តើគ.ជ.ប.តម្រូវឱ្យអ្នកបោះឆ្នោតផ្តិតមេដៃលើសន្លឹកឆ្នោតដូចការអះអាងមែនឬទេ?
ខណៈការបោះឆ្នោតជាតិខិតកាន់តែជិតចូលមកដល់នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ការអះអាងមួយលើកឡើងថា អ្នកបោះឆ្នោតដែលគូសសន្លឹកឆ្នោតចោល នឹងត្រូវបានរកឃើញអត្តសញ្ញាណបានដោយសារតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានតម្រូវឱ្យអ្នកបោះឆ្នោតផ្តិតមេដៃលើសន្លឹកឆ្នោត។ ការអះអាងមួយនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម ហើយទាក់ទាញបានការបញ្ចេញមតិយ៉ាងច្រើនផងដែរ។ ទោះជាយ៉ាងណា ក្រោយពីទទួលបានការបញ្ជាក់ពីមន្ត្រីរៀបចំការបោះឆ្នោត និងការពិនិត្យមើលបទប្បញ្ញត្តិច្បាប់បោះឆ្នោត យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
អ្នកប្រើប្រាស់បណ្ដាញសង្គម លោក ខាន់ ចាន់សុផល បានបង្ហោះវីដេអូមួយមានរយៈពេលជាង ១១នាទីនៅលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញនេះ ដោយលោកនិយាយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានតម្រូវឱ្យអ្នកបោះឆ្នោតផ្តិតមេដៃនៅលើសន្លឹកឆ្នោត ដែលអាចឱ្យគេដឹងពីអត្តសញ្ញាណអ្នកបោះឆ្នោតណាដែលបានគូសសន្លឹកឆ្នោតចោលនៅពេលបោះឆ្នោតថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
ការអះអាងរបស់លោក ចាន់សុផល ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ហើយនាំឱ្យមានការបញ្ចេញមតិចម្រុះបែបផងដែរចំពោះការរៀបរាប់របស់លោកអំពីរបៀបបោះឆ្នោតនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរបស់លោក ចាន់សុផល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ពោលត្រឹមតែ ៣ថ្ងៃមុនការបោះឆ្នោតនៅថ្ងៃអាទិត្យ ២៣ កក្កដាខាងមុខនេះ។
សកម្មជនគាំទ្របក្សកាន់អំណាចរូបនេះ ក៏បានបង្ហោះវីដេអូនេះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរកាលពីរសៀលថ្ងៃម្សិលមិញនេះ ប៉ុន្តែ បានដកចេញទៅវិញ បន្ទាប់ពីមានភាពចម្រូងចម្រាស់ និងប្រតិកម្មពីមហាជនមួយចំនួន។
ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានទាញយកពីការបង្ហោះនៅលើបណ្ដាញសង្គមដោយសកម្មជនបក្សកាន់អំណាច លោក ខាន់ ចាន់សុផល ហើយត្រូវបានរក្សាទុកនៅឯវេបសាយមួយ មុននឹងត្រូវបានដកចេញទៅវិញ។
បើទោះបីជាវីដេអូនេះ ត្រូវបានដកចេញវិញក៏ដោយ ប៉ុន្តែ វាត្រូវបានយកទៅផ្សព្វផ្សាយ ឬបង្ហោះបន្តដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀត។
ខាងក្រោមនេះ គឺជាវីដេអូរយៈពេល ១១:១១នាទីរបស់លោក ខាន់ ចាន់សុផល ដែលបានត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយឈ្មោះ នាគ ទេព ដែលត្រូវបានគេដឹងថាជាអ្នកនិយាយគាំទ្របក្សកាន់អំណាចមួយរូបផងដែរ។
វីដេអូនៃការអះអាងរបស់លោក ចាន់សុផល ក៏ត្រូវបានសារព័ត៌មានមួយចំនួនយកទៅចុះផ្សាយផងដែរ ហើយក៏បង្ហោះបន្តនៅលើបណ្ដាញសង្គមហ្វេសប៊ុកទៀត។
ខាងក្រោមនេះ គឺជាវីដេអូនៃការអះអាងរបស់លោក ចាន់សុផល ដែលត្រូវបានបង្ហោះបន្តនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុក News4Youth នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។
សម្រាប់វីដេអូនៃការអះអាងរបស់សកម្មជនបក្សកាន់អំណាចមួយនេះ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត សូមចូលទៅទស្សនាតាមតំណភ្ជាប់នៅទីនេះ ១, ២, ៣, ៤, ៥, ៦, ៧, ៨, ៩។
ការត្រួតពិនិតុ្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការស្វែងរកការបកស្រាយជុំវិញបញ្ហានេះពីមន្ត្រីបោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោតរបស់កម្ពុជា ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
Fact Crescendo Cambodia បានស្នើសុំការបកស្រាយបញ្ជាក់ពីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ឌឹម សុវណ្ណារុំ តាមរយៈបណ្ដាញទំនាក់ទំនងតេឡេក្រាមនៅល្ងាចថ្ងៃនេះ ប៉ុន្តែ លោកបានចង្អុលទៅវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាចំនួន ៣មាត្រា ដែលទើបត្រូវបានប្រកាសឱ្យប្រើប្រាស់នៅដើមខែកក្កដានេះ។
មាត្រាថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជាដែលចែងទាក់ទងនឹងការបោះឆ្នោត បានកំណត់បន្ថែមនូវលក្ខខណ្ឌសម្រាប់មានឈ្មោះបោះឆ្នោត និងមានសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យសម្រាប់ពលរដ្ឋកម្ពុជា និងការកំណត់បន្ថែមនូវសកម្មភាពមួយចំនួនទៀតដែលត្រូវបានហាមឃាត់នៅក្នុងដំណើរការរៀបចំ និងបោះឆ្នោត។
ទោះជាយ៉ាងណា គ្មានចំណុចណាមួយនៃខ្លឹមសារវិសោធនកម្មនេះ បានលើកឡើងពីការតម្រូវឱ្យប្រជាពលរដ្ឋផ្តិតមេដៃលើសន្លឹកឆ្នោតដូចដែលលោក ខាន់ ចាន់សុផល អះអាងនៅក្នុងវីដេអូរបស់លោកនោះឡើយ។
ទាក់ទងនឹងការអះអាងថា ពលរដ្ឋត្រូវបាន គ.ជ.ប. ឱ្យផ្ដិតមេដៃនៅលើសន្លឹកឆ្នោតនោះ អ្នកស្រី ម៉ៅ នួន ដែលជាមន្ត្រីរៀបចំការបោះឆ្នោតក្នុងសង្កាត់អូរចារ ស្ថិតក្នុងខេត្តបាត់ដំបង បានប្រាប់ Fact Crescendo Cambodia តាមទូរស័ព្ទថា គ្មានចំណុចនេះនៅក្នុងនីតិវិធីនៃដំណើរការបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះឡើយ។
មន្ត្រីរៀបចំការបោះឆ្នោតនៅថ្នាក់មូលដ្ឋានរូបនេះ បញ្ជាក់ថា ការអះអាងថា គ.ជ.ប. តម្រូវឱ្យផ្ដិតមេដៃលើសន្លឹកឆ្នោតនោះ មិនមែនជាព័ត៌មានត្រឹមត្រូវនោះឡើយ ដោយអ្នកស្រីបញ្ជាក់ថា ថ្នាក់ដឹកនាំ គ.ជ.ប. មិនបានជូនដំណឹង ឬណែនាំឱ្យធ្វើបែបនេះឡើយ។
សូមស្ដាប់ការពន្យល់របស់អ្នកស្រី ម៉ៅ នួន មន្ត្រីរៀបចំការបោះឆ្នោតនៅសង្កាត់ ស្ថិតនៅក្នុងខេត្តបាត់ដំបង នៅក្នុងកិច្ចសម្ភាសតាមទូរស័ព្ទនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។
គ.ជ.ប. បានណែនាំនូវជំហ៊ាននីមួយៗសម្រាប់អ្នកបោះឆ្នោតនៅក្នុងផ្នែក«ដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោត»នៃសៀវភៅសម្រាប់អ្នកបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំនេះដែលផ្សព្វផ្សាយនៅលើវេបសាយផ្លូវការរបស់ខ្លួន។
ខាងក្រោមនេះ សេចក្ដីណែនាំរបស់គ.ជ.ប. សម្រាប់អ្នកបោះឆ្នោត បន្ទាប់ពីបានរកឃើញឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតដែលត្រូវបិតផ្សាយនៅមុខការិយាល័យបោះឆ្នោត៖
ជំហានទី១៖ បង្ហាញម្រាមដៃទៅកាន់លេខាធិការ ដើម្បីបញ្ជាក់ថា គ្មានស្នាមទឹកខ្មៅលុបមិនជ្រះ
ជំហានទី២៖ បង្ហាញឯកសារសម្គាល់ខ្លួនទៅកាន់លេខាធិការ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានក្នុងបញ្ជីឈ្មោះបោះឆ្នោត
ជំហានទី៣៖ ដើរទៅទទួលសន្លឹកឆ្នោតដែលបោះត្រាសម្ងាត់ និងប្រគល់ជូនដោយអនុប្រធានការិយាល័យបោះឆ្នោត
ជំហានទី៤៖ ដើរទៅបន្ទប់សម្ងាត់ណាមួយដែលទំនេរ ដើម្បីគូសសន្លឹកឆ្នោត ដោយគ្មាននរណាម្នាក់ដឹងថា អ្នកគូសឱ្យគណបក្សណាមួយនោះឡើយ និងបត់សន្លឹកឆ្នោតទៅតាមផ្នត់ដើម
ជំហានទី៥៖ កាន់សន្លឹកឆ្នោតដែលបត់តាមផ្នើមដើមនោះ ដើរទៅកាន់ហិបឆ្នោត ហើយបង្ហាញផ្នែកខាងខ្នងសន្លឹកឆ្នោតដែលមានត្រាសម្ងាត់នោះទៅមន្ត្រីបោះឆ្នោតម្នាក់ មុននឹងស៊កទម្លាក់ចូលក្នុងហិបឆ្នោត
ជំហានទី៦៖ ជ្រលក់ម្រាមចង្អុលដៃខាងស្ដាំជាមួយទឹកខ្មៅដែលលុបមិនជ្រះ ដែលមានមន្ត្រីបោះឆ្នោតម្នាក់ជួយណែនាំ
ជំហានទី៧៖ អ្នកបោះឆ្នោតដើរចេញពីការិយាល័យបោះឆ្នោតជាការស្រេច។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ គឺជាព័ត៌មានក្លែងក្លាយ។ នីតិវិធីនៃការបោះឆ្នោតរបស់កម្ពុជា មិនតម្រូវឱ្យអ្នកបោះឆ្នោតនីមួយៗផ្តិតស្នាមម្រាមដៃណាមួយនៅលើសន្លឹកឆ្នោតនោះឡើយ ហើយច្បាប់បោះឆ្នោតកម្ពុជា បានកំណត់ថា ការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ត្រូវបានរក្សាជាសម្ងាត់។
Title:តើគ.ជ.ប.តម្រូវឱ្យអ្នកបោះឆ្នោតផ្តិតមេដៃលើសន្លឹកឆ្នោតដូចការអះអាងមែនឬទេ?
Written By: Jay UdomResult: False