តើ​ការ​ឃាត់​ខ្លួន​បុរស​ម្នាក់​នេះ​ពាក់ព័ន្ធ​នឹង​ករណី​ជិះ​ម៉ូតូ​បុក​មាន់​មែន​ឬទេ?

Misleading Social

ការអះអាង​ដ៏​ផុលផុស​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ចំការលើ ឃាត់​ខ្លួន​កាល​ពី​ចុង​ខែ​វិច្ឆិកា​កន្លង​មក​នេះ បន្ទាប់​ពី​ជិះ​ម៉ូតូ​បុក​មាន់​មួយ​ក្បាល​បណ្ដាល​ឱ្យ​ងាប់។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា បុរស​ម្នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ករណី​បង្ក្រាប​សង្វៀន​ជល់​មាន់​ភ្នាល់​ដាក់​លុយ​ខុស​ច្បាប់។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ការអះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​កន្លង​មក​នេះ បន្ទាប់​ពី​ការ​បាន​បើក​បរ​ម៉ូតូ​បុក​មាន់​មួយ​ក្បាល​បណ្ដាល​ឱ្យ​ស្លាប់​នៅ​ឯ​ឃុំ​ស្ពឺ។

ការ​អះ​អាង​នេះ ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​បុរស​ម្នាក់​ឈរ​នៅ​មុខ​កន្លែង​វាស់​កម្ពស់​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ និង​រូបថត​មាន់​មួយ​ក្បាល​ស្ថិត​នៅ​មុខ​ម៉ូតូ​មួយ​គ្រឿង​ផង​ដែរ។

ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិយ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​​ទៅ​លើ​ការ​អះ​អាង​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ដែល​រៀបរាប់​ថា «គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣:១០​នាទី កម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ សហការ​[ជាមួយ]កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្ពឺ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ បាន​ចុះ​ចាប់​អ្នក​ជិះ​ម៉ូតូ​បង្ករ​[បង្ក]​បុក​មាន់​ងាប់​(មាន់​រង​គ្រោះ​បាក់​ក​ងាប់)​នៅ​ចំណុច​លើ​ផ្លូវ​លំ​ក្នុង​ភូមិ​ពែងមាសត្បូង ឃុំ​ស្ពឺ ស្រុក​ចំការលើ រួម​ទាំង​វត្ថុតាង​មួយ​ចំនួន។ បច្ចុប្បន្ន ជន​សង្ស័យ​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី»។

Facebook Post | Archived Link

ការ​អះ​អាង​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​យក​ទៅ​បង្ហោះ​បន្ត និង​ប្រៀប​ធៀប​នឹង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​ស្ពាន​ជ្រោយចង្វា​កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។

ការ​ចែក​រំលែក​នូវការ​អះ​អាង​ខាង​លើ​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង​ថែម​ទៀត ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​យ៉ាងច្រើន​ផង​ដែរ។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​ព័ត៌មាន​ជុំ​វិញ​ការ​ចាប់​ខ្លួន​បុរស​នៅ​ក្នុង​រូបថត​នេះ ដែល​ផ្សព្វផ្សាយ​ដោយ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។

ទំព័រហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​រៀបរាប់​ថា បុរស​នៅ​ក្នុង​រូបថត​នេះ ត្រូវ​បាន​សមត្ថកិច្ច​នៅ​ស្រុក​ចំការលើ ឃាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​កន្លង​មក​នេះ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់ភ្នាល់ដាក់​ប្រាក់ ដែល​អាជ្ញាធរ​ចាត់​ទុក​ជា​ល្បែង​ស៊ីសង​ខុស​ច្បាប់។

Facebook Post | Archived Link

Fact Crescendo Cambodia បាន​សាក​សួរ​ទៅអធិការ​នគរបាល​ស្រុក​ចំការលើ លោក ប៉ែន ទៀងចំរើន ហើយ​លោក​ប្រាប់​ថា ប្រសិនបើ​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍ទៅ​លើ​សត្វ​មាន់​មួយ​ក្បាល វា​មិន​ដល់​ថ្នាក់​​សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នក​បើកបរ​នោះ​ឡើយ ព្រោះ​វា​មិន​មែន​បទ​ល្មើស​ព្រហ្ម​ទណ្ឌ។

មន្ត្រី​នគរបាល​រូប​នេះ ក៏​បាន​ប្រាប់​ឱ្យ​មើល​ទៅ​លើ​ការ​ផ្សព្វផ្សាយ​របស់​ទំព័រហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​កំពង់ចាម​ផង​ដែរ ដែល​បាន​ផ្សព្វផ្សាយ​រួច​មក​ហើយ​នូវ​ព័ត៌មាន​នេះ។

សន្និដ្ឋាន

Fact Crescendo Cambodia ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ទំព័ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​កំពង់ចាម និង​មន្ត្រី​នគរបាល​ស្រុក​ចំការលើ បញ្ជាក់​ថា បុរស​ម្នាក់​នៅ​ក្នុង​រូបថត​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប​សង្វៀន​ជល់​មាន់​ខុស​ច្បាប់​នៅ​ក្នុង​ឃុំ​ស្ពឺ មិន​មែន​ជា​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​បុក​មាន់​ងាប់​ដូច​ការ​អះ​អាង​ទេ។

Avatar

Title: តើ​ការ​ឃាត់​ខ្លួន​បុរស​ម្នាក់​នេះ​ពាក់ព័ន្ធ​នឹង​ករណី​ជិះ​ម៉ូតូ​បុក​មាន់​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *