តើ​តារា​ចម្រៀង​លោក​ ជុំ​ លីណូ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មែន​ឬ​?​

Misleading Social

ខណៈ​​តារា​ចម្រៀង​កម្ពុជា​ លោក​ ជុំ​ លីណូ​ កំពុង​ស្ងប់​ស្ងាត់បទ​ចម្រៀង​ថ្មីៗ​នោះ រូប​ថត​៥​សន្លឹក​​ដែល​បង្ហាញ​តារា​ចម្រៀង​​រូប​នេះ​​ត្រូវ​បាន​​នគរបាល​ចាប់​ខ្លួន​នោះ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​មួយ​។​ ការ​បង្ហោះ​រូប​ថត​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​យ៉ាង​ផុស​ផុល​ជា​ច្រើន​ផង​ដែរ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ​រូប​ថត​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​

ការអះអាងលើបណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​កក្កដា​​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ឈ្មោះ​ថា​ «ភ្លេង​មច្ចុរាជ​»​ បាន​បង្ហោះ​រូប​ថត​ចំនួន​៥​សន្លឹក​​ដែល​បង្ហាញតារា​ចម្រៀង ​លោក​ ជុំ​ លីណូ​ ឈរ​នៅ​ចំ​កណ្ដាល​សមត្ថកិច្ច​២​រូប​ដោយ​​ដៃ​របស់​លោក​ជាប់​ខ្នោះ​ផង​ដែរ​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​អំពី​មូល​ហេតុ​ ពេល​វេលា​ និង​ទីតាំង​ច្បាស់​លាស់​នោះ​ឡើយ​។​

រូបថត​ដែល​បង្ហាញ​តារា​ចម្រៀង​កម្ពុជា​រូប​នេះ​ជាប់​ខ្នោះ​ដៃ​នោះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជាច្រើន​ដង​ រួម​ជា​មួយ​នឹង​ការ​បញ្ចេញ​មតិ​ចម្រុះ​ និង​ប្រតិកម្ម​ជា​ច្រើន​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «ម្ចាស់​បទ​: ព្រមឲ្យ​អូន​ការ​ បញ្ជាក់​ អត់​ដឹង​រឿង​អី​ទេ​ តែ​ឃើញ​គេផុ​សដៃ​ជាប់ខ្នោះ​»​។​

Facebook Post | Archived Link

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហេង​ ឡុង​ បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ បាន​បង្ហាញ​នូវ​រូប​ថត​ទិដ្ឋភាពតារា​ចម្រៀង​លោក​ ជុំ​ លីណូ​ រួម​ជាមួយ​នឹង​កង​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​។​

សំណេរ​របស់​លោក​ ហេង​ ឡុង​ នា​ពេល​នោះ បាន​ឱ្យ​ដឹង​ថា រូបថត​ទាំង​នេះ គឺ​ជា​ឈុត​ឆាត​សម្ដែង​បទ​ចម្រៀង​របស់​លោក ជុំ លីណូ នៅ​ក្នុង​វីដេអូ​បទ​ចម្រៀង​មួយ​។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​​ជាមួយ​សំណេរ​​ «គោរព​ថ្លែ​ងអំណ​រគុណ​យ៉ាង​ជ្រាលជ្រៅ​ ដល់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ ដែល​បានអនុញ្ញាតិឲ្យក​ម្លាំង​អាវុធហត្ថ​​រាជធានីភ្នំពេញ​ សហការណ៍​ថត​វីដេអូ​​អប់រំ​គ្រឿង​ញៀន​​របស់​តារា​ចម្រៀង​ ជុំ​ លីណូ​»​។

Facebook Post | Archived Link

រូប​ថត​បង្ហាញ​​ទិដ្ឋភាព​ការ​ចាប់​ខ្លួន​លោក​ ជុំ​ លី​ណូ​ នេះ​ ក៏​ធ្លាប់​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រ​សារព័ត៌មាន​ Fresh News ផង​ដែរ​ កាល​ពី​ថ្ងៃទី​២៤​ ខែ​សីហា ឆ្នាំ​២០១៩​ ដោយ​បាន​បញ្ជាក់​ថា​ រូប​ថត​ទាំង​នោះ​ គឺ​ជា​ការ​ថត​ MV ចម្រៀង​​មាន​ចំណង​ជើង​ថា​ «ទឹកភ្នែកម្ដាយលើខ្នោះដៃកូន​»។

Fresh News | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា​ «ទឹក​ភ្នែក​ម្ដាយ​ស្រក់​លើ​ខ្នោះ​ដៃ​កូន​» របស់​លោក​ ជុំ​ លីណូ​ ដោយ​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​គេហទំព័រ​ YouTube កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​។​

YouTube Link | Archived Link

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ តារា​ចម្រៀង​កម្ពុជា លោក ជុំ លីណូ មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ​ឡើយ។ ការ​ពិត​ រូប​ថត​ដែល​បង្ហាញ​​តារា​ចម្រៀង ​លោក​ ជុំ​ លីណូ​ ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ គឺ​ជា​ឈុត​ឆាក​មួយ​នៅ​ក្នុង​បទ​ចម្រៀង​របស់​លោក​​ដែល​មាន​ចំណង​ជើង​ថា​ «ទឹក​ភ្នែក​ម្ដាយ​ស្រក់​លើ​ខ្នោះ​ដៃ​កូន​» កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​។​

Avatar

Title:តើ​តារា​ចម្រៀង​លោក​ ជុំ​ លីណូ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មែន​ឬ​?​

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published.