រូបថតទឹកជំនន់នៅជប៉ុនពីរឆ្នាំមុនត្រូវបានចុះផ្សាយភ្ជាប់នឹងបញ្ហាទឹកជំនន់នៅកូរ៉េខាងត្បូង
ប៉ុន្មានសប្ដាហ៍ថ្មីៗ កូរ៉េខាងត្បូងបានរងគ្រោះដោយទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេល ៨០ឆ្នាំចុងក្រោយនេះ។ ហេតុការណ៍នេះ បានជំរុញឱ្យមានការចុះផ្សាយ និងចែករំលែកយ៉ាងច្រើនអំពីព័ត៌មាននេះ។ ក្នុងនោះ មានរូបថតមួយទឹកជំនន់មួយសន្លឹក ត្រូវបានចុះផ្សាយថាជាស្ថានភាពទឹកជំនន់នៅកូរ៉េខាងត្បូង។ ទោះជាយ៉ាងណា ការត្រួតពិនិត្យរបស់ Fact Crescendo Cambodia រកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានចុះផ្សាយដោយមិនត្រឹមត្រូវ។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញទឹកជំនន់លិចលង់រថយន្ត និងអ្នកជួយសង្គ្រោះបានអូសទូកផ្ទុកមនុស្ស ៣នាក់នោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេរថា វាជាស្ថានភាពទឹកជំនន់នៅកូរ៉េខាងត្បូងនាពេលថ្មីៗនេះ។
រូបថតជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកបន្តពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន និងទទួលបានការបញ្ចេញប្រតិកម្មពីអ្នកប្រើប្រាស់បណ្ដាញសង្គមផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកមួយដែលបង្ហោះរូបថតជាមួយសំណេរ«ទឹកជំនន់នៅកូរ៉េខាងត្បូងស្លាប់៨នាក់ និងបាត់ខ្លួន៦នាក់ដែលមិនធ្លាប់ជួបប្រទះរយៈពេល៨០ឆ្នាំហើយ»។
រូបថតជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម បន្ទាប់ពីការចុះផ្សាយសេចក្ដីរាយការណ៍(Archived Link) ដោយសារព័ត៌មាន KCSM TV NEWS នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃទី០៩ ខែសីហាកន្លងមកនេះ។
រូបថតមួយសន្លឹកនេះ ក៏ត្រូវបានចុះផ្សាយកាលពីខែសីហាកន្លងមកនេះដែរដោយសារព័ត៌មានដើមអម្ពិល (DAP-NEWS)នៅក្នុងសេចក្ដីរាយការណ៍មួយដែលនិយាយអំពីជំនន់ទឹកភ្លៀងវាយប្រហារកូរ៉េខាងត្បូងផងដែរ។
ជាងនេះទៀត សារព័ត៌មានដើមអម្ពិល ក៏បានចុះផ្សាយផងដែរនូវរូបថតមួយសន្លឹកទៀតនៅក្នុងអត្ថបទព័ត៌មាននិយាយអំពីទឹកជំនន់វាយប្រហារប្រទេសកូរ៉េខាងត្បូង។
សារព័ត៌មានដើមអម្ពិល ក៏បានចែករំលែកព័ត៌មានមួយនេះទៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរកាលពីថ្ងៃទី០៩ ខែសីហាកន្លងមកនេះ។ សូមចូលមើលតាមតំណភ្ជាប់នៅទីនេះ ឬតាមតំណភ្ជាប់ត្រូវបានរក្សានៅទីនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតទឹកជំនន់មួយសន្លឹកនេះ ត្រូវបានរកឃើញនៅក្នុងសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មានជប៉ុន Japan Forward ដែលរាយការណ៍អំពីស្ថានភាពទឹកជំនន់នៅទីក្រុង Kyushu ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន កាលពីឆ្នាំ២០២០កន្លងមក។
ខ្លឹមសាររូបថតដែលចុះផ្សាយដោយសារព័ត៌មាន Japan Forward ត្រូវបានសរសេររៀបរាប់ថា ផ្លូវនានាបានប្រែក្លាយទៅជាស្ទឹងទន្លេ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះមនុស្សនៅតែបន្តធ្វើឡើង។
ចំណែកឯរូបថតមួយសន្លឹកទៀតដែលចុះផ្សាយដោយសារព័ត៌មានដើមអម្ពិលនោះ ត្រូវបានរកឃើញចុះផ្សាយដោយសារព័ត៌មាននានានៅលើពិភពលោក។
ក្នុងនោះ សារព័ត៌មាន CNN បានចុះផ្សាយរូបថតនេះនៅក្នុងសេចក្ដីរាយការណ៍កាលពីខែសីហា ឆ្នាំ២០១៩កន្លងមក ដែលរៀបរាប់អំពីភ្លៀងធ្លាក់ខ្លាំងក្លាបង្កជាទឹកជំនន់វាយប្រហារទីក្រុង Saga របស់ជប៉ុន កាលពីឆ្នាំ២០១៩កន្លងមក។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតមួយសន្លឹក ត្រូវបានចុះផ្សាយដោយមិនត្រឹមត្រូវពីសំណាក់សារព័ត៌មានពីរនៅកម្ពុជា។ រូបថតមួយសន្លឹកនេះ មិនមែនជាទិដ្ឋភាពទឹកជំនន់វាយប្រហារកូរ៉េខាងត្បូងនាពេលថ្មីៗនេះនោះឡើយ។ តាមការពិត រូបថតមួយសន្លឹកនេះ គឺជាទិដ្ឋភាពជំនន់ទឹកភ្លៀងវាយប្រហារទីក្រុង Kyushu ស្ថិតនៅភាគខាងត្បូងជប៉ុនកាលពីឆ្នាំ២០២០កន្លងមក។
Title:រូបថតទឹកជំនន់នៅជប៉ុនពីរឆ្នាំមុនត្រូវបានចុះផ្សាយភ្ជាប់នឹងបញ្ហាទឹកជំនន់នៅកូរ៉េខាងត្បូង
Fact Check By: Jay UdomResult: Missing Context