វីដេអូ​ប្លែកៗ​ជាច្រើន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀប​រាប់​មិន​ត្រឹម​ត្រូវ។ ក្នុង​នោះ វីដេអូ​នៃ​ដំណើរការ​ផលិតកម្ម​កែច្នៃ​មួយ​នៅ​ឯ​បរទេស ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា​អះអាង​ថា ជា​រោងចក្រ​ផលិត​អង្ករ​ក្លែង​ក្លាយ។ វីដេអូ​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែកព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ហើយ​ទទួល​បាន​ប្រតិកម្ម​ និង​មតិ​យោបល់​ជាច្រើន​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​អះអាង​នេះមិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​នៃ​សង្វាក់​ផលិត​កម្ម​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​រៀបរាប់​ថា វីដេអូ​នោះ​បង្ហាញ​ពី​ដំណើរការ​ផលិត​អង្ករ​ក្លែង​ក្លាយ​ ដែល​ត្រូវ​បាន​កែច្នៃ​ចេញ​ពី​បំណែក​កម្ទេច​កម្ទី​កែវ​ដោយ​រោងចក្រ​មួយ។

វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​​រហូត​ដល់​ទៅ​ជាង ១​ម៉ឺន​ដង​នៅ​ក្នុង​រយៈ​ពេលត្រឹម​តែ ២៤​ម៉ោង​ប៉ុណ្ណោះ ហើយ​វីដេអូ​នេះ​ក៏​ទទួល​បាន​ផង​ដែរ​នូវ​ប្រតិកម្ម​យ៉ាង​ច្រើន និង​មតិ​យោបល់​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ជាមួយ​ការ​រៀបរាប់​ថា វា​ជា​រោង​ចក្រ​ផលិត​អង្ករ​ក្លែង​ក្លាយ​​ដែល​ត្រូវ​បាន​កែច្នៃ​ពី​វត្ថុ ឬ​គ្រឿង​ផ្សំ​ផ្សេងៗ។

Facebook Post | Archived Link

វីដេអូ​មាន​ការ​អះអាង​បែប​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ទៅ​ដល់​ជាង ១​ពាន់​ដង ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា។

ខាង​​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការអះអាង​ដដែល​នេះ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ និង​ការ​អះអាង​ដូច​គ្នា​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត ដែល​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​​តាម​រយៈការ​ដំណើរការ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត និង​វីដេអូ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត ឬ​វីដេអូ យើង​បាន​រក​ឃើញ​វីដេអូ​ដូច​គ្នា​ទាំង​ស្រុង​នៅ​លើ​បណ្ដាញ​កម្សាន្ត​យក្ស YouTube ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ឆាណែល​មួយ​ឈ្មោះ​ថា “All Process of World” កាល​ពី ៨​ខែ​មុន។

សំណេរ​រៀបរាប់​អំពី​វីដេអូ​នេះ បញ្ជាក់​ថា សកម្មភាព​ផលិត​កម្ម​ក្នុង​វីដេអូ​នេះ គឺ​ជា​ដំណើរការ​ផលិត​ដប​ធំៗ​ធ្វើ​ពី​កែវ​ដោយ​រោងចក្រ​កែច្នៃ​មួយ​របស់​កូរ៉េ​ខាង​ត្បូង។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​នៃ​ដំណើរការ​ផលិត​ដប​ធំៗ​ពី​អំបែង​កែវ​ ដែល​ត្រូវ​បាន​បញ្ជាក់​ថា ផលិត​ឡើង​ដោយ​​ក្រុមហ៊ុន​កែវ​ធម្មជាតិ Yongcheon របស់​កូរ៉េ​ខាង​ត្បូង។

YouTube Video | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​មួយ​ទៀត​នៃ​ដំណើរការ​ផលិត​​ផលិត​ផល​ធ្វើ​ពី​អំបែង​កែវ​របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​នេះ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ YouTube ដោយ​ឆាណែល​មួយ​ទៀត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០២៣​កន្លង​មក​នេះ។

YouTube Video

ក្រុមហ៊ុន​ Yongcheon Natural Glass Co., Ltd ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០០១​នោះ បាន​ផលិត​ផលិត​ផល​ធ្វើ​ពី​អំបែង​កែវ និង​នាំ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ ដូចជា​ប្រទេស​អ៊ូបេគីស្ថាន ចិន កោះ​តៃវ៉ាន់ វៀតណាម ថៃ និង​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។

ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​​នេះ បាន​ផលិត​កែវ​តូច​ធំ​ កែវ​សម្រាប់​ដាក់​អង្ករ និង​ផលិត​ផល​កែវ​ទៅ​តាម​សំណើ និង​តម្រូវការ​របស់​អតិថិជន​របស់​ពួកគេ។​ សូម​មើល​ប្រវត្តិ​ក្រុមហ៊ុន​នៅ​ត្រង់​នេះ

សន្និដ្ឋានFact Crescendo Cambodia

បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ សង្វាក់​ផលិតកម្ម​នៅ​ក្នុង​វីដេអូ​នេះ មិន​មែន​ជា​ដំណើរការ​ផលិត​អង្ករ​ក្លែង​ក្លាយ​នោះ​ឡើយ។ វីឌេអូ​ដើម បង្ហាញ​ថា វា​ជា​សកម្មភាព​ផលិត​ដប​ពី​អំបែង​កែវ​របស់​ក្រុមហ៊ុន​មួយ​នៅ​កូរ៉េ​ខាង​ត្បូង។

Avatar

Title:វីដេអូ​​ផលិត​កម្ម​​ដប​កែវ​មួយ​ត្រូវ​បាន​អះអាង​ថា​ជា​ដំណើរការ​ផលិត​អង្ករ​ក្លែង​ក្លាយ

Written By: Jay Udom

Result: Misleading