ឈុត​ឆាក​ខ្សែ​ភាពយន្ត​​មួយ​ត្រូវ​បាន​អះ​អាង​ភ្ជាប់​នឹង​វិបត្តិ​​កំពុង​កើត​ឡើង​រវាង​អ៊ុយក្រែន និង​រុស្ស៊ី

International Misleading

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ចូល​ទឹក​ដី​អ៊ុយក្រែន​នោះ វីដេអូ និង​រូបថត​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ វីដេអូ​ដ៏​ផុស​ផុល​មួយ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ទិដ្ឋភាព​ទាហាន​អ៊ុយក្រែន​លា​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ ដើម្បី​ចេញ​ទៅ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​វីដេអូ​នោះ​ភ្ជាប់​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី​ដែល​កំពុង​កើត​ឡើង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ខ្លី​មួយ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះ​អាង​ថា វីដេអូ​ឃ្លីប​នេះ បង្ហាញ​ពី​ទាហាន​អ៊ុយក្រែន​​​លា​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ ដើម្បី​ចូល​រួម​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។

វីដេអូ​ឃ្លីប​រយៈ​ពេល ៣០​វិនាទី​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​​ដល់​ទៅ​ជិត ៨​ពាន់​ដង ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ​។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក A+ MEDIA កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ជាមួយ​ការ​រៀបរាប់​ថា «Heartbreaking video of #Ukrainian Soldier Russia’s Ukraine attack»។ 

FACEBOOK POST | ARCHIVED

វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ខណៈ​ដែល​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន កំពុង​បន្ត​​កើត​អស់​រយៈ​ពេល​មួយ​សប្ដាហ៍​មក​ហើយ​នោះ។

គេ​អាច​ចូល​ទៅ​មើល​វីដេអូ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​តំណ​ភ្ជាប់​មួយ​នេះ ឬ​តំណ​ភ្ជាប់​មួយ​នេះ​ទៀត ឬ​ក៏​តំណ​ភ្ជាប់​នេះ​ផង​ដែរ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​មួយ​នេះ​តាម​រយៈ​ការ​ដំណើរការ Reverse Image Search ដែល​នាំ​​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

យើង​បាន​រក​ឃើញ​ថា វីដេអូ​ឃ្លីប​មួយ​នេះ គឺ​ជា​ឈុត​ឆាក​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​មាន​ចំណង​ជើង​ថា «សង្គ្រាម​ឈីមីរ៉ាស់» (The War of Chimeras) ដែល​ផលិត​ឡើង​ដោយ​កញ្ញា Anastasia Starozhytska និង​ម្ដាយ​របស់​នាង​ដែល​ជា​អ្នក​កាសែត កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

DOCUDAYS | ARCHIVED

ខ្សែ​ភាពយន្ត​​ឯកសារ​មួយ​នេះ ត្រូវ​បាន​ផលិត​ឡើង​​ដោយ​ផ្អែក​តាម​រឿង​រ៉ាវ​ពិត​របស់​ផលិតករ Anastasia Starozhytska និង​គូ​ស្នេហ៍​របស់​នាង ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ប្រយុទ្ធ​នៅ​ក្នុង​សមរភូមិ Ilovaisk កាល​ពី​ឆ្នាំ​២០១៤។

ខាង​ក្រោម​នេះ គឺ​ជា​ឈុត​ខ្លីៗ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​នេះ ដែល​​ត្រូវ​បាន​ដាក់​នៅ​លើ​បណ្ដាញ​ YouTube កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៨​កន្លង​មក។

YOUTUBE CHANNEL | ARCHIVED

នៅក្នុង​ដំណើរការ​ផ្ទៀង​ផ្ទាត់​របស់​យើង យើង​បាន​រក​ឃើញ​កិច្ច​សម្ភាស​មួយ​ជាមួយ​ផលិតករ​ខ្សែ​ភាពយន្ត​ឯកសារ​នេះ កញ្ញា Anastasia Straroshytska កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លង​មក។

YOUTUBE CHANNEL | ARCHIVED

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​វីដេអូ​មួយ​នេះ​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេឃ្លីប​មួយ​នេះ ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​ខ្សែ​ភាពយន្ត​ឯកសារ «សង្គ្រាម​ឈីមីរ៉ាស់» ផលិត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៦ ដែល​បង្ហាញ​ទាហាន​អ៊ុយក្រែន​លា​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ មុន​នឹង​ចាក​ចេញ​ទៅ​សមរភូមិ។

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

Avatar

Title:ឈុត​ឆាក​ខ្សែ​ភាពយន្ត​​មួយ​ត្រូវ​បាន​អះ​អាង​ភ្ជាប់​នឹង​វិបត្តិ​​កំពុង​កើត​ឡើង​រវាង​អ៊ុយក្រែន និង​រុស្ស៊ី

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.