Fact Check: រូប​ថត​តាំង​នៅ​ក្នុង​ខុទ្ទកាល័យ​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ត្រូវ​បាន​កាត់​ត

Altered Political

​ខណៈពេល​នឹង​មាន​​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​នៅ​ឆ្នាំ​ក្រោយ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នោះ ការ​ចោទ​ប្រកាន់​ និង​វាយ​ប្រហារ​រិះគន់​រវាង​គណបក្ស​នយោបាយ​មួយ​ទៅ​លើ​គណបក្ស​នយោបាយ​មួយ​ទៀត បានកើត​ឡើង​ព្រោង​ព្រាត​នៅ​លើ​បណ្តាញ​សង្គម​ ជាពិសេស​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។​

ក្នុង​ចំណោម​នោះ​​​​ ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ការិយាល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​រូបតាំង​របស់​​មេដឹក​នាំ​​វៀត​ណាមនោះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ឆ្នាំ​២០២១​​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ចូល​ទៅ​ក្នុង​ក្រុមហ្វេស​ប៊ុក​​ Cnrp Fresh News ដោយ​បាន​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់កម្ពុជាលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​អង្គុយ​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​របស់​លោក​។​ រូប​ថត​មួយ​សន្លឹក​ដដែរ​នេះ​ ក៏​​បង្ហាញ​អំពី​រូប​ថត​តាំង​នៅ​ពី​ក្រោយ​កៅ​អី​ដែល​លោក​កំពុង​អង្គុយ​ផង​ដែរ​ ដោយ​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​របស់​លោក​កំពុង​តែ​ឈរ​ចាប់​ដៃ​ជាមួយ​នឹង​មេដឹក​នាំ​របស់​ប្រទេស​វៀត​ណាម​។​

រូប​ថត​នេះ​ ត្រូវ​បាន​​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អា​ខ្វាក់​ ក្បត់​ជាតិ​ខ្មែរ​ ធ្វើ​បដិវត្តន៍​ពណ៌​ ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ស្រប​ច្បាប់​ប៉ុល​ពត​ យក​ទៅ​លក់​ឲ្យ​​យួន​ ដែល​ធ្វើ​ឲ្យ​​យួន​ឈ្លាន​ពាន​ និង​គ្រប់​គ្រង​ខ្មែរ​រហូត​មក​ដល់​ពេល​នេះ​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នៅ​ក្នុង​ការិយា​ល័យ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ផ្ទាល់​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មីនា​ ឆ្នាំ​២០២១​។​ រូប​ថត​ដដែរ​នេះ​ បាន​​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​ព្រះ​ឆាយាល៏ក្ខណ៍​របស់​សម្ដេច​តា​ សមេ្តច​យាយ​ និង​សម្ដេច​​ព្រះ​មហាក្សត្រ នរោត្តម​ សីហមុនី ដែល​តាំង​នៅ​ពី​ក្រោយ​កន្លែង​អង្គុយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ផង​ដែរ។​

រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សារាចរ​ណែនាំ​ ស្ដី​ពី​ការ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំខ្មែរ​ ប្រពៃណី​ជាតិ​ ពី​ ថ្ងៃ​ពុធ​ ៣កើត​ ខែ​ពិសាខ​ ឆ្នាំ​ឆ្លូវ​ ទោ​ស័ក​ ព.ស​២៥៦៤​ ដល់​ថ្ងៃ​សុក្រ​ ៥​កើត​ ខែ​ពិសាខ​ ឆ្នាំ​ឆ្លូវ​ ទោស័ក​ ព.ស​២៥៦៤​  ត្រូវ​នឹង​ថ្ងៃទី១៤​ ដល់​១៦​ ខែ​មេសា​ ឆ្នាំ​២០២១​ និង​វិធានបង្ការ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រាត​ត្បាត​នៃ​ជម្ងឺ​កូវីដ​-១៩​»។​

Facebook Post | Archived Link

តាម​រយៈ​សេចក្តី​រាយការណ៍​នៅ​ក្នុង​គេហ​ទំព័រ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​​មួយ Phnom Penh Post បាន​ចុះ​ផ្សាយផង​ដែរ​ ដោយ​មាន​បង្ហាញ​អំពី​រូប​ថត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​ក្នុង​ការិយា​ល័យ​របស់​លោក។​ រូប​ថត​​ផ្សាយ​ដោយ​គេហ​ទំព័រមួយ​នេះ​ ពុំ​បាន​បង្ហាញ​ទិដ្ឋ​ភាព​រូប​ថត​ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​វៀត​ណាមនោះ​ឡើយ​​​។​​

រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រសារព័ត៌​មាន​ Phnom Penh Post បាន​សរសេរ​រៀប​រាប់​​​​ចំណង​ជើង​ជា​ភាសា​អង់​គ្លេស​​​ថា «$8M to civil servants, military for holidays»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «៨​លាន​ដុល្លារ​ដល់​មន្រ្តី​រាជ​ការ​ និង​យោធា​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​»​។

The Phnom Penh Post’s Report | Archived Link

រូប​ថត​មួយ​សន្លឹក​ដែល​មានទម្រង់​ និង​ភិនភាគ​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រសារព័ត៌មាន​ Nokorwat News កាល​ពី​ថ្ងៃ​ទី​០២​​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ផង​ដែរ​ ដោយ​​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​តែ​ត្រួត​ពិនិត្យ​ឯកសារ​នៅ​ក្នុង​ការិយាល័យ​ផ្ទាល់​ខ្លួន​របស់​លោក​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន​ដែល​មាន​ចំណង​ជើង​រៀប​រាប់​ថា​​ «​​សម្តេច​តេជោ​ អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ថែរក្សា​សុខ​សន្តិភាព​ និង​ការ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​ជាតិ​យើង​ឲ្យ​បាន​យូរ​អង្វែង​»​។​

Nokorwat News’s Report | Archived Link

នៅ​ក្នុង​សេចក្តី​រាយការណ៍​មួយ​ផ្សេង​ទៀត​របស់​គេហទំព័រសារ​ព័ត៌​មាន Nokor Dragon News ដែល​ផ្សព្វ​ផ្សាយ​​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា​​ ឆ្នាំ​២០១៦​​​កន្លង​ទៅ​ ក៏​បាន​បង្ហាញ​អំពី​រូប​ថត​មួយ​សន្លឹក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​អង្គុយ​ធ្វើ​ការ​នៅ​ក្នុង​ការិយាល័យ​របស់​លោក​ផង​ដែរ​។​ រូប​ថត​តាំង​នៅ​ក្នុង​ការិយាល័យ​របស់​លោក​ ពុំ​បាន​បង្ហាញ​ទិដ្ឋ​ភាព​រូប​ថត​ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​វៀត​ណាម​ដូច​ទៅ​នឹង​ការ​បង្ហោះ​ខាង​លើ​នោះ​ទេ​​។​​

Nokor Dragon News’s Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ និង​អះ​អាង​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​​ រូប​ថត​មួយ​សន្លឹកនេះ​​ ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ ច្បាប់​ដើម​នៃ​រូប​ថត​ដែល​ដាក់​តាំង​នៅ​ក្នុង​ការិយាល័យ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​សែន​ នោះ គឺ​ជារូប​ព្រះ​ឆាយាល៏ក្ខណ៍​របស់​សម្ដេច​តា​ សមេ្តច​យាយ​ និង​សម្ដេច​​នរោត្តម​ សីហមុនី។​

Avatar

Title:រូប​ថត​តាំង​នៅ​ក្នុង​ខុទ្ទកាល័យ​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ត្រូវ​បាន​កាត់​ត

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.