសម្ភាសជាមួយប្រភពពាក់ព័ន្ធ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ឆ្លើយតបនឹង Fact Crescendo Cambodia លោក រ៉ុង ឈុន ដែលមានតួនាទីជាទីប្រឹក្សាគណបក្សកម្លាំងជាតិផង និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះ បានច្រានចោលនូវការអះអាងខាងលើ ដោយចាត់ទុកជាព័ត៌មានក្លែងក្លាយ។
លោក រ៉ុង ឈុន ដែលធ្លាប់ត្រូវបានគេចាត់ទុកជាអ្នករិះគន់ឈានមុខមួយទៅនឹងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ បានអះអាងថា លោកជាបុគ្គលដែលមិនពាក់ព័ន្ធនឹងរឿងគ្មានសីលធម៌បែបនេះឡើយ។
មេដឹកនាំជាន់ខ្ពស់គណបក្សកម្លាំងជាតិដែលទើបបង្កើតឡើងថ្មីបំបែកចេញពីគណបក្សភ្លើងទៀននោះ បានបញ្ជាក់ថា ស្ត្រីនៅក្នុងវីដេអូនោះ បានជួបលោកដើម្បីពិគ្រោះយោបល់ផ្នែកផ្លូវច្បាប់ជាមួយរូបលោកនៅឯទីស្នាក់ការរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
ទោះជាយ៉ាងណា លោក រ៉ុង ឈុន បានបដិសេធផ្ដល់ព័ត៌មានលម្អិតអំពីស្ត្រីរូបនោះ ដោយលោកថា មិនចង់បកស្រាយអ្វីវែងឆ្ងាយនោះឡើយ ព្រោះតែព័ត៌មានក្លែងក្លាយត្រូវបានបង្កើតឡើងយ៉ាងច្រើននៅកម្ពុជា។
សូមស្ដាប់ការបកស្រាយរបស់លោក រ៉ុង ឈុន មកកាន់ Fact Crescendo Cambodia តាមរយៈតេឡេក្រាមកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។
សេចក្ដីរាយការណ៍(archived)របស់វិទ្យុអាស៊ីសេរីកាលពីឆ្នាំ២០២០កន្លងមក បានឱ្យដឹងថា ក្នុង ៥៤ឆ្នាំ លោក រ៉ុង ឈុន ត្រូវបានគេដឹងថា មិនទាន់រៀបការបង្កើតគ្រួសារនៅឡើយទេ ហើយនៅក្នុងកិច្ចសម្ភាសមួយជាមួយកាសែតភ្នំពេញ ប៉ុស្តិ៍ កាលពីឆ្នាំ២០១៧ លោកធ្លាប់ប្ដេជ្ញាថានឹងរៀបការប្រពន្ធនៅពេលប្រទេសកម្ពុជាទទួលបានសន្តិភាពទាំងផ្លូវការផ្លូវចិត្ត។
ថ្មីៗនេះ លោក រ៉ុង ឈុន បានចូលរួមជាមួយថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិ ដែលជាគណបក្សនយោបាយទើបតែបង្កើតឡើងថ្មីៗ បន្ទាប់ពីគណបក្សភ្លើងទៀន ដែលជាបក្សប្រឆាំងដ៏ធំ មិនត្រូវបានអនុញ្ញាតឱ្យចូលរួមនៅក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដាកន្លងមកនេះ។
អនុប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី បានអះអាងថា លោកបានស្គាល់លោក រ៉ុង ឈុន តាំងពីដើមទសវត្សរ៍១៩៩០ ហើយថា លោក រ៉ុង ឈុន ជាបុគ្គលបរិសុទ្ធមិនពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាលាក់កំបាំងអ្វីឡើយ។
សូមស្ដាប់ការបកស្រាយរបស់លោក ជា មុនី នៅក្នុងកិច្ចសម្ភាសមួយជាមួយ Fact Crescendo Cambodia កាលពីថ្ងៃម្សិលមិញតាមបណ្ដាញសង្គមតេឡេក្រាម។
លោក រ៉ុង ឈុន គឺជាស្ថាបនិកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ជាអង្គការមិនមែនរដ្ឋាភិបាលដែលសកម្មក្នុងការទាមទារឱ្យដំឡើងប្រាក់ខែគ្រូបង្រៀន។ លោកបានកាន់តំណែងជាប្រធានសមាគមនេះតាំងពីឆ្នាំ២០០០ រហូតដល់លោកចាកចេញពីតំណែងនេះ បន្ទាប់ពីលោកត្រូវបានជ្រើសរើសដោយអតីតគណបក្សសង្គ្រោះជាតិជាបេក្ខជនមួយរូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនាពេលបច្ចុប្បន្ន អ្នកស្រី អ៊ុក ឆាយ៉ាវី ក៏បានអះអាងផងដែរថា លោក រ៉ុង ឈុន គឺជាបុគ្គលស្អាតស្អំ និងមិនប្រឡូកប្រលាក់ជាមួយរឿងរ៉ាវស្នេហាអាថ៌កំបាំងនោះឡើយ។
នៅពេលត្រូវបានសាកសួរអំពីស្ត្រីនៅក្នុងវីដេអូដែលត្រូវបានគេបង្ហោះលើបណ្ដាញសង្គមនោះ អ្នកស្រី អ៊ុក ឆាយ៉ាវី បញ្ជាក់ថា ស្ត្រីម្នាក់នោះបានទៅជួបលោក រ៉ុង ឈុន ដើម្បីពិគ្រោះយោបល់ផ្លូវច្បាប់។
ទោះជាយ៉ាងណា អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់ថា អ្នកស្រីពុំស្គាល់ឈ្មោះស្ត្រីរូបនោះឡើយ ប៉ុន្តែ ប្រាប់ថា ស្ត្រីរូបនោះគឺជាបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនឯកជនមួយនៅភ្នំពេញ និងធ្លាប់មានទំនាក់ទំនងតាមបណ្ដាញសង្គម និងធ្លាប់ចូលរួមសកម្មភាពមួយចំនួនជាមួយអ្នកស្រីផងដែរ។
លោក រ៉ុង ឈុន ធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារជាច្រើនដងមកហើយជុំវិញការរិះគន់ឥតសំចៃរបស់ទៅលើរដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក រ៉ុង ឈុន តែងតែមានទំនាក់ទំនងជាមួយមនុស្សជាច្រើនប្រភេទ ក្នុងនោះមានទាំងក្រុមស្ត្រី និងយុវតីធ្វើការងារសង្គមមួយចំនួនផងដែរ។
ដោយបានពិនិត្យមើលវីដេអូនោះ យើងកំណត់បានអត្តសញ្ញាណស្ត្រីនៅក្នុងវីដេអូនោះ ហើយ Fact Crescendo Cambodia ក៏បានសម្ភាសស្ត្រីរូបនោះផងដែរ ប៉ុន្តែ យើងសូមលាក់អត្តសញ្ញាណរបស់គាត់ ដោយសារហេតុផលសុវត្ថិភាពផ្ទាល់ខ្លួន។
ឆ្លើយតបតាមតេឡេក្រាមកាលពីថ្ងៃសុក្រម្សិលមិញថា ស្ត្រីវ័យ ៣០ឆ្នាំ បានទទួលស្គាល់ថា ស្ត្រីនៅក្នុងវីដេអូនោះ គឺជារូបនាង ហើយនាងភ្ញាក់ផ្អើលនៅពេលទទួលបានវីដេអូដែលមានការចោទបែបនេះ។
ទោះជាយ៉ាងណា នាងបដិសេធថា នាងគ្មានទំនាក់ទំនងស្នេហាជាមួយលោក រ៉ុង ឈុន ឡើយ ក្រៅពីការប្រឹក្សាយោបល់ផ្នែកផ្លូវច្បាប់នោះ។
ខាងក្រោមនេះ គឺជាការបកស្រាយរបស់ស្ត្រីរូបនោះប្រាប់ Fact Crescendo Cambodia កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។
ការទម្លាយវីដេអូឃ្លីបជាមួយសំណេររៀបរាប់នៅលើបណ្ដាញសង្គមថា លោក រ៉ុង ឈុន មានទំនាក់ទំនងស្នេហារអាថ៌កំបាំងបែបនេះ បានកើតឡើងក្រោយពីលោកបានចាកចេញពីគណបក្សភ្លើងទៀន ទៅចូលរួមក្នុងគណបក្សកម្លាំងជាតិ ដើម្បីចូលរួមក្នុងការបោះឆ្នោតព្រឹទ្ធសភានាឆ្នាំក្រោយនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ លោក រ៉ុង ឈុន បានចាត់ទុកការអះអាងនេះថាជាព័ត៌មាន«មិនពិត» ហើយលោកអះអាងថា លោកគ្មានទំនាក់ទំនងស្នេហាជាមួយស្ត្រីនៅក្នុងវីដេអូនោះឡើយ។ ប្រភពនានាដែលស្គាល់លោក រ៉ុង ឈុន ក៏បញ្ជាក់ថា ការអះអាងខាងលើនេះ គឺជាព័ត៌មាន«មិនពិត»ដែរ។

Title:ការអះអាងគ្មានមូលដ្ឋានថា លោក រ៉ុង ឈុន មានស្នេហាអាថ៌កំបាំងជាមួយស្ត្រីម្នាក់
Written By: Jay UdomResult: Misleading
