ព័ត៌មាន​មិន​ពិត​ថា ជប៉ុន​បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​ជំនាន់​ថ្មី​ធ្វើ​ឱ្យ​ផ្អើល​ពិភព​លោក

False International

រូបភាព​បី​សន្លឹក​ដែល​​បង្ហាញ​យន្តហោះ​ចម្បាំង​គ្រប​ដោយ​ទង់ជាតិ​ជប៉ុន​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ព្រោង​ព្រាត​ជាមួយ​ការ​អះអាង​ថា វា​ជា​យន្តហោះ​ចម្បាំង​ជំនាន់​ថ្មី​បំផុត​របស់​ជប៉ុន​ដែល​ធ្វើ​ឱ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​ចែក​ចាយ​បន្ត​នូវ​រូបភាព​ជាមួយ​ព័ត៌មាន​បែប​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

រូបភាព​យន្ត​ហោះ​ចម្បាំង​គ្រប​ដោយ​ទង់​ជាតិ​ជប៉ុន​នៅ​ផ្នែក​ខាង​មុខ​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​យន្តហោះ​ចម្បាំង​ជំនាន់​ថ្មី​របស់​ជប៉ុន​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Mitsubishi Heavy Industries។

រូបភាព​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ដោយ​បាន​បញ្ចេញ​មតិ​កោត​សរសើរ​ដល់​ទំនើប​កម្ម​ក្នុង​វិស័យ​យោធា​របស់​ប្រទេស​នេះ បើ​ធៀប​នឹង​វិស័យ​យោធា​របស់​កម្ពុជា។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អះអាង​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​លកាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ រៀបរាប់​ថា “យន្តហោះ​ចម្បាំង UFO ជំនាន់​ទី​៦​ថ្មី​បំផុត​របស់​ជប៉ុន​ធ្វើ​ឱ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​ខ្លាំង​តែ​ម្ដង” និង​សំណេរ​ជា​ភាសា​អង់គ្លេស​ថា “Japan’s new 6th gen UFO fighter jet shocks the aviation world”។

Facebook Post | Archived Link

រូបភាព​ជាមួយ​សំណេរ​បែប​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​ចាយ​បន្ត​កាន់​តែ​ច្រើន​ថែម​ទៀត។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​ដូច​គ្នា​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៥ រៀបរាប់​ថា “យន្ត​ហោះ​ចម្បាំង UFO ជំនាន់​ទី​៦ថ្មី​បំផុត​របស់​ជប៉ុន ធ្វើ​ឱ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​ខ្លាំង​តែ​ម្ដង…”។

Facebook Post | Archived Link

គេ​ក៏​អាច​រក​មើល​ការ​អះអាង​ជា​ភាសា​ខ្មែរ​ដូច​គ្នា​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ៖ Link 1 (archived), Link 2 (archived), Link 3 (archived), និង Link 4 (archived)។

ក្រៅ​ពី​ការ​អះអាង​ជា​ភាសា​ខ្មែរ​ហើយ​នោះ ក៏​មាន​ដែរ​ការ​អះអាង​ជា​ភាសា​អង់គ្លេស​ដែល​និយាយ​ថា រូបភាព​ទាំង​បីសន្លឹក​នេះ គឺ​ជា​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ជំនាន់​ទី​៦​របស់​ជប៉ុន។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដែល​មាន​ខ្លឹមសារ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​ការ​អះអាង​ខាង​លើ ហើយ​វា​ត្រូវ​បាន​ចែក​ចាយ​ជាច្រើន​ដង​បន្ថែម​ទៀត។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះអាង​ដូច​គ្នា​នេះ​នៅ​លើ​បណ្ដាញ​សង្គម Threads កាល​ពី​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ជាមួយ​សំណេរ​ជា​ភាសា​អង់គ្លេស​ដូច​គ្នា​ទាំង​ស្រុង។

Threads Post | Archived Link

គេ​អាច​ស្វែង​រក​ការ​អះអាង​​ជា​ភាសា​អង់គ្លេស​ដូច​គ្នា​នេះ​តាម​រយៈ​តំណ​ភ្ជាប់​ផ្សេង​ទៀត​នៅ​ទីនេះ៖ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived), Link 5 (archived), និង Link 6 (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​ការ​ដំណើរការ Google Reverse Image Search និង​ការ​ស្វែង​រក​ព័ត៌មាន​តាម​រយៈ​ពាក្យ​គន្លឹះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

ការ​ស្វែង​រក​ព័ត៌មាន​តាម​រយៈ​ពេល​គន្លឹះ​នៅ​លើ Google បាន​នាំ​ឱ្យ​យើង​ដឹង​ថា ជប៉ុនបាន​សហការ​គ្នា​ជាមួយ​ចក្រភព​អង់គ្លេស​ និង​អ៊ីតាលី ដើម្បី​ផលិត​យន្ត​ហោះ​ច្បាំង​ជំនាន់​ថ្មី។

គម្រោង​ផលិត​យន្ត​ហោះ​ចម្បាំង​រួម​គ្នា​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ដោយ​សារព័ត៌មាន​នានា​ជុំ​វិញ​ពិភព​លោក​កាល​ពី​ឆ្នាំ​២០២៤​កន្លង​មក​នេះ ដូចជា​សារព័ត៌មាន​ជប៉ុន Japan Times (archived) សារព័ត៌មាន​បារាំង France 24 និង​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP ជាដើម។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP គម្រោង​ផលិត​យន្ត​ចម្បាំង​រួម​គ្នា​នេះ ឬ​ហៅថា Global Combating Air Program (GCAP)​ របស់​ប្រទេស​ទាំង​បី​នេះ មាន​ផែនការ​ដាក់​បញ្ចេញ​​យន្តហោះ​ដំបូង​របស់​ពួកគេ​នៅ​ឆ្នាំ​២០៣៥​ខាង​មុខ។

ផ្អែម​តាម​សេចក្ដី​រាយការណ៍​របស់ AP ដដែល​នេះ គិត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​នៅ​ឡើយ​ទេ​ការ​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៃ​យន្តហោះ​ចម្បាំង​ជំនាន់​ថ្មី​ដែល​រួម​សហការ​ផលិត​ដោយ​ប្រទេស​ទាំង​បី​នេះ។

ប៉ុន្តែ អ្វី​ដែល​គេ​បាន​ដឹង​នោះ គឺ​រូប​គំរូ​យន្តហោះ​ចម្បាំង​ដែលត្រូវ​បាន​គេ​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ពិពណ៌​អន្តរជាតិ​វិស័យ​អវកាស​ជប៉ុន​នៅ​ទីក្រុង​តូក្យូ កាល​ពី​ខែ​តុលា​កន្លង​មក។

ខាង​ក្រោម​នេះ គឺ​រូប​គំរូ​មួយ​នៅ​ក្នុង​ចំណោម​គំរូ​ទាំង ១០ នៃ​យន្ត​ហោះ​ចម្បាំង​ជំនាន់​ថ្មី​ ដែល​ជប៉ុន ចក្រភព​អង់គ្លេស និង​អ៊ីតាលី គ្រោង​ផលិត​រួម​គ្នា និង​គ្រោង​ដាក់​ពង្រាយ​នៅ​ ១០​ឆ្នាំ​ខាង​មុខ។

AP | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សារព័ត៌មាន​បារាំង France 24 ដែល​ចុះ​ផ្សាយនូវ​​រូបថត​នៃ​គំរូ​យន្តហោះ​ចម្បាំង​ជំនាន់​ទី​៦​ ដែល​គ្រោង​ផលិត​ឡើង​រួមគ្នា​ដោយ​ជប៉ុន អង់គ្លេស និង​អ៊ីតាលី។ គំរូ​យន្តហោះ​នេះ ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ Farnborough International Airshow កាល​ពី​ឆ្នាំ​២០២៤។

France 24 | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សារព័ត៌មាន Japan Times ដែល​បង្ហាញ​រូបថត​គំរូ​យន្តហោះ​ចម្បាំង​ជំនាន់​ថ្មី​ស្ថិត​នៅ​ក្រោម​គម្រោង​នៃ​ការ​ផលិត​រួម​គ្នា​រវាង​ក្រុមហ៊ុន Mitsubishi Heavy Industries របស់​ប្រទេស​ជប៉ុន ក្រុមហ៊ុន Leonardo របស់​អង់គ្លេស និង​ក្រុមហ៊ុន BAE Systems របស់​អ៊ីតាលី។

Japan Times | Archived Link

បើ​ប្រៀប​ធៀប​ទៅ​នឹង​​រូប​គំរូ​នៃ​យន្តហោះ​ចម្បាំង​ដែល​គេ​បាន​ដាក់​តាំង​បង្ហាញ Fact Crescendo កត់​សម្គាល់​ឃើញ​ថា ​រូបភាព​នៃ​យន្តហោះ​ចម្បាំង​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ មិន​ដូច​ទៅ​នឹង​គំរូ​យន្តហោះ​ដែល​ប្រទេស​ទាំង​បី​គ្រោង​ផលិត​រួម​គ្នានោះ​ឡើយ។

ដោយ​ពិនិត្យ​ទៅ​លើ​រូបភាព​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ Fact Crescendo បាន​កត់​សម្គាល់​ចំណុច​មិន​ប្រក្រតី​ជាច្រើន​នៅ​លើ​រូបភាព​ទាំង ដោយ​សង្ស័យ​ថា វា​ត្រូវ​បាន​បង្កើត​ឡើងដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត​តែ​ប៉ុណ្ណោះ។

ចំណុច​មិន​ប្រក្រតី​មួយ គឺ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​រូបភាព ស្ថិត​នៅ​ក្នុង​ជំហរ ឬ​ឥរិយាបថ​​ដូច​គ្នា​ទាំង​អស់ ពោល​គឺ​ដាក់​ដៃ​ទាំង​ពីរ​នៅ​ក្នុង​ហោប៉ៅ​អាវ​របស់​ពួកគេ​ទាំង​អស់។ សូម​ពិនិត្យ​មើលរូប​ខាង​ក្រោម​នេះ

ដោយ​សង្ស័យ​ទៅ​លើ​រូបភាព​នេះ Fact Crescendo បាន​ប្រើ​ប្រាស់​កម្មវិធី​វិភាគ​មាតិកា​ AI របស់​វេបសាយ sightengine ដែល​បង្ហាញ​វា រូបភាព​នេះ​មិន​មែន​ជារូបភាព​នៃ​​ព្រឹត្តិការណ៍​​ជាក់​ស្ដែង​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លទ្ធផល​វិភាគ​បង្ហាញ​ថា វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត​តែ​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​វិភាគ​ដោយ​វេបសាយ sightengine ដែល​បង្ហាញ​ថា រូបភាព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី AI។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​លទ្ធភាព​នៃ​ការ​វិភាគ​ទៅ​លើ​រូបភាព​មួយ​សន្លឹក​ទៀត​ដោយ​វេបសាយ sightengine ដែល​បង្ហាញ​ថា រូបភាព​នេះ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត AI ផង​ដែរ។

អត្ថបទ​មួយ​របស់​​ទស្សនាវដ្ដី Defense News របស់​អាមេរិក បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ Mitsubishi Heavy Industries កំពុង​ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​ជំនាន់​ទី​៦​សម្រាប់​កង​ទ័ព​អាកាស​ជប៉ុន។ យន្តហោះ​ចម្បាំង​ជំនាន់​ថ្មី​នេះ ដែល​មាន​ឈ្មោះ​ថា Mitsubishi F-X នឹង​ត្រូវ​បញ្ចេញ​នៅ​ឆ្នាំ​២០៣៥​ខាង ដើម្បី​ជំនួស​យន្តហោះ​ចម្បាំង Mitsubishi F-2។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ​(archived)

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ខាងលើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រហូត​មក​ដល់​ពេល​នេះ គ្មាន​រូបថត​ផ្លូវការ​ណា​មួយ​នៃ​យន្តហោះ​ចម្បាំង​ជំនាន់​ថ្មី​របស់​ប្រទេស​ជប៉ុន ត្រូវ​បា​នគេ​បញ្ចេញ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ រូបភាព​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត AI តែ​ប៉ុណ្ណោះ។ ក្រុមហ៊ុន Mitsubishi Heavy Industries ដែល​ទទួល​បាន​កិច្ច​សន្យា​ពី​រដ្ឋាភិបាល​ជប៉ុន កំពុង​ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​ជំនាន់​ទី​៦​សម្រាប់​កង​ទ័ព​អាកាស​ជប៉ុន ហើយ​គ្រោង​បញ្ចេញ​នៅ​ឆ្នាំ​២០២៣៥​ខាង​មុខ។ 

Avatar

Title:ព័ត៌មាន​មិន​ពិត​ថា ជប៉ុន​បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​ជំនាន់​ថ្មី​ធ្វើ​ឱ្យ​ផ្អើល​ពិភព​លោក

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *