
បន្ទាប់ពីគណបក្សឆ្ពោះទៅមុខរបស់ថៃ បានឈ្នះការបោះឆ្នោតកាលពីខែមុនមក សារព័ត៌មាននានានៅកម្ពុជា បានចុះផ្សាយសម្ដីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងថា គណបក្សឈ្នះឆ្នោតនៅថៃ មានគោលនយោបាយបណ្ដេញពលករបរទេសចេញពីប្រទេសថៃ។ ព័ត៌មាននេះ ត្រូវបានចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ការលើកឡើងនេះ មិនមែនជាព័ត៌មានពិតនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីដើមខែមិថុនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈថា គោលនយោបាយរបស់នាយករដ្ឋមន្ត្រីថ្មីប្រទេសថៃ នឹងបណ្ដេញពលករបរទេសក្នុងនោះមានទាំងពលករខ្មែរផងដែរ ចេញពីប្រទេសរបស់គេ។
លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងវេទិកាជួបសំណេះសំណាលជាមួយកម្មករកម្មការិនីរោងចក្រកាត់ដេរនៅឯស្រុកពញាឮ ស្ថិតក្នុងខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។
លោក ហ៊ុន សែន ថ្លែងថា «មិនទាន់បានអីផង នៅក្នុងប្រទេសថៃ បានគំរាមបណ្ដេញចេញនូវកម្មករកម្ពុជា និងកម្មករឡាវទៅហើយ។ ខ្ញុំគ្រាន់តែផ្ដាំទៅថា អ្នកឈ្នះឆ្នោតក្នុងប្រទេសថៃ ខ្ញុំមិនជ្រៀតជ្រែកនយោបាយរបស់អ្នកទេ ក៏ប៉ុន្តែ សង្ឃឹមថា អ្នកនឹងមើលឱ្យឆ្ងាយពីជាងប្រទេសថៃ ហើយអ្នកជាអ្នកឈ្នះឆ្នោត ក៏ប៉ុន្តែ មិនប្រាកដថា អ្នកនឹងក្លាយទៅជានាយករដ្ឋមន្ត្រី និងបង្កើតរដ្ឋាភិបាលបានទេ»។
លោក ហ៊ុន សែន ថ្លែងបន្តថា «ប៉ុន្តែ អ្នកបានដាក់ចេញនូវនយោបាយមួយដែលវាបានបង្កនូវគ្រោះថ្នាក់មិនមែនគ្រាន់តែសេដ្ឋកិច្ច គ្រាន់តែពលករកម្ពុជា និងពលករឡាវនោះទេ តែវាខូចខាតដល់សហគ្រាសរបស់ថៃ ដែលកំពុងប្រើប្រាស់ពលករមកពីកម្ពុជា មកពីឡាវ ហើយមកពីមីយ៉ាន់ម៉ាផងដែរ។ ដូច្នេះ យើងត្រូវតាមដានឱ្យហ្មត់ចត់ដើម្បីធានាពលកររបស់យើងធ្វើការនៅក្នុងប្រទេសថៃ ដែលរដ្ឋាភិបាលរបស់ ប្រាយុទ្ធ ច័ន្ទអូចា បានបង្កលក្ខណៈពីកម្មករមិនស្របច្បាប់ឱ្យទៅជាកម្មករស្របច្បាប់»។
ខាងក្រោមនេះ គឺជាវីដេអូលោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីនៅឯស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ដែលត្រូវបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។
សម្ដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានដកស្រង់យកទៅចុះផ្សាយព្រោងព្រាតដោយសារព័ត៌មាននានានៅក្នុងប្រទេសកម្ពុជា និងត្រូវបានបង្ហោះចែករំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅសប្ដាហ៍ដំបូងនៃខែមិថុនានេះ។
សារព័ត៌មាន Fresh News ដែលត្រូវបានគេដឹងថាជាសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលលោក ហ៊ុន សែន បានចុះផ្សាយអត្ថបទព័ត៌មានជាភាសាខ្មែរដាក់ចំណងជើងថា «សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មលើគោលនយោបាយរបស់មេបក្សឈ្នះឆ្នោតនៅថៃ ដែលចង់បណ្ដេញពលករខ្មែរ/ឡាវចេញពីប្រទេសថៃ»។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ (archived)។
សារព័ត៌មានខ្មែរថាមស៍ (Khmer Times) ក៏បានចេញផ្សាយការថ្លែងរបស់មេដឹកនាំកម្ពុជារូបនេះនៅក្នុងអត្ថបទព័ត៌មានជាភាសាអង់គ្លេសមានចំណងជើងថា «Thailand proposed labour policy of expelling workers unacceptable to Cambodia»។

ការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានចែករំលែកបន្តនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។ សូមមើលការចែករំលែកការអះអាងរបស់លោក ហ៊ុន សែន នៅលើបណ្ដាញសង្គមតាមរយៈតំណភ្ជាប់នៅទីនេះ ឬតាមរយៈតំណភ្ជាប់មួយទៀតនៅទីនេះ។
ការត្រួតពិនិតុ្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈការពិនិត្យមើលការបកស្រាយពីខាងភាគីថៃ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
សារព័ត៌មានថៃ Thai PBS បានចុះផ្សាយការបកស្រាយរបស់លោក ភីថា លីមចារ៉ើនរ៉ាត់ (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ ដែលបានឈ្នះការបោះឆ្នោតកាលពីខែមុន និងឈានទៅកាន់តំណែងនាយករដ្ឋមន្ត្រីដឹកនាំប្រទេសថៃនាពេលឆាប់ៗខាងមុខ។
ឆ្លើយតបនឹងការលើងឡើងរបស់មេដឹកនាំកម្ពុជាជុំវិញបញ្ហាពលករបរទេសនៅប្រទេសថៃនោះ អនាគតនាយករដ្ឋមន្ត្រីថៃរូបនេះ បញ្ជាក់ថា ការឡើងលើករបស់លោក ហ៊ុន សែន គឺជាព័ត៌មានមិនត្រឹមត្រូវនោះឡើយ ហើយថា ពលករបរទេសនៅក្នុងប្រទេសថៃ គឺជាផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍសេដ្ឋកិច្ចថៃ។
ខាងក្រោមនេះ គឺជាសម្ដីលោក ភីថា លីមចារ៉ើនរ៉ាត់ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មានថៃ Thai PBS ចុះផ្សាយកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

Fact Crescendo Cambodia ក៏បានរកឃើញវីដេអូដែលបង្ហាញលោក ភីថា លីមចារ៉ើនរ៉ាត់ ថ្លែងទៅកាន់អ្នកសារព័ត៌មានដែលចោទសួរជុំវិញការលើកឡើងរបស់លោក ហ៊ុន សែន ផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូនៃការថ្លែងរបស់លោក ភីថា លីមចារ៉ើនរ៉ាត់ ដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកដោយទំព័រហ្វេសប៊ុកមួយឈ្មោះ สำนักข่าวราษฎร – Ratsadon News កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។
ក្រុមការងារ Fact Crescendo នៅក្នុងប្រទេសថៃ ក៏បានស្វែងរកការពិតជុំវិញការអះអាងរបស់លោក ហ៊ុន សែន ផងដែរ។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនមែនជាព័ត៌មានពិតនោះឡើយ។ មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក ភីថា លីមចារ៉ើនរ៉ាត់ ដែលនឹងឡើងកាន់តំណែងនាយករដ្ឋមន្ត្រីថៃនាពេលឆាប់ៗខាងមុខនេះ បញ្ជាក់ថា រដ្ឋាភិបាលដឹកនាំដោយគណបក្សរបស់លោក គ្មានគោលនយោបាយបណ្ដេញពលករបរទេសចេញពីប្រទេសថៃទេ។ ជាងនេះទៅទៀត លោកបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលលោកចំពោះការលើកស្ទួយសេចក្ដីថ្លៃថ្នូរ និងសិទ្ធិពលករបរទេសនៅក្នុងប្រទេសថៃ ដោយសារតែពួកគេរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចថៃ។

Title: មេបក្សឈ្នះឆ្នោតថៃបញ្ជាក់ថា រដ្ឋាភិបាលថ្មីរបស់ថៃគ្មានគោលនយោបាយបណ្ដេញពលករបរទេសទេ
Written By: Jay UdomResult: False
