
ខណៈដែលផលិតផលយីហោ Dior តែងតែជាចំណាប់អារម្មណ៍ចង់បានពីក្រុមអភិជននៅកម្ពុជានោះ ផលិតផលនេះ ត្រូវបានផ្សព្វផ្សាយដាក់លក់នៅលើអនឡាញជាមួយការបញ្ចុះតម្លៃដ៏ធំនៅអំឡុងព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា។ ថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយចំនួន បានផ្សាយថា ផ្សារទំនើបអ៊ីអនមានជ័យ បានបញ្ចុះតម្លៃយ៉ាងធំសម្រាប់ផលិតផល Dior ដោយគ្រាន់តែចុចទៅលើតំណភ្ជាប់មួយចំនួន។ ការផ្សាព្វផ្សាយនេះ ត្រូវបានបង្ហោះលើបណ្ដាញសង្គមជាច្រើនខែមកហើយ ហើយត្រូវបានចែករំលែកបន្តជាច្រើន។ ទោះជាយ៉ាងណា យើងរកឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងនោះ គឺជាវិធីឆបោកលើអនឡាញ។
ការអះអាងលើបណ្ដាញសង្គម
ទំព័រហ្វេសប៊ុកមួយមានឈ្មោះ AEON Mall Mean Chey បានបង្ហោះសារផ្សាយពាណិជ្ជកម្មថា កាបូបស្បែកប្រណិត Lady Dior របស់ក្រុមហ៊ុន Dior Cambodia ត្រូវបានដាក់លក់បញ្ចុះតម្លៃពិសេសរហូតដល់ទៅ ៦០ភាគរយអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីខែមេសាកន្លងមកនេះ។
ទំព័រហ្វេសប៊ុកនេះ បានបញ្ជាក់ថា ការបញ្ចុះតម្លៃនេះ គឺតម្រូវឱ្យអតិថិជនចុចទៅលើតំណភ្ជាប់ដែលមានភ្ជាប់នៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម ហើយការបញ្ចុះតម្លៃរហូតដល់ ៦០ភាគរយនេះ ត្រូវបានផ្ដល់ជូនអតិថិជនតែ ២០០នាក់ប៉ុណ្ណោះ ដែលបញ្ចាទិញផលិតផលនេះតាមអនឡាញ។
ការផ្សព្វផ្សាយពាណិជ្ជកម្មនេះ ត្រូវបានចែករំលែកបន្តជាច្រើន និងមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបញ្ចេញប្រតិកម្មចម្រុះបែបទៅនឹងពាណិជ្ជកម្មលក់ផលិតផលតាមអនឡាញនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សព្វផ្សាយលើបណ្ដាញសង្គមកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ជាមួយសំណេររៀបរាប់ថា “Dior Cambodia កំពុងឈានចូលយុគសម័យថ្មី យើងនឹងនាំមកជូននូវកាដូពិសេសសម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ! អំណោយរាប់ពាន់នឹងត្រូវបានផ្ញើទៅអ្នកនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយដ៏ធំបំផុតក្នុងឆ្នាំនេះ។ លេខកូដបញ្ចុះតម្លៃពិសេស ៦០%សម្រាប់ Lady Dior ផលិតផលកាបូបស្បែកប្រណិត នឹងត្រូវបានបម្រុងទុកសម្រាប់អតិថិជនដែលមានសំណាង ២០០នាក់ដំបូងដែលបានចុះឈ្មោះនៅហាងអនឡាញ SMALL LADY DIOR BAG: https://www.aeonmallphnompenh.online/lady-dior-bag ទទួលបានបទពិសោធន៍នៃកន្លែងទិញទំនិញដ៏ទំនើប និងទាក់ទាញដែលត្រូវបានរចនាឡើងដើម្បីបំផុសគំនិតអ្នករួមជាមួយនឹងការណែនាំអំពីរចនាបថពីបុគ្គលិកដ៏មានជំនាញរបស់យើងផ្ទាល់ផងដែរ”។

ទំព័រហ្វេសប៊ុកដដែលនេះ បន្តផ្សព្វផ្សាយលក់កាបូបយីហោ Dior ទៀតកាលពីសប្ដាហ៍មុននៅចំទិវាបុណ្យរំលឹកគុណម្ដាយ (International Mother’s Day) ដោយនិយាយថា ផលិតផលរបស់ក្រុមហ៊ុន Dior ត្រូវបានដាក់លក់បញ្ចុះតម្លៃរហូតដល់ ៦០ភាគរយសម្រាប់អតិថិជន ២០០នាក់ដំបូងដែលបញ្ជាទិញតាមតំណភ្ជាប់។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សាយពាណិជ្ជកម្មរបស់ទំព័រហ្វេសប៊ុក AEON MALL Mean Chey កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ជាភាសាអង់គ្លេស “Happy International Mother’s Day. Have you prepared a gift for your beloved mother yet? On the occasion of international mother’s day, Dior Cambodia offer 200 60% discount codes for some of our products. Get the offer now at the online store: Lady Dior bag: http://www.diorkh.online/ny-lady-dior. Show your love and appreciation on this special mother’s day. Hope you have a great experience with Dior Cambodia.”។

ក្រៅពីទំព័រហ្វេសប៊ុកខាងលើនេះ ទំព័រហ្វេសប៊ុកមួយទៀតមានឈ្មោះ Aeon Mall Mean Chey បានផ្សព្វផ្សាយលក់ទឹកអប់យីហោក្រុមហ៊ុននេះផងដែរ ដោយផ្សាយថា ក្រុមហ៊ុន Dior Cambodia លក់ទឹកអប់បញ្ចុះតម្លៃរហូតដល់ ៦៦ភាគរយ ដើម្បីអបអរខួប ៧៨ឆ្នាំរបស់ក្រុមហ៊ុនអន្តរជាតិមួយនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សាយពាណិជ្ជកម្មលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុក Aeon Mall Mean Chey កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ដែលរៀបរាប់ជាភាសាអង់គ្លេសថា “Dior Cambodia: Celebrate 78 years of Dior empire with Aeon Mall Mean Chey – Sale up to 66%. DiorKH would like to send to all of you living and working in Cambodia the biggest promotion of the year 200 discount codes up to 66% when purchasing high-end Dior Sauvage perfume samples at the online store: http://www.diorkh.store/dior_sauvage. The program sends thanks to everyone in Cambodia who has always trusted and supported Dior during the past time.”។

ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សាយពាណិជ្ជកម្មថ្មីបំផុតរបស់ទំព័រហ្វេសប៊ុក AEON MALL Mean Chey កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ឱកាសបុណ្យនៃសេចក្ដីស្រឡាញ់ប្រពៃណីចិន។

ទំព័រហ្វេសប៊ុកទាំងពីរនេះ បានផ្សព្វផ្សាយលក់ផលិតផលរបស់ក្រុមហ៊ុន Dior បែបនេះជាច្រើនខែមកហើយ។ គេអាចរកឃើញការផ្សាយពាណិជ្ជកម្មបែបនេះតាមរយៈតំណភ្ជាប់នៅទីនេះ (Link 1, Link 2, Link 3, Link 4, Link 5, Link 6, និង Link 7 )។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈកិច្ចសម្ភាសជាមួយក្រុមហ៊ុន Dior តំណាងផ្សារទំនើប AEON Mall Mean Chey និងផ្ទៀងផ្ទាត់ទៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ផ្សារទំនើបមួយនេះ។ យើងបានរកឃើញការពិតដូចខាងក្រោមនេះ។
នៅពេលយើងចុចទៅលើតំណភ្ជាប់ដែលបានភ្ជាប់ជាមួយការផ្សាយពាណិជ្ជកម្មនីមួយៗរបស់ទំព័រហ្វេសប៊ុកខាងលើនេះ យើងរកឃើញថា តំណភ្ជាប់ទាំងនោះ សុទ្ធតែមិនមានសុវត្ថិភាពនោះឡើយ។
នេះមានន័យថា ការចុចទៅលើតំណភ្ជាប់ទាំងនេះ បង្កហានិភ័យទៅដល់កុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិចដែលគ្មានប្រព័ន្ធការពារសុវត្ថិភាព (antivirus)រឹងមាំ។
ខាងក្រោមនេះ គឺជាសារដែលព្រមានដោយប្រព័ន្ធការពារសុវត្ថិភាព Bitdefender បន្ទាប់ពីយើងបានព្យាយាមចុចទៅលើតំណភ្ជាប់ដែលផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកទាំងពីរនោះ។

ជាងនេះទៅទៀត យើងបានរកឃើញថា ទំព័រហ្វេសប៊ុកទាំងពីរនេះ មិនមែនជាបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ផ្សារទំនើបអ៊ីអនមានជ័យនោះឡើយ ហើយក្រុមហ៊ុនផ្សារទំនើបរបស់ជប៉ុនមួយនេះ ក៏បានច្រានចោលនូវការផ្សព្វពាណិជ្ជកម្មរបស់ទំព័រហ្វេសប៊ុកទាំងពីរនេះដែរ។
ទំព័រហ្វេសប៊ុកផ្លូវការរបស់ផ្សារទំនើបអ៊ីអនមានជ័យ ឬផ្សារអ៊ីអន៣ មានអ្នកប្រើប្រាស់ហ្វេសប៊ុក 118K ចុច Like និងមានអ្នកតាមដាន 129K គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។
https://web.facebook.com/profile.php?id=100091856633692
នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្រុមហ៊ុនផ្សារទំនើបមួយនេះក៏បានប្រកាសប្រាប់សាធារណជនឱ្យដឹង និងប្រុងប្រយ័ត្នចំពោះទំព័រហ្វេសប៊ុកក្លែងក្លាយមួយចំនួនផងដែរ ដោយថា ទំព័រហ្វេសប៊ុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មាន“មិនពិត”។
ខាងក្រោមនេះ គឺជាសេចក្ដីប្រកាសព័ត៌មានរបស់ផ្សារទំនើបអ៊ីអន ម៉ល មានជ័យ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីឃើញការផ្សព្វផ្សាយលក់កាបូប Dior របស់ទំព័រហ្វេសប៊ុកមួយដែលដាក់ឈ្មោះដូចគ្នានឹងឈ្មោះផេកផ្សារទំនើបនេះ។
ខាងក្រោមនេះ គឺជាសេចក្ដីប្រកាសព័តមានមួយទៀតរបស់ផ្សារទំនើបអ៊ីអន ម៉ល មានជ័យ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីឃើញផេកហ្វេសប៊ុកមួយផ្សាយពាណិជ្ជកម្មលក់ទឹកអប់យីហៅ Dior។
ឆ្លើយតបមកកាន់ Fact Crescendo Cambodia ក្រុមហ៊ុន Christian Dior SE ហៅកាត់ខ្លីថា Dior បានបញ្ជាក់ថា ក្រុមហ៊ុនបារាំងមួយនេះ មិនមានការលក់តាមអនឡាញនៅក្នុងប្រទេសកម្ពុជានោះឡើយ ហើយថា គ្មានទំនាក់ទំនងអ្វីសោះនឹងផេកហ្វេសប៊ុកក្លែងក្លាយនៅកម្ពុជានោះឡើយ។
ក្រុមហ៊ុនផលិតផលគ្រឿងសម្អាង និងសម្លៀកបំពាក់មួយនេះ បានបញ្ជាក់ទៀតថា ក្រុមហ៊ុនមានវេបសាយផ្លូវការតែមួយគត់ (https://www.dior.com) សម្រាប់អតិថិជនឈ្វេងយល់ និងបញ្ជាទិញផលិតផលប្រណិតរបស់ខ្លួន។
សន្និដ្ឋានFact Crescendo Cambodia
បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ផេកហ្វេសប៊ុកដែលផ្សព្វផ្សាយលក់ផលិតផលរបស់ក្រុមហ៊ុន Dior សុទ្ធតែជាព័ត៌មានក្លែងក្លាយ ហើយរាល់ផលិតផលដែលផ្សព្វផ្សាយដោយផេកហ្វេសប៊ុកទាំងនោះ មិនមែនផ្នែកមួយនៃក្រុមហ៊ុន Dior នោះឡើយ។ តំណភ្ជាប់ជាមួយផេកហ្វេសប៊ុកទាំងនោះ សុទ្ធតែគ្មានសុវត្ថិភាពសម្រាប់អ្នកចុចចូលមើលនោះឡើយ។

Title:ទំព័រហ្វេសប៊ុកក្លែងក្លាយមួយចំនួនប្រើផលិតផល Dior ដើម្បីប្រព្រឹត្តការឆបោកតាមអនឡាញ
Written By: Jay UdomResult: False