
ទោះបីជាតារាចម្រៀងប្រុសដ៏ល្បីឈ្មោះលោក ស៊ិន ស៊ីសាមុត បានលាចាកលោកយើងតាំងពីជំនាន់ប្រល័យពូជសាសន៍ ប៉ុល ពត ម៉្លេះក្ដី តែកេរ្តិ៍ឈ្មោះរបស់លោកនៅតែល្បីរន្ទឺនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប មិនថាចាស់ ឬក្មេង។
ទន្ទឹមនឹងនេះ រូបថតមួយសន្លឹកដែលបានបង្ហាញអំពីទិដ្ឋភាពលោកតា ស៊ិន ស៊ីសាមុត កំពុងអង្គុយលេងហ្គីតា ត្រូវបានទំព័រហ្វេសប៊ុកមួយយកមកបង្ហោះ និងមានការចែកចាយតៗគ្នាជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។
ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់របស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថតដែលអ្នកប្រើប្រាស់បានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺជារូបថតកែច្នៃ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Da Pleng បានបង្ហោះរូបថតមួយសន្លឹកបង្ហាញតារាចម្រៀងដ៏ល្បីឈ្មោះលោក ស៊ិន ស៊ីសាមុតកំពុងអង្គុយលេងហ្គីតា។ រូបថតមួយសន្លឹកនេះ ត្រូវបានប្រតិកម្ម និងបញ្ចេញមតិចម្រុះយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់។
រូបថតខាងលើនេះ អាចនឹងត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា ជារូបថតពិតប្រាកដ ដោយមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានបញ្ចេញមតិ និងចែករំលែកបន្ត។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីទំព័រហ្វេសប៊ុកដែលបានសរសេររៀបរាប់ថា «សមត្ថភាពរបស់លោកតា គឺមានពេញលេញ 1.តន្រ្តីករដែលលេងបានច្រើនឧបករណ៍ 2.អ្នកចម្រៀង 3.ចេះអក្សរភ្លេងសរសេរបទភ្លេង 4.និពន្ធទំនុកច្រៀង 5.អំណោយផលពីធម្មជាតិ ចៅៗប្រៀបមិនបានរោមជេីងតាទេ បេីសិនតាមានវត្តមានលោកតានៅរស់វិញ ចៅសុំថេីបមួយខ្សឺត»។
ដូចគ្នានេះដែរ តាមរយៈគេហទំព័រសារព័ត៌មានផ្សេងទៀត Dara News ក៏បានចុះផ្សព្វផ្សាយ និងបង្ហោះនូវរូបថតលោកតា សុិន សុីសាមុត កំពុងលេងហ្គីតាផងដែរកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។
រូបភាពផ្តាមចេញពីគេហទំព័រសារព័ត៌មានដែលមានចំណងជើងថា «តោះ! មកស្តាប់ ប្រវត្តិសង្ខេបរបស់ អធិរាជសម្លេងមាស សុិន សុីសាមុត»។
Dara News Report | Archived Link
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាល់លើរូបថតមួយសន្លឹកនេះ តាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ក្រុមហ៊ុន Google ដែលនាំឱ្យយើងជួបប្រទះនូវប្រភព និងខ្លឹមសាររូបថតនៃច្បាប់ដើមមួយចំនួន។
រូបថតដែលមានទម្រង់ និងសណ្ធានដូចគ្នានេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រមួយ បង្ហោះឡើងតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ ដោយបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលមានឈ្មោះថា ណេហ៊ីម៊ែរ ប៉ីស្លីសិន (Nehemia Bislissin)។
ខាងក្រោមនេះ គឺជារូបភាពផ្តាម ដែលពុំបានបង្ហាញនូវទិដ្ឋភាពអតីតអធិរាជសម្លេងមាសលោក ស៊ិន ស៊ីសាមុត នោះឡើយ ដោយភ្ជាប់ជាមួយនឹងការសរសេរជាភាសាអង់គ្លេសថា «Man playing bass guitar, black and white» ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «បុរសម្នាក់លេងហ្គីតាបាស ក្នុងសភាពរូបថត ស ខ្មៅ»។
Wikimedia Commons Link | Archived Link
ដូចគ្នានេះដែរ តាមរយៈគណនីហ្វេសប៊ុករបស់លោក ណេហ៊ីម៊ែរ ប៉ីស្លីសិន (Nehemia Bislissin) បានបង្ហោះរូបថតមួយសន្លឹកកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ក៏បានបង្ហាញនូវរូបថតរបស់លោក កំពុងអង្គុយលេងហ្គីតាដែលមានទម្រង់ និងសណ្ឋានដូចគ្នាផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់លោក ណេហ៊ីម៊ែរ ប៉ីស្លីសិន។
កន្លងមក មានគេហទំព័រសារព័ត៌មាន និងអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានយករូបថតមួយសន្លឹក មកសរសេរ និងអះអាងថា គឺជារូបថតរបស់រាជិនីសំឡេងមាសប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីជំនាន់ដើម លោកស្រី រស់ សេរីសុទ្ធា លោកស្រី ប៉ែន រ៉ន និងលោកស្រី ហួយ មាស បណ្ដើរគ្នាទៅសាលា ដែលធ្វើឲ្យមានការយល់ច្រឡំថានេះគឺជា រឿងពិត។ ករណីនេះ ត្រូវបានផ្ទៀងផ្ទាត់ និងត្រួតពិនិត្យផងដែរ ដោយក្រុមការងារ Fact Crescendo Cambodia កាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅ។
រូបភាពផ្តាមចេញពីគេហទំព័រ Fact Crescendo Cambodia អំពីករណីកាត់តរូបនិស្សិតជនជាតិអាហ្វហ្កានីស្ថាន ជាតារាចម្រៀងស្រីខ្មែរ។
Fact Crescendo Cambodia Report | Archived Link
តើលោក ស៊ិន ស៊ីសាមុត ជានរណា?
លោក ស៊ិន ស៊ីសាមុត គឺជាអ្នកនិពន្ធបទចម្រៀង និងជាតារាចម្រៀងខ្មែរដ៏ល្បីឈ្មោះមួយរូបក្នុងអំឡុងឆ្នាំ ១៩៥០-១៩៧០ ដែលលោកត្រូវបានគេឲ្យរហ័សនាមលោកជា «អធិរាជសំឡេងមាស»។ លោកកើតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣២ និងទទួលមរណភាពទៅវិញនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦ នៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ភាពល្បីល្បាញរបស់លោក ស៊ិន ស៊ីសាមុត បានមកពីទឹកដមសំឡេងដ៏ក្រអួនក្រអៅ ពិរោះរណ្ដំចិត្ត គួបផ្សំនឹងបទចម្រៀងមនោសញ្ចេតនាគ្រប់រសជាតិ អន្លង់អន្លោច សប្បាយ កម្សត់ដែលទាំងឡាយនេះជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងជាមួយដៃគូអ្នកនិពន្ធដ៏ទៃទៀតផងដែរនៅក្នុងជំនាន់នោះ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះដោយអ្នកប្រើប្រាស់ខាងលើនោះ គឺពិតជាមិនត្រឹមត្រូវ។ រូបថតមួយសន្លឹកនេះ ត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្តាញសង្គម។ ការពិត ច្បាប់ដើមនៃរូបថតនេះ គឺជាលោក ណេហ៊ីម៊ែរ ប៉ីស្លីសិន (Nehemia Bislissin) ជនជាតិឥណ្ឌូនេស៊ី ដែលបានថតឡើងកាលពីអំឡុងឆ្នាំ២០១៣ និងពុំបានបង្ហាញអំពីទិដ្ឋភាពអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត កំពុងអង្គុយលេងហ្គីតានោះទេ។

Title:រូបលោក ស៊ិន ស៊ីសាមុត អង្គុយលេងហ្គីតាជារូបថតកាត់ត
Fact Check By: Kakada SimResult: Altered
