Fact-Check: តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ក្រោម​ពន្លឺ​ផ្កាយ​នា​ពេល​រាត្រី​មែន​ឬទេ?

Altered Social

កាល​ពី​សប្ដាហ៍​មុន សំណង់​ប្រាសាទ​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​ចម្លង​តាម​ស្ថាបត្យ​កម្ម​ប្រាសាទ​អង្គរវត្ត​របស់​ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ក៏​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ដែល​រូបថត​នោះ​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​នៅ​ក្រោម​ពន្លឺ​ផ្កាយ​ពេល​រាត្រី។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ថា រូបថត​នោះ​ត្រូវ​បាន​កាត់​ត​ពី​រូបថត​ច្បាប់​ដើម មុន​នឹង​បង្ហោះ​លើ​បណ្ដាញ​សង្គម។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក Royal du Cambodge បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ក្រោម​ពន្លឺ​ស្បៃ​រាត្រី​មាន​ផ្កាយ​ព្រោង​ព្រាត រួមជាមួយ​នឹង​សំណេរ​ថា «ជយោ! ព្រះ​រាជាណាចក្រ​កម្ពុជា»។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​ដល់​ទៅ​រាប់​សិប​ពាន់​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។

Facebook Post | Archived Link

បើទោះបី​ទំព័រ​ហ្វេសប៊ុក​នេះ បាន​បញ្ជាក​់​ពី​ប្រភព​រូបថត​នេះ ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​អ្នកថត​រូប​បរទេស​ម្នាក់​ឈ្មោះ Sell Snick ប៉ុន្តែ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បែរ​ជា​យល់​ច្រឡំ​ចំពោះ​រូបថត​មួយ​សន្លឹក​នេះ​ថា ជា​ទិដ្ឋភាព​ពិត​ប្រាកដ​នៃ​ប្រាសាទ​អង្គរវត្ត​នា​ពេល​រាត្រី។

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​នៅ​លើ Google និង​ការ​​ពិនិត្យ​មើល​​ម្ចាស់​រូបថត​ ដែល​ត្រូវ​បាន​លើក​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​រួច​ហើយ​នោះ។

នៅ​ពី​ក្រោម​ប៉ុស្តិ៍​នៃ​រូបថត​នេះ អ្នក​ថតរូប លោក Nick Sells បាន​ចូល​ទៅ​ឆ្លើយ​តប​នឹង​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន ដែល​បាន​បញ្ចេញ​មតិ​ទៅ​នឹង​រូបថត​មួយ​សន្លឹក​នេះ។ លោក Nick Sells បាន​បង្ហាញ​ថា រូបថត​មួយ​សន្លឹក​នេះ លោក​បាន​បង្ហោះ​នៅ​លើ​គណនី​បណ្ដាញ​សង្គម Instagram របស់​លោក​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១។

នៅ​លើ​តំណ​ភ្ជាប់​ទៅ​កាន់​គណនី​ Instagram របស់​គាត់ យើង​បាន​រក​ឃើញ​រូបថត​ដូច​គ្នា​ទាំង​ស្រុង ដែល​បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​នៅ​ក្រោម​ពន្លឹ​ផ្កាយ​នា​ពេល​រាត្រី។

Instagram Post | Archived Link

តើ​លោក Nick Sells ពិត​ជា​ថត​បាន​ទិដ្ឋភាព​ប្រាសាទ​អង្គរវត្ត​ក្រោម​ពន្លឺ​ផ្កាយ​នា​ពេល​រាត្រី​មែន​ឬទេ? យើង​បាន​រក​ឃើញ​រូបថត​ច្បាប់​ដើម​មួយ​របស់​លោក Nick Sells ដែល​បង្ហាញ​​រូបថត​ក្នុង​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង ប៉ុន្តែ មិន​មែន​ស្ថិត​ក្រោម​ពន្លឺ​ផ្កាយ​នាពេល​រាត្រី​ឡើយ។

រូបថត​ច្បាប់​ដើម បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​នៅ​ពេល​ថ្ងៃ​ ហើយ​លោក  Nick Sells បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នេះ​នៅ​លើ​គណនី​ Instagram របស់​គាត់​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២០​កន្លង​មក​។

សំណេរ​នៅ​លើ​រូបថត​ដែល​បង្ហោះ​នៅ​លើ​គណនី​ Instagram របស់​គាត់​បង្ហាញ​ថា លោក Nick Sells បាន​ថត​រូប​ខ្លួន​ឯង​នៅ​ក្នុង​បរិវេណ​នៃ​ប្រាសាទ​អង្គរ​កាល​ពី​ឆ្នាំ​មុន ចំ​ពេល​ដែល​គ្មាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​ប្រាសាទ​បុរាណ​នេះ ដោយសារ​តែ​វិបត្តិ​កូវីដ-១៩​ផ្ទុះ​រីក​រាល​ដាល​ពាស​ពេញ​ពិភព​លោក។

Instagram Post | Archived Link

លោក Nick Sells ក៏​បាន​បង្ហោះ​រូបថត​ច្បាប់​ដើម​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​មុន ជាមួយ​ការ​រៀបរាប់​ថា លោក​កម្រ​ថត​រូប​ស៊ែលហ្វី​ខ្លួន​ឯង​ណាស់ ប៉ុន្តែ លើក​នេះ​លោក​ថត​រូប​ខ្លួន។ រូបថត​​មួយ​សន្លឹក​នេះ ដែល​បង្ហាញ​ទិដ្ឋភាព​អង្គរវត្ត​​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ដ៏​ស្រទន់​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​រហូត​ដល់​ជាង ១​ម៉ឺន​ដង​ឯណោះ។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ ត្រូវ​​បាន​កាត់​ត​។ រូបថត​នេះ ផលិត​ឡើង​ដោយ​អ្នក​ថតរូប​លោក Nick Sells ដែល​បង្ហោះ​នៅ​លើ​គណនី​ Instagram របស់​លោក។ រូបថត​ច្បាប់​ដើម ដែល​ថត​ដោយ​លោក Nick Sells បង្ហាញ​ទិដ្ឋភាព​ពី​លំហរ​អាកាស​នៃ​ប្រាសាទ​អង្គរវត្ត​ជាមួយ​ពន្លឺ​ថ្ងៃ​ដ៏​ស្រទន់ នៅ​ចំ​ពេល​ដែល​គ្មាន​ទេសចរ​ចូល​ទស្សនា​ដោយសារ​តែ​វិបត្តិ​កូវីដ-១៩​ជា​សកល។

Avatar

Title:តើ​រូបថត​នេះ​ជា​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ក្រោម​ពន្លឺ​ផ្កាយ​នា​ពេល​រាត្រី​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.