រូបថត​តម្រួត​ថៃ​ចាប់​ខ្លួន​បុរស​ម្នាក់​សរសេរ​អក្សរ​ខ្មែរ​លើ​របង​​រាជ​វាំង​ថៃ គឺ​ជា​រូបភាព​កាត់ត

Altered Social

​សំណេរ​មាន​ឈ្មោះ «យឹម តន» ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​តាម​កន្លែង​ជាច្រើន​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​តាកែវ។ ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​តម្រួត​ថៃ​ព្យាយាម​ឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​សរសេរ​អក្សរ​ខ្មែរ​​​លើ​ជញ្ជាំង​របង​ព្រះ​បរម​រាជ​វាំង​ថៃ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ផង​ដែរ ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមួយ​ចំនួន ជឿ​ថា​ជា​រូបថត​ពិត​ប្រាកដ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា រូបថត​នេះ គ្រាន់តែ​ជា​រូប​កាត់​ត​តែ​ប៉ុណ្ណោះ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​សមត្ថកិច្ច​២​នាក់​បម្រុង​ឃាត់​បុរស​ម្នាក់​ដែល​សរសេរ​អក្សរ​ខ្មែរ​នៅ​លើ​ជញ្ជាំង​របង​ខ្ពស់​មួយ​កន្លែង​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​​ជាមួយ​សំណេរ​ចោទ​សួរ​ថា តើ​ហេតុអ្វី​បាន​ជា​សមត្ថកិច្ច​ចាប់​ខ្លួន​បុរស​ម្នាក់​នោះ។

រូបថត​រួម​ជាមួយ​សំណេរ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​ការ​បង្ហោះ​រូបថត​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «ម្ដេច​ចាប់​គាត់​អញ្ចឹង»។

Facebook Post | Archived Link

រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត ដែល​សរសេរ​រៀបរាប់​ថា «ខណៈ​នេះ ប្រជា​រាស្ត្រ​នៅ​ទីក្រុង​ភ្នំពេញ នៃ​ព្រះ​នគរ យឹម តន ខ្លះ​កំពុង​ប្រឈម​បត់​ជើង​ធំ​តូច អត់​ទឹក​លាង»។

Facebook Post | Archived Link

ចំណែក​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត បាន​បង្ហោះ​រូបថត​ដដែល​នេះដែល​មាន​សំណេរ​ជា​អក្សរ​ខ្មែរ​ «របង​ផ្ទះ យឹម តន រាជ​បុត្រ យឹម តឿក» ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​សរសេរ​ថា «យឹម តន ពង្រីក​សាខា​ដល់​បាងកក​ហើយ»។

Facebook Post | Archived Link

សម្រាប់​ការ​បង្ហោះ​រូបថត​ដដែល​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក សូម​ចូល​ទៅ​មើល​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​ដូច​គ្នា​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មានា​អន្តរជាតិ​មួយ​ចំនួន។

​អត្ថបទ​ព័ត៌មាន​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Coconuts បាន​ឱ្យ​ដឹង​ថា ​​សកម្មជន​ថៃ​ម្នាក់​ ត្រូវ​បាន​តម្រួត​ថៃកាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ នៅ​ពេល​សកម្មជន​រូប​នោះ​បាន​ព្យាយាម​បាញ់​ថ្នាំ​ពណ៌​នៅ​លើ​ជញ្ជាំង​ព្រះ​រាជ​វាំង​ថៃ។ សូម​មើល​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ

បើ​តាមសារព័ត៌មាន​ដដែល​នេះ រូបថត​ច្បាប់​ដើម បង្ហាញ​ឱ្យ​ឃើញ​តម្រួត​ថៃ​ឃាត់​ខ្លួន​សកម្មជន​ថៃ​ម្នាក់ ដែល​បាន​បាញ់​ថ្នាំ​លើ​ជញ្ជាំង​របង​ព្រះ​បរម​រាជ​វាំង​ថៃ កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០២៣ ពោល​មិន​មាន​សំណេរ​អក្សរ​ខ្មែរ​នោះ​ឡើយ។

Coconuts Bangkok | Archived Link

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ជាមួយ​នឹង​អត្ថបទ​មួយ​ទៀត​របស់​សារព័ត៌មាន Coconuts កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា។ សូម​មើល​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ

សារព័ត៌មាន​ថៃ Prachatai ជា​ភាសា​អង់គ្លេស ក៏​បាន​ផ្សាយ​អំពី​ការ​ចាប់​ខ្លួន​សកម្មជន​ម្នាក់​អាយុ ២៥​ឆ្នាំ ដោយសារ​តែ​សកម្មជន​រូប​នោះ បាន​បាញ់​ថ្នាំ​គូស​វាស​លើ​ជញ្ជាំង​របង​ព្រះ​បរមរាជ​វាំង​ថៃ។ សូម​មើល​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ

Prachatai | Archived Link

យើង​ក៏​បាន​រក​ឃើញ​វីដេអូ​នៃ​ការ​ឃាត់​ខ្លួន​សកម្មជន​ថៃ​រូប​នោះ​ផង​ដែរ ដែល​វីដេអូ​នោះ​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គមផ្សេងៗ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូបភាព​កាត់​ត និង​រូបថត​ច្បាប់​ដើម ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​សារព័ត៌មាន​អន្តរជាតិ​នានា។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ ត្រូវ​បាន​កាត់​ត។ រូបថត​ច្បាប់​ដើម បង្ហាញ​ឱ្យ​ឃើញ​តម្រួត​ថៃ​ពីរ​រូប​ចូល​ទៅ​ឃាត់​ខ្លួន​សកម្មជន​ថៃ​ម្នាក់​អាយុ​២៥​ឆ្នាំ ដែល​បាន​យក​ថ្នាំ​ពណ៌​បាញ់​ទៅ​លើ​ជញ្ចាំង​របង​ព្រះ​បរម​រាជ​វាំង Grand Palace នៅ​ទីក្រុង​បាងកក កាល​ពី​ថ្ងៃទី​២៨ ខែ​មីនា។

Avatar

Title:រូបថត​តម្រួត​ថៃ​ចាប់​ខ្លួន​បុរស​ម្នាក់​សរសេរ​អក្សរ​ខ្មែរ​លើ​របង​​រាជ​វាំង​ថៃ គឺ​ជា​រូបភាព​កាត់ត

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *