
ចាប់តាំងពីរូបចម្លាក់ Golden Boy ឬចម្លាក់កុមារមាស ដែលជាសិល្បៈខ្មែរសម័យអង្គរ ត្រូវបានអាមេរិកប្រគល់ទៅឱ្យប្រទេសថៃកាលពីចុងឆ្នាំមុនមក មានការជជែកច្រើននៅលើបណ្ដាញសង្គមអំពីចម្លាក់បុរាណរបស់កម្ពុជា។ ថ្មីៗនេះ មានការផ្សព្វផ្សាយថា រូបចម្លាក់បុរាណមួយរបស់កម្ពុជា បានជាប់ជា “បុគ្គលប្រចាំឆ្នាំ” នៃទស្សនាវដ្ដីអាមេរិក TIME។ ព័ត៌មាននេះ ត្រូវបានចែករំលែកបន្តជាច្រើនដង។ ទោះជាយ៉ាងណា យើងបានរកឃើញថា ព័ត៌មាននេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយបានផ្សព្វផ្សាយនូវព័ត៌មានមួយកាលពីខែមីនាកន្លងមកដែលនិយាយថា ចម្លាក់បុរាណមួយរបស់កម្ពុជា បានជាប់ឈ្មោះជាវត្ថុបុរាណមានឥទ្ធិពលប្រចាំឆ្នាំ ឬហៅថា Person of the Year នៃទស្សនាវដ្ដី TIME របស់អាមេរិក។
ព័ត៌មាននេះ ត្រូវបានចែករំលែកទៅក្នុងក្រុមបណ្ដាញសង្គមមួយដែលមានគណនីហ្វេសប៊ុកជាច្រើនជាសមាជិក ហើយវាក៏ត្រូវបានចែករំលែកបន្តជាច្រើនដងផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សព្វផ្សាយលើបណ្ដាញសង្គមកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “Ancient Khmer heritage” ឬមានន័យជាភាសាខ្មែរថា “បេតិកភណ្ឌខ្មែរបុរាណ”។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការពិនិត្យមើលការចេញផ្សាយរបស់ទស្សនាវដ្ដីអាមេរិក TIME អំពី “បុគ្គលប្រចាំឆ្នាំ” ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ដោយបានពិនិត្យមើលការចេញផ្សាយរបស់ទស្សនាវដ្ដី TIME យើងបានរកឃើញថា បុគ្គលកប្រចាំឆ្នាំ២០២៣ ដែលចុះផ្សាយសារព័ត៌មានអាមេរិកមួយនេះ គឺតារាចម្រៀងអាមេរិក នាង Taylor Swift។

តារាចម្រៀងវ័យ ៣៤ឆ្នាំរូបនេះ ក្លាយជាមនុស្សដំបូងគេនៅក្នុងវិស័យកម្សាន្តដែលត្រូវបានទស្សនាវដ្ដី TIME ចាត់ទុកជាបុគ្គលមានឥទ្ធិពលប្រចាំឆ្នាំ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CBC (archived) កាលពីដើមខែកុម្ភៈកន្លងមកនេះ។
ទស្សនាវដ្ដី TIME បានចុះផ្សាយបុគ្គលមានឥទ្ធិពលប្រចាំឆ្នាំរៀងរាល់ឆ្នាំចាប់តាំងពីទស្សនាវដ្ដីនេះបានបង្កើតនូវការចេញផ្សាយ “បុគ្គលប្រចាំឆ្នាំ” តាំងពីឆ្នាំ១៩២៧មក។
“Person of the Year” ឬ “បុគ្គលប្រចាំឆ្នាំ” គឺជាការវាយតម្លៃទៅលើបុគ្គល ឬមេដឹកនាំដែលលេចធ្លោនៅលើបណ្ដាញសារព័ត៌មាននៅក្នុងរយៈពេល ១២ខែនៃឆ្នាំនីមួយៗ ហើយបុគ្គល ឬមេដឹកនាំនោះ ជះឥទ្ធិពលខ្លាំងទៅលើការផ្លាស់ប្ដូរសង្គម មិនថាផ្លាស់ប្ដូរទៅល្អ ឬអាក្រក់នោះឡើយ។
ក្រៅពីមនុស្ស ស្ថាប័ន ឬអ្វីមួយដែលមានឥទ្ធិលពល ក៏ត្រូវបានវាយតម្លៃដោយទស្សនាវដ្ដីមួយនេះសម្រាប់ភាពលេចធ្លោប្រចាំឆ្នាំផងដែរ ដូចជាខាងផ្នែកវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ ឬកិច្ចការមនុស្សជាតិ។
ទោះជាយ៉ាងណា ទស្សនាវដ្ដីមួយនេះមិនបានចុះផ្សាយទាល់តែសោះថា រូបចម្លាក់បុរាណមួយរបស់កម្ពុជា បានជាប់ជាវត្ថុមានឥទ្ធិពលប្រចាំឆ្នាំនោះឡើយ។ សូមមើលតារាង “បុគ្គលកប្រចាំឆ្នាំ”នៅទីនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបចម្លាក់បុរាណមួយនេះ មិនត្រូវបានជាប់ជាវត្ថុមានឥទ្ធិពលប្រចាំឆ្នាំរបស់ទស្សនាវដ្ដី TIME នោះឡើយ។ តារាចម្រៀងអាមេរិក នាង Taylor Swift ជាប់ឈ្មោះជា “បុគ្គលប្រចាំឆ្នាំ២០២៣” ដែលចុះផ្សាយដោយទស្សនាវដ្ដី TIME នៅឆ្នាំ២០២៣។

Title:រូបចម្លាក់ខ្មែរមួយនេះមិនមែនជា“បុគ្គលប្រចាំ២០២៣”វាយតម្លៃដោយទស្សនាវដ្ដី TIME
Written By: Jay UdomResult: False