ការអះអាងមិនត្រឹមត្រូវមួយថា វៀតណាមម្នាក់ចូលសញ្ជាតិខ្មែរក្លាយជាទីប្រឹក្សាគ.ជ.ប.
ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា ជនជាតិវៀតណាមម្នាក់ត្រូវបានតែងតាំងជាទីប្រឹក្សាស្ថាប័នបោះឆ្នោតកម្ពុជា ក្រោយទទួលបានសញ្ជាតិខ្មែរ។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម ដែលនាំឱ្យមានការរិះគន់ច្រើនទៅលើរដ្ឋាភិបាល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ខណៈដែលមានការលើកឡើងពីការបាត់បង់ទឹកដីកម្ពុជាទៅខាងវៀតណាមដោយសារកិច្ចសហប្រតិបត្តិការ CLV នោះ ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា ជនជាតិវៀតណាមម្នាក់ត្រូវបានតែងតាំងជាទីប្រឹក្សាស្ថាប័នបោះឆ្នោតកម្ពុជា ក្រោយទទួលបានសញ្ជាតិខ្មែរ។ ការអះអាងនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម ដែលនាំឱ្យមានការរិះគន់ច្រើនទៅលើរដ្ឋាភិបាល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា ជនជាតិយួន(វៀតណាម)ម្នាក់ឈ្មោះ Tran Van Thang ត្រូវបានតែងតាំងជាទីប្រឹក្សារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បន្ទាប់ពីទទួលបានសញ្ជាតិខ្មែរដោយកែឈ្មោះទៅជាឈ្មោះ ជិន សារិន។
ការអះអាងនេះ បានបង្ហោះមកជាមួយនូវរូបថតព្រះរាជក្រឹត្យមួយដែលបង្ហាញពីការផ្ដល់សញ្ជាតិខ្មែរដល់ជនជាតិវៀតណាមឈ្មោះ Tran Van Thang ដែលបានប្ដូរឈ្មោះទៅជាឈ្មោះ ជិន សារិន។
ព័ត៌មាននេះ តត្រូវបានចែករំលែកជាច្រើនដងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏ទទួលបានប្រតិកម្ម និងការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដែលរៀបរាប់ថា “យួនកញ្ចាស់ Tran Van Thang បានប្រែក្រឡាជាឈ្មោះ ជិន សារិន បន្ទាប់មកក៏ក្លាយជាឯកឧត្ដម ជិន សារិន ទីប្រឹក្សា គជប NEC!”។
ព័ត៌មានដូចគ្នានេះក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកនយោបាយរបស់គណបក្សប្រឆាំង លោក មុត ចន្ថា ផងដែរកាលពីថ្ងៃម្សិលមិញនេះ ហើយក៏ត្រូវបានចែករំលែកបន្តជាច្រើនដងផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនេះដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “យួនក្លាយជាទីប្រឹក្សាស្ថាប័នធម្មនុញ្ញ។ យួន Tran Van Thang បានប្ដូរឈ្មោះខ្មែរទៅជា ជិន សារិន ហើយនៅពេលនេះមានងារឧត្ដមជាទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប NEC) ដែលជាស្ថាប័នធម្មនុញ្ញទទួលខុសត្រូវលើការគ្រប់គ្រង និងរៀបចំការបោះឆ្នោត ហើយនិងសម្រេចឱ្យបក្សណាឈ្នះ ឬចាញ់! នៅមានច្រើនទៀតក្នុងវិស័យការពារជាតិ និងសន្តិសុខជាតិ!”។
សារព័ត៌មានដើមត្នោត (DTN7) ក៏បានបង្ហោះព័ត៌មាននេះដែរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ហើយវាត្រូវបានចែករំលែកបន្តរាប់សិបដង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដែលរៀបរាប់ថា “ជនជាតិយួនទទួលបានសញ្ជាតិខ្មែរប្ដូរឈ្មោះថ្មីដូចឈ្មោះមន្ដ្រីខ្មែរមានឋានៈជាឯកឧត្តម។ លោក Tran Van Thang ជនជាតិវៀតណាម សញ្ជាតិវៀតណាម (បច្ចុប្បន្នអាយុ៦០ឆ្នាំ) កើតនៅខេត្តបិនឌិន សាធារណរដ្ឋសង្គមនិយមវៀតណាម ទទួលបានការត្រាស់បង្គាប់ផ្ដល់សញ្ជាតិខ្មែរដោយសញ្ជាតូបនីយកម្មតាំងពីនៅមានអាយុ៥៧ឆ្នាំ និងប្ដូរឈ្មោះជា ជិន សារិន (Chin Sarin)ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤២១/៣៧៨ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ពោលគឺមានឈ្មោះដូចឯកឧត្ដម ជិន សារិន ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប NEC) មានឋានៈស្មើអនុរដ្ឋលេខាធិការ”។
ព័ត៌មាននេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកផ្សេងទៀតដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ សូមមើលព័ត៌មានដូចគ្នានេះតាមរយៈតំណភ្ជាប់នៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការស្វែងរកការបញ្ជាក់ពីភាគីពាក់ព័ន្ធ ដែលនាំឱ្យរកឃើញការពិតដូចខាងក្រោមនេះ។
នៅក្នុងដំណើរការផ្ទៀងផ្ទាត់ព័ត៌មាននេះ យើងបានរកឃើញសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប. ដែលបានបញ្ជាក់ថា លោក ជិន សារិន មិនមានដើមកំណើតវៀតណាមនោះឡើយ ហើយថា លោកបម្រើការងារនៅ គ.ជ.ប. តាំងតែពីឆ្នាំ១៩៩៨ នៅពេលស្ថាប័នរៀបចំការបោះឆ្នោតនេះបង្កើតឡើង។
នៅក្នុងលិខិតបំភ្លឺដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងនោះ គ.ជ.ប. បញ្ជាក់ថា លោក ជិន សារិន ដែលមានតួនាទីជាទីប្រឹក្សារបស់ប្រធានស្ថាប័ននេះ កើតនៅក្នុងឆ្នាំ១៩៥៣ ដែលឆ្នាំកំណើតនេះមិនដូចទៅនឹងឆ្នាំកំណើត ១៩៦៤របស់ជនជាតិវៀតណាមឈ្មោះ Tran Van Thang នោះឡើយ។
NEC Press Release | Archived Link
នៅក្នុងដំណើរការផ្ទៀងផ្ទាត់នេះដែរ យើងបានរកឃើញការបញ្ជាក់បន្ថែមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនដែលអះអាងថាបានស្គាល់លោក ជិន សារិន។
អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Set Sokseyha បំភ្លឺនៅលើបណ្ដាញសង្គមថា លោកជាកូនប្រុសរបស់លោក ជិន សារិន ដែលមានអាយុ ៧២ឆ្នាំហើយគិតត្រឹមឆ្នាំនេះ។
លោក សែត សុខសីហា បានរៀបរាប់បន្ថែមថា ឪពុករបស់លោកមានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ និងមិនមានដើមកំណើតវៀតណាមដូចការចោទប្រកាន់នោះឡើយ។
លោក សែត សុខសីហា ក៏បានបង្ហោះមួយជាមួយនូវព្រះរាជក្រឹត្យដែលត្រាស់បង្គាប់តែងតាំងឪពុករបស់លោកជាទីប្រឹក្សារបស់លោក ប្រាជ្ញ ច័ន្ទ ប្រធាន គ.ជ.ប ចាប់តាំងពីឆ្នាំ២០១៨មក និងសំបុត្រកំណើតរបស់ឪពុកលោកដែលបញ្ជាក់ថា គាត់មានស្រុកកំណើតនៅឃុំត្រពាងធំ ស្រុកត្រាំកក់ ខេត្តតាកែវ។
Fact Crescendo បានព្យាយាមស្វែងរកការបញ្ជាក់បន្ថែមពីលោក សែត សុខសីហា តាមរយៈលេខទូរស័ព្ទ ប៉ុន្តែ មិនអាចភ្ជាប់ទំនាក់ទំនងបាននោះឡើយ។
នៅក្រោមការបំភ្លឺរបស់លោក សែត សុខសីហា អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានអះអាងថា ពួកគេស្គាល់លោក ជិន សារិន តាំងពីកុមារភាពផងដែរ ដោយបញ្ជាក់ថា លោកគឺជាជនជាតិខ្មែរសុទ្ធសាធ។
នៅក្នុងចំណោមនោះ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយឈ្មោះ លោក ម៉ី ជ្រិន បានអះអាងថា លោក ជិន សារិន ជាកូនកសិករមានកំណើតនៅភូមិព្រៃតាឡី ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
ឆ្លើយតប Fact Crescendo តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោក ម៉ី ជ្រិន អាយុ ៦៩ឆ្នាំ បានបញ្ជាក់បន្ថែមថា លោកបានស្គាល់លោក ជិន សារិន និងក្រុមគ្រួសាររបស់គាត់តាំងពីកុមារភាព ដោយថា គាត់ជាអ្នកភូមិជាមួយគ្នា។ សំឡេងលោក ម៉ី ជ្រិន
ជាងនេះទៀត មេឃុំត្រពាំងធំខាងជើង លោក អ៊ុំ រីម អាយុ ៦៥ឆ្នាំ បានបញ្ជាក់ប្រាប់ Fact Crescendo តាមទូរស័ព្ទថា លោក ជិន សារិន គឺពិតជាជនជាតិខ្មែរសុទ្ធសាធ មិនមែនជាជនជាតិវៀតណាមចូលសញ្ជាតិកម្ពុជាដូចការអះអាងលើបណ្ដាញសង្គមនោះឡើយ។ សំឡេង លោក អ៊ុំ រីម
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការបង្ហោះរូបថតដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ គ.ជ.ប. បញ្ជាក់ថា លោក ជិន សារិន អាយុ ៧២ឆ្នាំ ដែលជាទីប្រឹក្សាប្រធាន គ.ជ.ប. គឺជាជនជាតិខ្មែរសុទ្ធសាធដែលបម្រើការងារនៅស្ថាប័ននេះតាំងពីឆ្នាំ១៩៩៨មក។ អ្នកភូមិជាមួយលោក ជិន សារិន បានបញ្ជាក់ថា លោក ជិន សារិន មានឪពុកម្ដាយជាខ្មែរសុទ្ធសាធ និងមានស្រុកកំណើតនៅភូមិព្រៃតាឡី ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។
Title:ការអះអាងមិនត្រឹមត្រូវមួយថា វៀតណាមម្នាក់ចូលសញ្ជាតិខ្មែរក្លាយជាទីប្រឹក្សាគ.ជ.ប.
Written By: Jay UdomResult: False