រូបថតនេះគឺជាក្បួនរទេះគោដង្ហែរអ្នកបួសពីភូមិមួយទៅកាន់វត្ត Shwe Seda នៅភូមា
រូបថតជាច្រើនដែលបង្ហាញពីប្រទេសកម្ពុជាកាលពីអតីតកាលនោះ ត្រូវបានចែករំលែកជារឿយៗនៅលើបណ្ដាញសង្គមដោយរូបថតខ្លះមិនមានព័ត៌មានលម្អិតច្បាស់លាស់។ ថ្មីៗនេះ រូបថតក្បួនរទេះគោមួយខ្សែ ត្រូវបានបង្ហោះលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា ជាទិដ្ឋភាពប្រជាជនកម្ពុជាកាលពីអតីតកាល។ រូបថតជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងលើរូបថតមួយសន្លឹកនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញក្បួនរទេះគោដ៏វែងមួយ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយការអះអាងថា រូបថតមួយសន្លឹកនេះ គឺជាក្បួនរទេះគោប្រជាជនកម្ពុជាកាលពីអតីតកាល ដែលបរទៅធ្វើប្រហុកនៅទន្លេ។
រូបថតជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ហើយក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានបញ្ចេញមតិយោបល់ និងប្រតិកម្មផងដែរ ដោយជឿថា វាជារូបថតមួយសន្លឹកដែលឆ្លុះបញ្ចាំងពីសង្គមកម្ពុជានាអតីតកាល។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «រូបកាលកន្លងមក ខ្មែរយើងដល់រដូវទៅទន្លេធ្វើប្រហុក»។
ការអះអាងដដែល និងរូបថតមួយសន្លឹកនេះ ក៏ត្រូវបានចែករំលែកទៅកាន់ក្រុមនៃបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ហើយក៏ទទួលបានការចែករំលែកបន្ត និងមតិយោបល់ផ្សេងពីអ្នកប្រើប្រាស់ហ្វេសប៊ុកផងដែរ។
រូបថត និងការអះអាងដដែលនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយទៀតដែលមានតំណភ្ជាប់នៅទីនេះ (archived)។
រូបថតមួយសន្លឹកនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ផងដែរកាលពីខែឧសភាកន្លងមកនេះ ដោយសរសេររៀបរាប់ថា វាជាទិដ្ឋភាពដ៏ស្រស់ស្អាតនៃភូមិ Bharat នៅក្នុងប្រទេសឥណ្ឌា។
ការត្រួតពិនិតុ្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈការដំណើរការ Google Reverse Image Search យើងបានរកឃើញរូបថតមួយសន្លឹកនេះនៅក្នុងអត្ថបទព័ត៌មានមួយជាភាសាភូមាចុះផ្សាយដោយគេហទំព័រ Myanmar Digital News កាលពីខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ។
អត្ថបទព័ត៌មានមួយនេះដែលត្រូវបានបកប្រែដោយ Google Translate បានឱ្យដឹងថា ក្បួនរទេះគោនេះ គឺជាក្បួនដង្ហែរមួយរបស់ក្រុមបុព្វជិតចេញពីភូមិ Min Hla Jinនៅក្នុងតំបន់ Minbu ឆ្ពោះទៅកាន់វត្ត Shwe Seda ដែលមានចម្ងាយប្រហែល ១៣ម៉ៃយ៍ ឬប្រហែល ២០គីឡូម៉ែត្រ។
ក្រៅពីរូបថតមួយសន្លឹកនេះ សារព័ត៌មានភូមាក៏បានចុះផ្សាយនូវរូបថតផ្សេងទៀត ដែលបង្ហាញក្បួនរទេះគោរបស់ក្រុមអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនានៅក្នុងប្រទេសភូមាផងដែរ។ សូមមើលខ្លឹមសារលម្អិតនៅទីនេះ (archived)។
Myanmar Digital News| Archived Link
ព័ត៌មាននិយាយពីការដង្ហែរបុព្វជិតតាមរទេះគោនេះ ក៏ត្រូវបានចុះផ្សាយដោយសារព័ត៌មាភូមាមួយទៀតជាភាសាអង់គ្លេសផងដែរ ដោយបានឱ្យដឹងថា វាគឺជាការថែរក្សាប្រពៃណីរបស់ប្រជាជននៅក្នុងតំបន់ផងដែរ។ សូមអានខ្លឹមសារលម្អិតនៅទីនេះ (archived)។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការចុះផ្សាយព័ត៌មានដោយសារព័ត៌មាន Myanmar ITV នៅលើគេហទំព័ររបស់ខ្លួនជាភាសាអង់គ្លេសកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមក។
ជាងនេះទៅទៀត សារព័ត៌មាន The Global New Light of Myanmar ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលយោធាភូមា ក៏បានចុះផ្សាយព័ត៌មាននិយាយអំពីក្បួនដង្ហែរបុព្វជិតតាមរទេះគោនេះផងដែរ។ សូមអានខ្លឹមសារលម្អិតនៅទីនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតក្បួនរទេះគោនេះ មិនមែនជាក្បួនរទេះគោរបស់ប្រជាជនកម្ពុជាកាលពីអតីតកាលនោះឡើយ។ រូបថតមួយសន្លឹកនេះ បង្ហាញក្បួនដង្ហែរបុព្វជិតភូមាតាមរទេះគោរបស់អ្នកស្រុកនៅក្នុងតំបន់មួយនៅប្រទេសភូមាកាលពីដើមឆ្នាំ២០២២កន្លងមក។
Title: រូបថតនេះគឺជាក្បួនរទេះគោដង្ហែរអ្នកបួសពីភូមិមួយទៅកាន់វត្ត Shwe Seda នៅភូមា
Written By: Jay UdomResult: Misleading