
សុខភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែជាប្រធានបទនៃការជជែក និងចែករំលែកនៅលើបណ្ដាញសង្គមជារឿយៗនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ក្នុងចំណោមនោះ ការអះអាងមួយលើបណ្ដាញសង្គមបានលើកឡើងថា មេដឹកនាំកម្ពុជារូបនេះ បានទទួលមរណភាពហើយ ហើយការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នា ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកែច្នៃ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួន៤សន្លឹក បង្ហាញអំពីទិដ្ឋភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែសម្រាកនៅលើគ្រែមន្ទីរពេទ្យ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនបានចូលរួមសួរសុខទុក្ខ។ ដូចគ្នានេះ រូបថតមួយសន្លឹកទៀត ក៏បានបង្ហាញនូវកម្រងផ្កាដែលមានរូបថតលោក ហ៊ុន សែន ភ្ជាប់ជាមួយនឹងការសរសេរថា «សពលោក ហ៊ុន សែន ការបូជាសព លោក ហ៊ុន សែន នៅភ្នំពេញ កំពង់ចាម ឬក៏បោះចោលឲ្យឆ្កែស៊ី?»។ ការបង្ហោះមួយនេះ ត្រូវបានប្រតិកម្មចម្រុះ និងចែកចាយតៗគ្នាជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកកម្ពុជា។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដោយបានសរសេររៀបរាប់ថា «សាងល្អឲ្យគេចាំ ប្រសេីរជាងសាងបាបកម្មឲ្យគេ ស្អប់ខ្ពេីម! មកខ្លួនទទេ ទៅវិញក៏ខ្លួនទទេ…មានលុយអាចទិញអ្វីៗ បានគ្រប់យ៉ាង! ក៏ប៉ុន្តែមិនអាចទិញបានឡើយ ជីវិត អមត!»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈ ការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google និងតាមរយៈការពិនិត្យមើលសារបង្ហោះនានា នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ដំណឹងមរណភាពរបស់មេដឹកនាំប្រទេស គួរតែត្រូវបានប្រកាសជាផ្លូវការដោយស្ថាប័នរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន និងតាមមធ្យោបាយនៃការផ្សព្វផ្សាយសំខាន់ៗដទៃទៀត។
រូបថតដែលមានទម្រង់ដូចគ្នានេះ ត្រូវបានរកឃើញនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ទៀ បាញ់ បង្ហោះកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ បង្ហាញនូវទិដ្ឋភាពលោក ទៀ បាញ់ និងថ្នាក់ដឹកនាំក្រសួងការពារជាតិដទៃទៀត បានអញ្ជើញចុះសួរសុខទុក្ខលោក ប៊ូ ថង ដែលបានកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងរាជធានីភ្នំពេញ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បានសរសេររៀបរាប់ថា «រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ខ្ញុំបានទៅសួរសុខទុក្ខ ឯកឧត្តម ព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ»។
ដូចគ្នានេះ តាមរយៈទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហោះនូវសកម្មភាព និងទិដ្ឋភាពរបស់់លោកនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ផងដែរកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ថ្មីៗនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ដែលបានសរសេររៀបរាប់ថា «សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា នៅវិមានសន្តិភាព ព្រឹកថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១»។
ករណីស្រដៀងគ្នាមួយនេះ ក៏ធ្លាប់បានត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់ដោយក្រុមការងារ Fact Crescendo Cambodia ផងដែរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីគេហទំព័រដែលមានចំណងជើងថា «លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានសុខភាពល្អធម្មតា»។
Fact Crescendo Cambodia Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិតច្បាប់ដើមនៃរូបថតនេះ គឺជារូបថតលោក ទៀ បាញ់ ចុះសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរស់រានមានជីវិតដូចធម្មតានៅឡើយទេ ហើយលោកទើបតែបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ថ្មីៗនេះ។

Title:លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានទទួលមរណភាពដូចការអះអាងនោះឡើយ
Fact Check By: Kakada SimResult: Altered
