តើ​អាមេរិក​ហាម​ពលរដ្ឋ​ឱ្យ​ផ្អាក​បរិភោគ​អយស្ទ័រ​ទូទាំង​ប្រទេស​មែន​ឬទេ?

Health Misleading

ខណៈ​ដែល​ជំងឺ Norovirus កំពុង​តែ​ផ្ទុះ​នៅ​តាម​ប្រទេស​មួយ​ចំនួន ការ​អះអាង​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នា​សប្ដាហ៍​នេះ បាន​និយាយ​ថា អាមេរិក​បាន​ប្រកាស​ឱ្យ​ប្រជាជន​ខ្លួន​ផ្អាក​បរិភោគ​អយស្ទ័រ​ជា​បន្ទាន់ ក្រោយ​រក​ឃើញ​មេរោគ​ប្រភេទ​នេះ​នៅ​ក្នុង​គ្រឿង​សមុទ្រ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បង្ហាញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ប្រព័ន្ធ​ផ្សព្វផ្សាយ​​មួយ​នៅ​កម្ពុជា បាន​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ពីរ​ថ្ងៃ​មុនថា អាមេរិក​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​រប​ស់​ខ្លួន​ផ្អាក​ទទួល​ទាន​អយស្ទ័រ​ជា​បន្ទាន់ បន្ទាប់​ពី​រក​ឃើញ​ថា គ្រឿង​សមុទ្រ​ប្រភេទ​នេះ​មាន​ផ្ទុក​វីរុស​​ណូរ៉ូ (Norovirus) និង​មាន​ករណី​ឆ្លង​កើត​ឡើង។

បន្ទាប់​ពី​ព័ត៌មាន​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម វា​ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ និង​មតិ​យោបល់​ចម្រុះ​បែប​ទៅ​នឹង​ព័ត៌មាន​នេះ ដោយ​ជឿ​លើ​ព័ត៌មាន​មួយ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ក្ដៅៗ! អាមេរិក​ប្រកាស​ឱ្យ​ពលរដ្ឋ​ផ្អាក​ញ៉ាំ​អយស្ទ័រ​បន្ទាន់ ក្រោយ​រក​ឃើញ​មាន​ផ្ទុក​មេរោគ Norovirus និង​មាន​ករណី​ឆ្លង”។

Facebook Post | Archived Link

ព័ត៌មាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ចម្លង​យក​ទៅ​បង្ហោះ​​បន្ត ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ផង​ដែរ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​ជឿ​ទៅ​តាម​ការ​ផ្សាយ​ព័ត៌មាន​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយកាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​ចម្លង​ព័ត៌មាន​ទាំង​ស្រុង។

Facebook Post | Archived Link

ទំព័រហ្វេសប៊ុក​មួយ​ទៀត​ក៏​បាន​ចម្លង​ព័ត៌មាន​នេះ​យក​ទៅ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១​ពាន់​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា​ជាច្រើន បាន​ជឿ​ទៅ​តាម​ព័ត៌មាន​នេះ។

Facebook Post | Archived Link

ដោយសារ​តែ​វា​កំពុង​តែ​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម គេ​អាច​រក​មើល​ការ​អះអាង​នេះ​តាម​រយៈ​ការ​បង្ហោះ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)​ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការ​​ពិនិត្យ​មើល​ព័ត៌មាន​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​នៅ​អាមេរិក ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ដោយ​ស្វែង​រក​ព័ត៌មាន​តាម​រយៈ​ពាក្យ​គន្លឹះ “Oyster in the U.S.” យើង​បាន​រក​ឃើញ​ព័ត៌មាន​ជាច្រើន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​នានា​នៅ​សហរដ្ឋ​អាមេរិក ដែល​និយាយ​អំពី​ទំនាក់​ទំនង​រវាង​អយស្ទ័រ និង​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ Norovirus នា​ពេល​ថ្មីៗ​នេះ។

នៅ​សេចក្ដី​រាយការណ៍​មួយ​របស់​សារព័ត៌មាន USA TODAY កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ឱ្យ​ដឹង​ថា រដ្ឋបាល​គ្រប់​គ្រង​ឱសថ និង​ចំណី​អាហារ​សហរដ្ឋ​អាមេរិក (FDA) បាន​ចេញ​សេចក្ដី​ណែនាំ​ជា​បន្ត​បន្ទាប់​ទៅ​ប្រជាជន​អាមេរិក​កុំ​ឱ្យ​បរិភោគ​អយស្ទ័រ​ និង​គ្រុំ​ដែល​បង្ក​ឱ្យ​អ្នក​បរិភោគ​ពុល។

សេចក្ដី​រាយការណ៍​បន្ថែម​ទៀត​ថា FDA បាន​ណែនាំ​កុំ​ឱ្យ​បរិភោគ​​គ្រឿង​សមុទ្រ​ទាំង​ពីរ​ប្រភេទ​នេះ ដែល​មាន​ប្រភព​មក​ពីខេត្ត British Columbia របស់​កាណាដា ហើយ​គ្រឿង​សមុទ្រ​ទាំង​ពីរ​ប្រភេទ​នេះ ក៏​ត្រូវ​បាន​ប្រមូល​ត្រឡប់​មក​វិញ​សម្រាប់​រដ្ឋ​ California។

ឆ្លើយ​តប​នឹង Fact Crescendo តាម​អ៊ីម៉ែល មន្ត្រី​កិច្ចការ​សាធារណៈ​នៃស្ថាប័ន​គ្រប់​គ្រង​ចំណី​អាហារ និង​ឱសថ​អាមេរិក អ្នក​ស្រី Janell Goodwin បាន​​ចង្អុល​បង្ហាញ​ទៅ​សេចក្ដី​ណែនាំ​របស់ FDA ​ចេញ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​លើ​វេបសាយ​របស់​ស្ថាប័ន​នេះ។

នៅ​លើ​វេបសាយ​របស់ FDA បាន​ជូន​ដំណឹង​បជា​បន្ត​បន្ទាប់​ទៅ​ភោជនីយដ្ឋាន​មួយ​ចំនួន និង​ប្រជាជន​នៅ​តាម​រដ្ឋ​មួយ​ចំនួន​ កុំ​ឱ្យ​លក់ និង​បរិភោគ​អយស្ទ័រ និង​គ្រុំ​សមុទ្រ​ដែល​ត្រូវ​បាន​នាំ​ចូល​ពី​ប្រភព​មួយ​ចំនួន និង​ប្រមូល​ផល​​នៅ​ចន្លោះ​ពេល​ជាក់​លាក់​ណា​មួយ។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ស្ថាប័ន​គ្រប់​គ្រង​សុវត្ថិភាព​ចំណី​អាហារ និង​ឱសថ​អាមេរិក​មួយ​នេះ បាន​ណែនាំ​ភោជនីយដ្ឋាន​ និង​ប្រជាជន​នៅ​រដ្ឋ Arizona រដ្ឋ California រដ្ឋ Florida រដ្ឋ Massachusetts រដ្ឋ Michigan រដ្ឋ New York និង​ Washington កុំ​ឱ្យ​លក់ និង​បរិភោគ​​អយស្ទ័រ និង​គ្រុំ​សមុទ្រ​ ដែល​បាន​ទិញ​ពី​ក្រុមហ៊ុន Rudy’s Shellfish នៅ​ចន្លោះ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤។

FDA បាន​បញ្ជាក់​ថា គ្រឿង​សមុទ្រ​ទាំង​ពីរ​ប្រភេទ​នេះ​ដែល​ប្រមូល​ផល​នៅ​ចន្លោះ​ពេល​ដូច​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​ប្រមូល​ត្រឡប់​មក​វិញ​ព្រោះ​ថា គ្រឿង​សមុទ្រ​ទាំង​នេះ​អាច​ផ្ទុក​នូវ​ជំងឺ Norovirus ដោយសារ​វា​ត្រូវ​បាន​ចិញ្ចឹម​នៅ​រដ្ឋ Washington ដែល​មាន​ផ្ទុះ​ជំងឺ Norovirus។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ទៀត​នៅ​ពីរ​ថ្ងៃ​បន្ទាប់​មក​ទៀត​នោះ FDA ក៏​បាន​ណែនាំ​ទៅ​ភោជនីយដ្ឋាន និង​ប្រជាជន​នៅ​រដ្ឋ Arizona រដ្ឋ California រដ្ឋ Colorado រដ្ឋ​ធានី DC រដ្ឋ Florida រដ្ឋ Georgia រដ្ឋ Hawaii រដ្ឋ Illinois រដ្ឋ Kentucky រដ្ឋ Missouri រដ្ឋ Nevada រដ្ឋ New Jersey រដ្ឋ New York រដ្ឋ North Carolina និង​រដ្ឋ Pennsylvania កុំ​ឱ្យ​លក់ និង​បរិភោគ​អយស្ទ័រ​នាំ​ចូល​ពី​ខេត្ត British Columbia របស់​កាណាដា ដែល​ត្រូវ​បាន​ប្រមូល​ផល​នៅ​ចន្លោះ​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២៤។

FDA ក៏​បាន​ថា គ្រឿង​សមុទ្រ​នេះ​អាច​ផ្ទុក​ទៅ​ដោយ​មេរោគ Norovirus ដោយសារ​តែ​វា​​នាំ​ចូល​ពី​ខេត្ត​ British Columbia របស់​កាណាដា​ ជា​តំបន់​មាន​ផ្ទុះ​ជំងឺ​ Norovirus នេះ។

កាល​ពី​ខែ​មិថុនា​កន្លងមក FDA ក៏​បាន​ចេញ​សេចក្ដី​ណែនាំ​ដូច​គ្នា​នេះ​ផង​ដែរ​ទៅ​បណ្ដាញ​ភោជនីយដ្ឋាន និង​អ្នក​បរិភោគ​នៅ​ក្នុង​រដ្ឋ​ Hawaii និង​រដ្ឋ California កុំ​ឱ្យ​លក់ និង​បរិភោគ​​អយស្ទ័រ ដែល​ជា​ផលិត​ផល​របស់​ក្រុមហ៊ុ​ន Central Fisheries Co., LTD របស់​កូរ៉េ​ខាង​ត្បូង ដោយ​ថា គ្រឿង​សមុទ្រ​ប្រភេទ​នេះ​ដែល​ត្រូវ​បាន​ប្រមូល​ផល​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ដើម​ឆ្នាំ​នេះ មាន​ផ្ទុក​ទៅ​ដោយ​មេរោគ Norovirus។

បើ​តាម​ស្ថាប័ន​គ្រប់​គ្រង​សុវត្ថិភាព​ចំណី​អាហារ និង​ឱសថ​មួយ​នេះ វិធានការ​ណែនាំ​នេះ មិន​មែន​ធ្វើ​ឡើង​ទូទៅ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នោះ​ឡើយ ហើយ​វិធានការ​នេះ ធ្វើ​ឡើង​តែ​នៅ​ក្នុង​រដ្ឋ​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាងលើ​នេះ​ប៉ុណ្ណោះ។

វិធានការ​នេះ ក៏​ត្រូវ​បាន​អនុវត្ត​ចំពោះ​ផលិត​ផល​អយស្ទ័រ និង​គ្រុំ​សមុទ្រ​ដែល​ប្រមូល​ផល​អំឡុង​ពេល​ជាក់​លាក់ និង​នាំ​ចូល​ពី​ប្រភព​ដែល​មាន​ផ្ទុះ​ជំងឺ Norovirus តែ​ប៉ុណ្ណោះ។

FDA បាន​បញ្ជាក់​ថា មនុស្ស​គ្រប់​វ័យ​អាច​ឆ្លង​មេរោគ Norovirus និង​ធ្លាក់​ខ្លួន​ឈឺ ដែល​គេ​អាច​កត់​សម្គាល​បាន​តាម​រយៈ​រោគ​សញ្ញា​នានា ដូចជា រាគរូស ក្អូត​ចង្អោរ ចុក​ឆ្អល និង​ឈឺ​ពោះ។ អការៈ​ផ្សេង​ទៀត អាច​មាន​ដូចជា ក្ដៅ​ខ្លួន ឈឺ​ក្បាល និង​ឈឺ​រាង​កាយ។

បើ​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន The New York Times បាន​ឱ្យ​ដឹង​ថា មនុស្ស​យ៉ាង​តិច ៨០​នាក់ បាន​ធ្លាក់​ខ្លួន​ឈឺ​ក្រោយ​បរិភោគ​អយស្ទ័រ​ឆៅ​នៅ​ក្នុង​វេទិកា​ភោជនីយដ្ឋាន​ប្រចាំ​ឆ្នាំ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​ទីក្រុង Los Angeles នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២៤​។

សារព័ត៌មាន​អាមេរិក​មួយ​នេះ​ដែល​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​សុខាភិបាល​ បាន​រាយការណ៍​ថា ការ​ធ្លាក់​ខ្លួន​ឈឺ​របស់​មនុស្ស​ដ៏​ច្រើន​បែប​នេះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ Norovirus មាន​ពាក់​ព័ន្ធ​នឹង​អយស្ទ័រ។

ក្រោយ​ហេតុការណ៍​នេះ​កើត​ឡើង ស្ថាប័ន FDA របស់​អាមេរិក បាន​ចេញ​សេចក្ដី​ណែនាំ​ទៅ​ភោជនីយដ្ឋាន និង​អ្នក​លក់​រាយ កុំ​ឱ្យ​លក់ និង​ចែក​​ចាយ​បន្ត​នូវ​អយស្ទ័រ និង​គ្រុំ​សមុទ្រ​មាន​ប្រភព​មក​ពី​រដ្ឋ​ Washington ដោយ​ថា គ្រឿង​សមុទ្រ​នោះ​មាន​ផ្ទុក​មេរោគ Norovirus។

Follow Us and Stay Up to Date with Our Latest Fact-Checks

Facebook | Twitter | Telegram | TikTok | WhatsApp | Instgram

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ស្ថាប័ន​គ្រប់​គ្រង​សុវត្ថិភាព​ចំណី​អាហារ និង​ឱសថ​របស់​អាមេរិក បាន​ចេញ​សេចក្ដី​ណែនាំ​ទៅ​កាន់​ភោជនីយដ្ឋាន និង​អ្នក​បរិភោគ​នៅ​តាម​រដ្ឋ​មួយ​ចំនួន កុំ​ឱ្យ​បរិភោគ​អយស្ទ័រ និង​គ្រុំ​សមុទ្រ​ ដែល​ត្រូវ​បាន​នាំ​ចូល​ពី​តំបន់​មាន​ផ្ទុះ​ជំងឺ Norovirus តែ​ប៉ុណ្ណោះ។ វិធានការ​របស់ FDA នេះ មិន​គ្រប​ដណ្ដប់​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក និង​មិន​គ្រប​ដណ្ដប់​ទៅ​លើ​អយស្ទ័រ​របស់​ក្រុមហ៊ុន​ទាំង​អស់​នោះឡើយ។

Avatar

Title:តើ​អាមេរិក​ហាម​ពលរដ្ឋ​ឱ្យ​ផ្អាក​បរិភោគ​អយស្ទ័រ​ទូទាំង​ប្រទេស​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *