ព័ត៌មានមិនច្បាស់លាស់ថា Gumball 3000 នៅកម្ពុជាបំបែកកំណត់ត្រាពិភពលោក
ព័ត៌មានដ៏ផុសផុលមួយ បានផ្សព្វផ្សាយថា ព្រឹត្តិការណ៍មួយនេះបានបំបែកកំណត់ត្រាពិភពលោកសម្រាប់ការចតរថយន្តទំនើបច្រើនបំផុតនៅមុខប្រាសាទអង្គរវត្ត។ ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា ព័ត៌មាននេះមិនត្រឹមត្រូវនោះឡើយ។
បន្ទាប់ពីព្រឹត្តិការណ៍ Gumball 3000 ត្រូវបានប្រារព្ធធ្វើឡើងនៅកម្ពុជានៅសប្ដាហ៍នេះ ព័ត៌មានដ៏ផុសផុលមួយ បានផ្សព្វផ្សាយថា ព្រឹត្តិការណ៍មួយនេះបានបំបែកកំណត់ត្រាពិភពលោកសម្រាប់ការចតរថយន្តទំនើបច្រើនបំផុតនៅមុខប្រាសាទអង្គរវត្ត។ ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា ព័ត៌មាននេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ព័ត៌មានមួយផ្សព្វផ្សាយផុសផុលនៅលើបណ្ដាញសង្គមនាពេលប៉ុន្មានថ្ងៃថ្មីៗនេះ បាននិយាយថា កម្ពុជាបានបំណែកកំណត់ត្រាពិភពលោក Guinness World Records ក្នុងនាមជាប្រទេសមានរថយន្តទំនើបច្រើនជាងគេចតនៅមុខសំណង់បុរាណនាព្រឹត្តិការណ៍ Gumball 3000 នាពេលថ្មីៗនេះ។
ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយ និងចែករំលែកបន្តព្រោងព្រាតនៅលើបណ្ដាញសង្គម និងទាក់ទាញបានការគាំទ្រផ្នែកមតិយោបល់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបរាប់ថា “អបអរសាទរកម្ពុជាជាប់ពានរង្វាន់ Guinness ដែលមានរថយន្តទំនើបច្រើនជាងគេនៅក្នុងកម្មវិធី Gumball 3000”។
ព័ត៌មានប្រហាក់ប្រហែលគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយទៀតផងដែរជាមួយសំណេរដូចគ្នាកាលពីពីរថ្ងៃមុន ហើយទទួលបានការចែករំលែកបន្តជាច្រើន និងប្រតិកម្មចម្រុះបែប។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមដែលបង្ហោះដោយទំព័រហ្វេសប៊ុកមួយទៀតកាលពីថ្ងៃទី១៩ ខែកញ្ញា ដែលសរសេររៀបរាប់ថា “ជាប់ហើយខ្មែរយើង Guinness Congraluations Cambodia has past Guinness”។
ព័ត៌មានដដែលនេះ ត្រូវបានគេចែករំលែកនៅក្នុងក្រុមបណ្ដាញសង្គម ហើយក៏ទទួលបានការចែករំលែកបន្តរឹតតែច្រើនថែមទៀត បូករួមជាមួយមតិយោបល់ជាច្រើនពីសមាជិកនៅក្នុងក្រុមបណ្ដាញសង្គម។
ក្រៅពីទំព័រហ្វេសប៊ុកខាងលើនេះ ការអះអាងដូចគ្នានេះ ក៏ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតផងដែរ។ គេអាចរកមើលការអះអាងនេះតាមរយៈតំណភ្ជាប់នៅទីនេះ (archived)។
ចំណែកឯទូរទស្សន៍ក្នុងស្រុក CNC បានផ្សាយព័ត៌មានកាលពីថ្ងៃអង្គារកន្លងមកថា ព្រឹត្តិការណ៍ Gumball 3000 បានបង្កើតកំណត់ត្រា Guinness World Records បន្ទាប់ពីព្រឹត្តិការណ៍មួយនេះ បានប្រមូលផ្ដុំរថយន្តប្រណិតៗ និងរថយន្តទំនើបៗច្រើនជាងគេបំផុតនៅលើពិភពលោក។
ព័ត៌មាននេះ ត្រូវបានផ្សព្វផ្សាយបន្តនៅលើទំព័រហ្វេសប៊ុកទូរទស្សន៍ CTN ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយទៀតស្ថិតក្រោមក្រុមហ៊ុន Cambodian Broadcasting Services (CBS) ដូចទូរទស្សន៍ CNC ដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការពិនិត្យមើលរបាយការណ៍របស់ស្ថាប័ន Guinness World Records និងសេចក្ដីរាយការណ៍នានាពាក់ព័ន្ធនឹងព័ត៌មាននេះ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
កាលពី ៤ថ្ងៃមុន ទំព័រហ្វេសប៊ុកផ្លូវការរបស់ Gumball 3000 បានផ្សព្វផ្សាយថា ក្រុមមួយនេះបានប្រមូលគ្នាធ្វើដំណើរទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីរៀបចំបំំណែកកំណត់ត្រាពិភពលោក Guinness World Records សម្រាប់ការបង្ហាញរថយន្តទំនើបដ៏ធំបំផុតនៅឯប្រាសាទបុរាណ។
ទំព័រហ្វេសប៊ុកដដែលនេះ ក៏បានបង្ហាញរូបថតមន្ត្រីកំណត់ត្រា Guinness World Records មានវត្តមាននៅក្នុងព្រឹត្តិការណ៍នៅឯបរិវេណប្រាសាទអង្គរវត្តផងដែរ។
ទោះជាយ៉ាងណា បើតាមសេចក្ដីរាយការណ៍មួយរបស់វិទ្យុបារាំងកាលពីថ្ងៃម្សិលមិញនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយថា ព្រឹត្តិការណ៍ Gumball 3000 ដែលប្រារព្ធធ្វើឡើងនៅកម្ពុជាចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញានេះ អាចបំបែកកំណត់ត្រារបស់ Guinness World Records នោះទេ។
វិទ្យុបារាំងបានចុះផ្សាយដូច្នេះដោយបានដកស្រង់សម្ដីរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក គុជ បញ្ញាសា ដែលបញ្ជាក់ថា គណៈកម្មការ Guinness World Records ស្ថិតក្នុងដំណាក់កាលរាប់ចំនួនរថយន្តទំនើបដែលបានចូលរួមក្នុងពិធី Gumball 3000 និងចូលរួមចតនៅមុខប្រាសាទអង្គរវត្ត។
បើតាមការផ្សាយរបស់វិទ្យុបារាំង ដើម្បីបំបែកកំណត់ត្រារបស់ Guinness World Records បាន លុះត្រាតែមានរថយន្តទំនើបចំនួន ១៧០គ្រឿងចតនៅមុខប្រាសាទអង្គរវត្ត ប៉ុន្តែ ថា ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា មានរថយន្តទំនើបចូលរួមត្រឹមតែ ១៥១គ្រឿងប៉ុណ្ណោះ ដែលបានចតនៅមុខសំណង់ប្រវត្តិសាស្ត្រនេះ។
ក្រៅពីសេចក្ដីរាយការណ៍របស់វិទ្យុបារាំង Fact Crescendo រកពុំឃើញសេចក្ដីរាយការណ៍ណាថ្មីដែលបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជា បានបំបែកកំណត់ត្រា Guinness World Records នោះឡើយ។
Fact Crescendo បានចូលទៅពិនិត្យមើលព័ត៌មានថ្មីបំផុតដែលផ្សព្វផ្សាយដោយវេបសាយរបស់ Guinness World Records នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដោយរកពុំឃើញមានព័ត៌មានផ្លូវការបែបនេះនោះឡើយ។
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ អ្នកដឹកនាំការផ្សព្វផ្សាយព្រឹត្តិការណ៍ Gumball 3000 ដែលប្រាប់ត្រឹមឈ្មោះថា លោក ជីង បានប្រាប់ Fact Crescendo តាមតេឡេក្រាមថា គ្មានការបញ្ជាក់ជាផ្លូវការនៅឡើយទេគិតត្រឹមថ្ងៃនេះ ហើយក្រុមការងារកំពុងរង់ចាំព័ត៌មានបន្ថែម។
ដើម្បីបញ្ជាក់អំពីព័ត៌មាននេះ Fact Crescendo បានស្វែងរកព័ត៌មានពីក្រុមអ្នករៀបចំព្រឹត្តិការណ៍ Gumball 3000 និងក្រុមហ៊ុន Guinness World Records តាមរយៈសារអេឡិចត្រូនិចផងដែរ ប៉ុន្តែ ពុំទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
សន្និដ្ឋាន
Fact Crescendo រកឃើញថា ព័ត៌មានដូចដែលរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ គ្មានព័ត៌មានផ្លូវការណាមួយបញ្ជាក់ថា កម្ពុជាបានបំបែកកំណត់ត្រា Guinness World Records សម្រាប់ការបង្ហាញរថយន្តទំនើបច្រើនបំផុតនៅមុខប្រាសាទអង្គរវត្តនោះឡើយ។ ប្រភពពាក់ព័ន្ធ បានបញ្ជាក់ថា កម្ពុជាកំពុងរង់ចាំការវាយតម្លៃពីក្រុមការងារ Guinness World Records អំពីព្រឹត្តិការណ៍នេះ។