
កាលពីចុងសប្ដាហ៍កន្លងមកនេះ ព័ត៌មានតៃវ៉ាន់ បានចុះផ្សាយថា នារីថៃម្នាក់ស្លៀកពាក់ឈុតខ្លីពណ៌ផ្កាឈូក បានបង្កភាពរញ៉េរញ៉ៃនៅក្នុងផ្សារទំនើបមួយនៅកោះតៃវ៉ាន់។ បន្ទាប់ពីព័ត៌មាននេះផ្ទុះនៅលើបណ្ដាញសង្គម ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមថៃ បាននិយាយថា នារីនោះមិនមែនជាជនជាតិថៃទេ អាចជាជនជាតិខ្មែរបន្លំខ្លួនជាថៃ។ ព័ត៌មាននេះ បានជំរុញឱ្យមានប្រតិកម្មនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ទោះជាយ៉ាងណា បន្ទាប់ពីផ្ទៀងផ្ទាត់ព័ត៌មានលម្អិត យើងរកឃើញថា ការផ្សព្វផ្សាយព័ត៌មានខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
នៅដើមសប្ដាហ៍នេះ សារព័ត៌មាន និងបណ្ដាញសង្គមថៃ បានអះអាងថា នារីម្នាក់ដែលបានវាយបំផ្លាញកាបូបដៃនៅក្នុងហាងលក់កាបូបដៃទំនើបមួយនៅក្នុងទីក្រុងតៃប៉ិ ដែនដីកោះតៃវ៉ាន់ គឺជាពលរដ្ឋកម្ពុជាក្លែងបន្លំធ្វើជាជនជាតិថៃ។
ព័ត៌មាននេះ ត្រូវបានចែករំលែកយ៉ាងច្រើនផុសផុលនៅលើបណ្ដាញសង្គម និងនាំឱ្យមានការជជែកវែកញែកយ៉ាងច្រើននៅលើបណ្ដាញសង្គមរវាងប្រជាជនថៃ និងកម្ពុជា ជាពិសេសក៏នាំឱ្យមានការជេរប្រមាថមកលើប្រទេសកម្ពុជា និងប្រជាជនកម្ពុជាផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូនៃការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣របស់ប្រទេសថៃ ដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គមកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដែលរៀបរាប់ជាភាសាថៃក្នុងន័យថា “នារីម្នាក់ដែលបានអុកឡុកហាងលក់ស្បែកជើង និងកាបូបដៃដ៏ល្បីឈ្មោះមួយនៅកណ្ដាលទីក្រុងតៃប៉ិ ព័ត៌មានបឋម នាងមិនមែនជាជនជាតិថៃទេ ប៉ុន្តែ អាចនិយាយភាសាថៃបាន ត្រូវតម្រួតតៃវ៉ាន់ចាប់ខ្លួននាំយកទៅមន្ទីរពេទ្យដើម្បីរម្ងាប់អារម្មណ៍”។
វីដេអូនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់បណ្ដាញសង្គមថៃដទៃទៀតផងដែរកាលពីប៉ុន្មានថ្ងៃមុននៃដើមសប្ដាហ៍នេះ។
ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមថៃកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដែលបដិសេធថា នារីម្នាក់នោះមិនមែនជាជនជាតិថៃទេ បើទោះបីនិយាយភាសាថៃបានក៏ដោយ។
ការផ្សាយរបស់ទូរទស្សន៍ថៃមួយនេះ បានបដិសេធថា នាងមិនមែនជាជនជាតិថៃទេ ប៉ុន្តែ បណ្ដាញសង្គមថៃបានចោទថា នារីភេទទី៣ម្នាក់នោះដែលវាយបំផ្លាញទ្រព្យសម្បត្តិរបស់ហាងនៅផ្សារទំនើបក្នុងទីក្រុងតៃប៉ិនោះ គឺជាជនជាតិខ្មែរក្លែងបន្លំខ្លួនធ្វើជាថៃ។
ខាងក្រោមនេះ គឺជាវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុក วร์ลง (TOURLONG)កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ជាភាសាថៃក្នុងន័យថា “មានការសង្ស័យថា ខ្មែរបន្លំខ្លួនជាថៃបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយីហោល្បីឈ្មោះ មានចេតនាបំផ្លាញកេរ្តិ៍ឈ្មោះថៃនៅតៃវ៉ាន់? ព័ត៌មានពេលបានផ្សាយថា នារីខ្មែរបន្លំខ្លួនជាថៃ បំផ្លាញទ្រព្យសម្បត្តិយីហោល្បីឈ្មោះ ធ្វើឱ្យប្រជាជនតៃវ៉ាន់ទាមទារឱ្យហាមឃាត់ជនជាតិថៃចូលប្រទេស”។
វីដេអូព័ត៌មាននេះ ត្រូវបានចែករំលែកបន្តយ៉ាងច្រើនបន្ថែមទៀត ហើយក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាថៃ បានបញ្ចេញមតិយោបល់របស់ពួកគេក្នុងន័យប្រមាថមើលងាយប្រជាជន និងប្រទេសកម្ពុជា។
វីដេអូដូចគ្នានេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមថៃដទៃទៀត ដែលចោទសួរថា តើនារីម្នាក់នោះជាជនជាតិថៃមែន ឬក៏មិនមែន។ ចូលទៅមើលវីដេអូនោះតាមរយៈតំណភ្ជាប់នៅទីនេះ Link 1 (archived), Link 2 (archived), Link 3 (archived),
បន្ទាប់ពីការផ្សាយបែបនេះរបស់សារព័ត៌មានថៃ និងអ្នកប្រើប្រាស់បណ្ដាញសង្គមថៃរួចមក អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា បានបញ្ចេញប្រតិកម្មតបវិញ ដោយចោទថៃថា មិនចេះទទួលស្គាល់ការពិតអំពីអត្តចរឹតជនជាតិខ្លួនឯង។ឮ
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើការអះអាងខាងលើនេះតាមរយៈការស្វែងរកការបញ្ជាក់ពីភាគីពាក់ព័ន្ធដែលបានដឹងរឿងនេះ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ និងប្រភពផ្សេងៗទៀត ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ជាដំបូង យើងបានចូលទៅពិនិត្យមើលព័ត៌មានដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយនៅតៃវ៉ាន់អំពីករណីនេះ។ បើពិនិត្យមើលព័ត៌មានរបស់ថៃ យើងឃើញថា ពួកគេបានដកស្រង់ព័ត៌មាននេះចេញពីវេបសាយតៃវ៉ាន់ SETN។
នៅក្នុងវេបសាយ SETN យើងបានរកឃើញសេចក្ដីរាយការណ៍ព័ត៌មាននេះជាភាសាចិនចេញផ្សាយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលនិយាយថា នារីថៃម្នាក់ធ្វើឱ្យមានការភ្ញាក់ផ្អើលនៅហាងល្បីឈ្មោះ CHARLESE&KEITH ដោយបានវាយទម្លាក់ទំនិញនានាពីធ្នើដាក់តាំងលក់នៅក្នុងហាងរហូតដល់ប៉ូលិសចាប់បង្ខំយកទៅមន្ទីរពេទ្យ។
សេចក្ដីរាយការណ៍ព័ត៌មានមួយទៀតរបស់ SETN ចេញផ្សាយ ២ថ្ងៃក្រោយមក បានឱ្យដឹងថា នារីដែលបង្កភាពរញ៉េរញ៉ៃនៅហាងលក់ទំនិញនៅក្នុងផ្សារទំនើបមួយរបស់តៃវ៉ាន់នោះ គឺជាបុរសកែភេទ ជនជាតិថៃ មានអាយុ ២៩ឆ្នាំ។
បើតាមសេចក្ដីរាយការណ៍ព័ត៌មានដដែលនេះ គេបានដឹងពីអត្តសញ្ញាណរបស់បុរសកែភេទរូបនេះ បន្ទាប់ពីមិត្តភក្តិម្នាក់របស់គេបានយកលិខិតឆ្លងដែនរបស់គាត់ទៅបង្ហាញប៉ូលិសតៃវ៉ាន់នៅថ្ងៃកើតហេតុរញ៉េរញ៉ៃនេះ។
ដោយទទួលបានការបញ្ជាក់ពីផ្នែកអន្តោប្រវេសន៍តៃវ៉ាន់នោះ សេចក្ដីរាយការណ៍ព័ត៌មានដដែលនេះ បាននិយាយថា បុរសភេទទី៣ថៃរូបនេះ បានធ្វើដំណើរទៅតៃវ៉ាន់ និងស្នាក់នៅដោយស្របច្បាប់។
យើងបានពិនិត្យមើលឡើងវិញនូវប្រភពដែលសារព័ត៌មានថៃធ្វើជាមូលដ្ឋាននៃការផ្សាយព័ត៌មានរបស់ខ្លួន ដោយយើងរកឃើញថា ព័ត៌មាននេះត្រូវបានផ្អែកទាំងស្រុងទៅលើមតិរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមថៃ ដោយពុំបានស្វែងរកការបញ្ជាក់ពីក្រសួងការបរទេសថៃ និងក្រសួងការបរទេសតៃវ៉ាន់នោះឡើយ។
បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមថៃ និយាយថា នារីដែលបានវាយទម្លាក់ទំនិញនៅក្នុងហាងមួយរបស់តៃវ៉ាន់នោះ មិនមែនជាជនជាតិថៃ ឬជាជនជាតិដទៃដែលចេះនិយាយថៃ និងថាជាជនជាតិខ្មែរបន្លំខ្លួនជាថៃនោះមក Fact Crescendo Cambodia បានស្នើសុំការបញ្ជាក់ពីក្រសួងការបរទេសកម្ពុជាដែរ ប៉ុន្តែ ពុំទទួលបានការឆ្លើយតបនោះឡើយរហូតមកដល់ថ្ងៃចេញផ្សាយអត្ថបទនេះ។
ជាងនេះទៅទៀត Fact Crescendo Cambodia បានស្វែងរកជំនួយពីអ្នកសារព័ត៌មានផ្ទៀងផ្ទាត់ការពិត MyGoPen នៅកោះតៃវ៉ាន់។ ឆ្លើយតបនឹងសំណើរបស់ Fact Crescendo Cambodia ភ្នាក់ងារផ្ទៀងផ្ទាត់ការពិតនៃស្ថាប័ន MyGoPen បានឱ្យដឹងថា សារព័ត៌មានតៃវ៉ាន់ Liberty Times Net បានរាយការណ៍ថា ប៉ូលិសតៃវ៉ាន់បានដឹងថា នារីដែលវាយទម្លាក់ទ្រព្យសម្បត្តិក្នុងហាងនោះ គឺជាបុរសភេទទី៣ ជនជាតិថៃ ដែលបានធ្វើដំណើរទៅដើរលេងតៃវ៉ាន់។
បើតាមសារព័ត៌មានតៃវ៉ាន់ដដែលនេះ ប៉ូលិសតៃវ៉ាន់បានដឹងពីអត្តសញ្ញាណបុរសភេទទី៣នោះ បន្ទាប់ពីទទួលបានលិខិតឆ្លងដែនរបស់គាត់ ដែលប្រគល់ជូនដោយមិត្តភក្តិម្នាក់របស់គាត់ជាជនជាតិតៃវ៉ាន់។ អត្ថបទទាំងស្រុងនៅទីនេះ
មិនត្រឹមតែប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ទេដែលនិយាយអំពីករណីកើតហេតុនេះ សារព័ត៌មាន Newsflare ក៏បានចុះផ្សាយអំពីករណីនេះផងដែរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ អត្ថបទទាំងស្រុងនៅទីនេះ
វីដេអូនេះ ក៏ត្រូវបានយកទៅផ្សព្វផ្សាយបន្តដោយវេបសាយព័ត៌មានរបស់ក្រុមហ៊ុន Microsoft កាលពីចុងសប្ដាហ៍កន្លងមកនេះ ហើយវាទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជនទូទៅ។ អត្ថបទទាំងស្រុងនៅទីនេះ
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ព័ត៌មានដែលផ្សាយថា ជនជាតិខ្មែរបន្លំខ្លួនជាថៃវាយទម្លាក់ទំនិញនៅហាងមួយនៅកោះតៃវ៉ាន់នោះ មិនត្រឹមត្រូវនោះឡើយ។ ប៉ូលិសតៃវ៉ាន់បានឃើញលិខិតឆ្លងដែនរបស់បុគ្គលនោះ ហើយបញ្ជាក់ថា បុគ្គលនោះជាបុរសភេទទី៣ ជនជាតិថៃ អាយុ ២៩ឆ្នាំ ដែលបានឆ្លងដែនចូល និងស្នាក់នៅតៃវ៉ាន់ដោយស្របច្បាប់។

Title:សារព័ត៌មានថៃចោទថា ខ្មែរបន្លំខ្លួនធ្វើជាថៃបង្កភាពរញ៉េរញ៉ៃក្នុងផ្សារទំនើបមួយនៅតៃវ៉ាន់
Written By: Jay UdomResult: False