ខណៈ​ដែល​សង្គ្រាម​បង្ហូរ​ឈាម​អ៊ីស្រាអែល-ហាម៉ាស់​ប៉ាឡេស្ទីន​បន្ត​កើត​មាន​ជា​ហូរ​ហែរ​នោះ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា បុរស​មូស្លីម​ជាង ២០០​នាក់​នៅ​តំបន់​កាហ្សា បាន​ទទួល​យក​ព្រះ​យេស៊ូ បន្ទាប់​ពី​ពួកគេ​យល់​សប្តិ​ឃើញ​ព្រះ​យេស៊ូ​ក្នុង​យប់​តែ​មួយ​ដូច​គ្នា។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម​រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​ទៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​មួយ​ដែល​កំពុង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ បាន​បង្ហោះ​រូបថត​មួយ​សន្លឹកនៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ​ជាមួយ​សំណេរ​រៀបរាប់​ថា មូស្លិម​សាសនិក​ជាង ២០០​នាក់​នៅ​តំបន់​កាហ្សា បាន​ទទួល​យក​ព្រះ​យេស៊ូ ដោយសារ​តែ​ពួកគេ​ទាំង​នោះ​សុបិន្ត​ឃើញ​ព្រះ​យេស៊ូ​ដូច​គ្នានៅ​យប់​តែ​មួយ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​មាន​សំណេរ​នៅ​លើ​រូបថត​ជា​ភាសា​អង់គ្លេស​មាន​ខ្លឹមសារ «បុរស​មូស្លិម​ជាង ២០០​នាក់​ បាន​ទទួល​យក​ព្រះ​យេស៊ូ​ន​នា​ពេល​ថ្មីៗ​នេះ ដោយសារ​តែ​ពួកគេ​ទាំង ២០០​នាក់​នោះ បាន​សុបិន្ត​ឃើញ​ព្រះ​យេស៊ូ​ដូច​គ្នា​នៅ​ក្នុង​យប់​តែ​មួយ។ សូម​សរសើរ​ដល់​ព្រះ​ជា​ម្ចាស់!»។

Facebook Post | Archived Link

រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ពី​ការ​អះអាង​ជា​ភាសា​អង់គ្លេស​ដែល​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ក្នុង​រយៈ​ពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ជាភាសា​អង់គ្លេស​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​មាន​សំណេរ​នៅ​លើ​រូបថត​ថា «More than 200 Muslim men in Gaza received Jesus recently because all 200 had dreams of Jesus in the same night. Praise God! »

Facebook Post | Archived Link

គេ​អាច​មើល​ការ​អះអាង​ដដែល​នេះ​​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived) ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived) ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។

FACT CHECK

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រកឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ស្ថិត​ក្នុង​សម្លៀក​បំពាក់​បែប​មូស្លីម និង​ឱប​គ្នា​ទៅ​វិញ​ទៅ​​មក​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​​សោតទស្សន៍​ឌីជីថល shutterstock ដែល​ជា​ប្រព័ន្ធ​ផ្គត់ផ្គង់​រូបថត វីដេអូ តន្ត្រី និង​រូបភាព​ឌីជីថល​ផ្សេង​ៗ​មាន​មូលដ្ឋាន​នៅ​​សហរដ្ឋ​អាមេរិក។

​ព័ត៌មាន​ដែល​នៅ​ក្នុង​គេហទំព័រ​ខាង​លើ​នេះ បាន​ឱ្យ​ដឹង​ថា រូបថត​មួយ​សន្លឹក​នេះ​បង្ហាញ​​ក្រុម​បុរស​ជន​ជាតិ​ប៉ាឡេស្ទីន​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​តំបន់​កាហ្សា ក្រោយ​ពី​ទទួល​បាន​ការ​ជួយ​សង្គ្រោះ​​ចេញ​ពី​តំបន់​ហែក​ហួរ​ដោយ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ូដង់​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៣។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ shutterstock ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ដែល​មាន​ខ្លឹមសារ​ថា «ជន​ជាតិ​ប៉ាឡេស្ទីន​ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ចេញ​ពី​តំបន់​ហែក​ហួរ​ដោយ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ូដង់ ទទួល​បាន​ការ​ស្វាគមន៍​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​កាហ្សា​ស្ត្រីប​តាម​ព្រំដែន​ Rafah ជាប់​ប្រទេស​អេហ្ស៊ីប កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២៣​»។

Shutterstock | Archived Link

រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​នៃ​គេហទំព័រ Palestine Deep Dive កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​ផង​ដែរ ដោយ​រក្សា​ខ្លឹមសារ​ដូច​គ្នា​ទៅ​នឹង​ខ្លឹមសារ​នៅ​ក្នុង​គេហទំព័រ shutterstock។

Palestine Deep Dive | Archived Link

CONCLUSION

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​ក្រុម​បុរស​ប៉ាឡេស្ទីន​ដែល​បាន​បោះ​បង់​សាសនា​ឥស្លាម​ទៅ​ជឿ​លើ​ព្រះ​យេស៊ូ​នោះ​ឡើយ។ តាម​ការ​ពិត រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ក្រុម​ជន​ជាតិ​​ប៉ាឡេស្ទីន​ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​តំបន់​សង្គ្រាម​ក្នុង​ប្រទេស​ស៊ូដង់ និង​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​កាហ្សា​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០២៣។

Avatar

Title:រូបថត​មួយ​សន្លឹក​ត្រូវ​បាន​​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹង​ការ​បោះ​បង់​ជំនឿ​សាសនា​របស់​បុរស​ប៉ាឡេស្ទីន

Written By: Jay Udom

Result: False