តើស៊ុយអែតបានដាក់បញ្ចូលការរួមភេទក្នុងវិញ្ញាសារកីឡាផ្លូវការមុនដំបូងគេមែនដែរឬទេ?
ខណៈពេលដែលកីឡា ត្រូវបានគេស្គាល់ថា គឺជាការបញ្ចេញនូវកាយវិការ ចលនា ប្រកួត ដើម្បីបញ្ចេញញើស និងជាតិពុលផ្សេងៗនៅក្នុងខ្លួននោះ ការអះអាងមួយបានលើកឡើងយ៉ាងព្រោងព្រាតថា ប្រទេសស៊ុយអែត បានចាត់ទុកការរួមភេទ ទៅជាកីឡាផ្លូវការមួយនៅក្នុងប្រទេសរបស់ខ្លួន។ ការអះអាងនេះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតដោយទំព័រហ្វេសប៊ុក និងអ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយ ឈ្មោះថា «Shane Sinclair» បានបង្ហោះវីដេអូឃ្លីបព័ត៌មានមួយ ដោយបានរាយការណ៍ថា ប្រទេសស៊ុយអែត បានក្លាយជាប្រទេសទីមួយ លើកដំបូងគេ ដែលដាក់ចូល និងចាត់ទុកការរួមភេទ គឺជាកីឡាផ្លូវការនៅក្នុងប្រទេសខ្លួន។ ការអះអាងបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកប្រតិកម្ម និងចែកចាយជាច្រើនដង។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង បង្ហោះដោយទំព័រហ្វេសប៊ុកខាងលើ ដែលមានការបញ្ចេញមតិ និងចែករំលែកយ៉ាងផុសផុល។
ការលើកឡើងស្រដៀងគ្នានេះ ក៏ទទួលបានការចែករំលែកជាច្រើនដង ខណៈដែលមានការបញ្ចេញមតិយោបល់ជាច្រើន និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកមួយ ដែលបានសរសេរជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរថា ប្រទេសស៊ុយអែត បានក្លាយជាប្រទេសដំបូងគេ ដែលបានដាក់ការរួមភេទ គឺជាកីឡាផ្លូវការ។
ការអះអាងបែបនេះ ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនផ្សេងទៀត នាប៉ុន្មានថ្ងៃចុងក្រោយនេះផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link), ឬតំណភ្ជាប់មួយនៅទីនេះ (archived link), និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើ តាមរយៈការបំភ្លឺពីសហព័ន្ធកីឡាស៊ុយអែត និងសេចក្ដីរាយការណ៍ពីសារព័ត៌មានអន្ដរជាតិដូចខាងក្រោម។
តាមរយៈគេហទំព័រសារព័ត៌មានមួយរបស់ប្រទេសស៊ុយអែត Goteborg-Posten ផ្សព្វផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅ បានបញ្ជាក់ថាការប្រកួតរួមភេទ នឹងមិនត្រូវបានដាក់ចូល ឬចាត់ទុកជាផ្នែកមួយនៃសហព័ន្ធកីឡារបស់ជាតិ (ប្រទេសស៊ុយអែត) នោះឡើយ។ ខ្លឹមសារសរសេរដោយគេហទំព័រសារព័ត៌មានខាងលើមួយនេះ បានឱ្យដឹងថាសហព័ន្ធរួមភេទស៊ុយអែត បានដាក់ពាក្យស្នើសុំចូលជាសមាជិកមួយ នៅក្នុងសហព័ន្ធកីឡាជាតិរបស់ប្រទេសស៊ុយអែត តែសំណើរស្នើសុំមួយនេះ ត្រូវបានបដិសេធ និងមិនទទួលស្គាល់នោះទេ។
Goteborg-Posten News Report | Archived Link
កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ទីភ្នាក់ងារព័ត៌មាន Reuters ក៏បានចុះផ្សាយ និងបញ្ជាក់ឱ្យដឹងផងដែរថា ការផ្សព្វផ្សាយយ៉ាងផុសផុលថា ប្រទេសស៊ុយអែត បានដាក់ចូលការរួមភេទជាកីឡាផ្លូវការ នោះ គឺមិនពិតនោះឡើយ។ អានព័ត៌មានលម្អិត តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived)។
ដូចគ្នានេះ ករណីខាងលើ ក៏ត្រូវបានផ្ទៀងផ្ទាត់ និងត្រួតពិនិត្យការពិត ដោយក្រុមការងារ Fact Crescendo ស្រីលង្កា កាលពីពេលថ្មីៗកន្លងទៅ ដោយបានរកឃើញថា ការអះអាងខាងលើនេះ គឺមិនត្រឹមត្រូវផងដែរ ដោយការបង្ហោះបែបនេះ គឺបង្កើតឡើងក្នុងគោលបំណងលាបពណ៌ប្រទេសស៊ុយអែតតែប៉ុណ្ណោះ។
Fact Crescendo Sri Lanka | Archived Link
ក្រុមការងាររបស់ Fact Crescendo ក៏បានធ្វើការស្នើសុំបញ្ជាក់បំភ្លឺករណីខាងលើនេះដោយផ្ទាល់ ទៅកាន់សហព័ន្ធកីឡាប្រចាំប្រទេសស៊ុយអែត តាមរយៈសារអេឡិចត្រូនិក (Email) ដែលសហព័ន្ធកីឡានៃប្រទេសមួយនេះ បានបដិសេធនូវការអះអាងខាងលើ ហើយបានច្រានចោលថាប្រទេសស៊ុយអែត និងមិនបានចាត់ទុកការរួមភេទ គឺជាកីឡាផ្លូវការមួយនៅក្នុងប្រទេសនោះឡើយ។
ខាងក្រោមនេះ គឺជាការបញ្ជាក់តាមរយៈសារអេឡិចត្រូនិក (Email) របស់អ្នកស្រី Cecilia Lunell ដែលជាអ្នកគ្រប់គ្រងគោលនយោបាយ នៅសហព័ន្ធកីឡាជាតិប្រទេសស៊ុយអែត។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលបានរៀបរាប់ដូចខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ តាមការបំភ្លឺរបស់សហព័ន្ធកីឡានៃប្រទេសស៊ុយអែត បានបញ្ជាក់ថាប្រទេសស៊ុយអែត មិនបានដាក់ការរួមភេទ ទៅជាប្រភេទកីឡាផ្លូវការនៅក្នុងសហព័ន្ធកីឡារបស់ខ្លួននោះទេ។
Title:តើស៊ុយអែតបានដាក់បញ្ចូលការរួមភេទក្នុងវិញ្ញាសារកីឡាផ្លូវការមុនដំបូងគេមែនដែរឬទេ?
Written By: Kakada SimResult: Misleading