
ខណៈប្រជាពលរដ្ឋរស់នៅតំបន់ជាយរាជធានីភ្នំពេញកំពុងប្រឈមមុខនឹងកង្វះទឹកស្អាតប្រើប្រាស់នៅរដូវប្រាំងនេះនោះ រូបថតមួយសន្លឹកដែលបង្ហាញរថយន្តស៊ីទែនមួយគ្រឿង ត្រូវបានបង្ហោះលើបណ្ដាញសង្គម។ រូបថតរថយន្តដឹកស៊ីទែនមួយគ្រឿងនេះ ត្រូវបានគេជឿថាប្រើសម្រាប់បូមលូនៅរដូវវស្សា និងលក់ទឹកស្អាតនៅរដូវប្រាំងនោះ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា រូបថតដូចដែលបានរៀបរាប់ខាងលើនោះ គឺត្រូវបានកាត់ត មុននឹងបង្ហោះនៅលើបណ្ដាញសង្គម។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះ «LyLy Cambodia» បានបង្ហោះរូបថតប្រៀបធៀបមួយសន្លឹកដែលបង្ហាញរថយន្តស៊ីទែនមួយគ្រឿងត្រូវបានគេប្រើប្រាស់សម្រាប់បូមលូនៅរដូវវស្សា និងដឹកទឹកស្អាតលក់នៅរដូវប្រាំង។
ទំព័រហ្វេសប៊ុកដដែលខាងលើនេះ ពុំបានបញ្ជាក់ព័ត៌មានលម្អិត និងទីតាំងនៃរថយន្តមួយគ្រឿងនោះឡើយ ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «គំនិតអ្នកវិនិយោគ ចាប់ឱកាសគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋ ជីវិតជោគជ័យយកទៅណាមិនអស់»។

រូបថតខាងលើនេះ ក៏ត្រូវបានរកឃើញ និងបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ ឬតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញនៅលើគេហទំព័រ Alamy ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។
គេហទំព័រដដែលខាងលើនេះ បានបញ្ជាក់ថា រថយន្តស៊ីទែនឯកជនមួយគ្រឿងនេះ ដឹកជញ្ជូនសំណល់រាវនៅឯខេត្តឈៀងម៉ៃ ប្រទេសថៃ ហើយរូបថតមួយសន្លឹកនេះ ត្រូវបានថតបានកាលពីខែមេសា ឆ្នាំ២០២០កន្លងមក។
រូបថតមួយសន្លឹកនេះ ពុំបានបង្ហាញឱ្យឃើញអក្សរខ្មែរស្ថិតនៅលើស៊ីទែននៃរថយន្តនោះឡើយ ហើយវាគ្មានពាក់ព័ន្ធអ្វីទៅនឹងបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញនោះឡើយ។
ខាងក្រោមនេះ គឺជាទិដ្ឋភាពរូបថតដើម បង្ហោះដោយគេហទំព័រខាងលើ ដែលពុំបានបង្ហាញទិដ្ឋភាពរថយន្តជាមួយនឹងស្លាកអក្សរបូមលូ ឬលក់ទឹកស្អាតនោះឡើយ។

ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើម ដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដូចដែលបានរៀបរាប់ និងបង្ហោះខាងលើ គឺត្រូវបានកាត់ត។ ការពិត រូបថតច្បាប់ដើម បង្ហាញឱ្យឃើញរថយន្តស៊ីទែនមួយគ្រឿងដឹកសំណល់រាវនៅក្នុងខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ កាលពីឆ្នាំ២០២០កន្លងមក។ រូបថតច្បាប់ដើមនេះ មិនមានជាប់ពាក់ព័ន្ធអ្វីជាមួយនឹងបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញនារដូវប្រាំងនេះឡើយ។

Title:រថយន្តស៊ីទែនមួយគ្រឿងនេះគ្មានពាក់ព័ន្ធនឹងបញ្ហាកង្វះទឹកស្អាតនៅទីក្រុងភ្នំពេញរដូវប្រាំងនេះទេ
Fact Check By: Kakada SimResult: Altered
