រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​នៅ​ខាង​មុខ​ហាង​ទឹក​អប់​ DIOR ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះអាង​ថា​ នេះ​គឺ​ជា​ហេតុការណ៍​នៃ​ការ​កក​កុញ​រយៈ​ពេល​ជាង​៥ម៉ោង​ នៅ​ក្នុង​ផ្សារទំនើប​អ៊ីអន​ (Aeon Mall)។​ ការអះអាង​បែប​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុសផុល​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​មករា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ៤​សន្លឹក​ ដែល​ក្នុង​នោះ​ មួយ​សន្លឹក​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​ជា​ច្រើន​។ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​​ថា​ នោះ​គឺ​ជា​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ីអន​។​

ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​មូល​ហេតុ​ថា ​បណ្ដាល​មក​ពី​មនុស្ស​ជា​ច្រើន​បាន​តម្រង់​ជួរ​ជា​ច្រើន​ម៉ោង​ ដើម្បី​ទិញ​ទឹក​អប់​ម៉ាក​ Dior។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ដែល​បាន​រៀប​រាប់​ថា​ «ខ្ញុំ​ធុញ​ខ្លាំង​ណាស់​ 🤬🤬 តម្រង់​ជួរ​អស់​រយៈ​ពេល​ ៥​ម៉ោង​នៅ​ផ្សារ​ទំនើប​ Aeon ដើម្បី​ទិញ​ទឹក​អប់​ Dior Sauvage​​​​​»​។​

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នោះ​ ត្រូវ​បាន​រក​ឃើញគេហទំព័រ​​ Getty Images ដែល​ជា​គេហ​ទំព័រ​សោតទស្សន៍​ដ៏​ធំ​មួយ​។ គេហទំព័រ​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​ និង​បង្ហាញ​ថា​ នោះ​គឺជា​ទិដ្ឋភាព​នៃ​ហាង​ទឹកអប់​ DIOR នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន​នោះ​ឡើយ​។​ ផ្ទុយ​ទៅវិញ​ នោះ​គឺជា​ទិដ្ឋភាព​នៃ​ហាង​ Chanel ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ប៉េកាំង​ (Beijing) ប្រទេស​ចិន​ កាល​ពី​អំឡុង​ថ្ងៃ​ទី​១៨​ ខែ​មេសា​ ឆ្នាំ​២០២១​កន្លង​ទៅ​។​

Getty Images | Archived Link

ទិដ្ឋភាព​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​រកឃើញ​នៅ​លើ​គេហទំព័រ Financial Times ផង​ដែរ​ ដែល​​មិន​បាន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ឈរ​ទិញ​ទឹក​អប់​ DIOR ដូច​ការ​អះអាង​របស់​ទំព័រ​ខាង​លើ​នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ ដែល​បាន​សរសេរ​បញ្ជាក់​ជា​ភាសា​អង់គ្លេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «​ការ​វិល​ត្រឡប់​យ៉ាង​ឆាប់​រហ័ស​របស់​អតិថិជន​ចិន​ ចំពោះ​ការ​ប្រើ​ប្រាស់​របស់​របរ​ប្រណីត​»។​

Financial Times | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ថត​មួយ​សន្លឹក​ផ្សេង​ទៀត​ ដែល​បាន​ចុះ​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រ​សារព័ត៌មាន​ China Daily កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ ដោយ​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​នៃ​ការ​តម្រង់​ជា​ជួរ​ របស់​អតិថិជន​នៅ​ខាង​មុខ​ហាង​ Chanel ផង​ដែរ​។​

China Daily News Report | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូប​ថត​ដែល​ត្រូវ​បាន​កាត់​ត​ និង​រូប​ថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​ពិត​ ច្បាប់​ដើម​នៃ​រូប​ថត​មនុស្ស​កកកុញ​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​តម្រង់​ជា​ជួរ​នៅ​ខាង​មុខ​ហាង​ Chanel នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មេសា​ ឆ្នាំ​២០២១​កន្លង​ទៅ​។​

Avatar

Title:​មនុស្ស​តម្រង់​ជួររង់ចាំ​​ទិញ​ទឹក​អប់​ Dior នៅ​​ផ្សារ​អ៊ីអន គឺ​ជា​រូបភាព​កាត់ត

Written By: Kakada Sim

Result: False