
ខណៈដែលរុស្ស៊ីបន្តឈ្លានពានទៅលើប្រទេសអ៊ុយក្រែននោះ រូបថតជាច្រើនពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ ត្រូវបានចែករំលែកយ៉ាងព្រោងព្រាតលើបណ្ដាញសង្គម។ ក្នុងនោះ មានរូបថតពីរសន្លឹក បង្ហាញអំពីទិដ្ឋភាពបុរសរងរបួសម្នាក់ និងការផ្ទុះមួយកន្លែង ត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ។ ការបង្ហោះនេះ ត្រូវបានភ្ជាប់ទៅនឹងវិបត្តិអ៊ុយក្រែន-រុស្ស៊ីដែលកំពុងកើតមានឡើងជាបន្តបន្ទាប់។
ទោះជាយ៉ាងណា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតរបស់ក្រុមការងារ Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកបានបង្ហោះនៅលើបណ្តាញសង្គមនោះ គឺការយល់ច្រឡំ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បង្ហោះរូបថតចំនួន ៨សន្លឹកនៅលើបណ្ដាញសង្គម ដោយបានភ្ជាប់រូបថតទាំងនោះទៅនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។
ក្នុងចំណោមរូបថតទាំងនោះ រូបថតមួយសន្លឹក បានបង្ហាញទិដ្ឋភាពកំសួលភ្លើងដ៏ធំ ហើយរូបថតមួយសន្លឹកទៀត បានបង្ហាញនូវបុរសម្នាក់រងរបួសក្បាលឈរនៅមុខអគារបាក់បែក។
ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិ និងប្រតិកម្មទៅនឹងការអះអាងនេះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើ បានសរសេរជាភាសាអង់គ្លេសថា «PRAY FOR UKRAINE » ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «បួងសួងដល់អ៊ុយក្រែន»។



ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតដែលត្រូវបានអះអាងខាងលើនេះតាមរយៈGoogle Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមានទម្រង់ និងសណ្ឋានដូចគ្នា ត្រូវបានរកឃើញនៅលើគេហទំព័រសារព័ត៌មាន ABC News ដែលបានចុះផ្សាយកាលពីឆ្នាំ២០១៤កន្លងមក ពោលគឺ ៨ឆ្នាំមុនរុស្ស៊ីចាប់ផ្ដើមឈ្លានពានទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែននៅឆ្នាំនេះ។
សារព័ត៌មាន ABC របស់អូស្ត្រាលី បានរៀបរាប់អំពីរូបថតនោះថា «លោក អ៊ីហ្ក័រ ឆឺណេសូវ (Igor Chernetsov) ដែលប្រពន្ធរបស់គាត់បានស្លាប់នៅក្នុងអគារបាក់បែកដោយសារការវាយប្រហារតាមផ្លូវអាកាសនោះ បញ្ចេញកាយវិការនៅជិតអគារបាក់បែកនៅទីក្រុងស្នីស្នី (Snizhne) ស្ថិតតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤»។
សារព័ត៌មាន ABC រៀបរាប់បន្តថា «ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល ៩នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ដោយបន្ថែមទៅលើចំនួនជនស៊ីវិល ដែលកំពុងកើនឡើងជាលំដាប់ដែលត្រូវបានសម្លាប់ក្នុងរយៈពេល ៤ខែនៅក្នុងការបះបោរដែលគាំទ្ររុស្ស៊ី»។

ABC News Report | Archived Link
ចំណែកឯរូបថតមួយសន្លឹកទៀតដែលកំសួងភ្លើងនៃការផ្ទុះដ៏ធំនោះ ត្រូវបានរកឃើញចុះផ្សាយដោយសារព័ត៌មាន Aljazeera កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។ សារព័ត៌មានមួយនេះ បានឱ្យដឹងថា កំសួលភ្លើងនេះ គឺជាហេតុការណ៍ផ្ទុះឃ្លាំងផ្ទុកគ្រាប់រំសេសនៅក្នុងតំបន់ Vinnytsia ភាគកណ្ដាលនៃប្រទេសអ៊ុយក្រែន កាលពីខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមក។
សារព័ត៌មានដដែលនេះ បានបញ្ជាក់អំពីហេតុការណ៍មួយនេះថា បានកើតឡើងនៅក្បែរទីក្រុងកាលីនីវកា (Kalynivka) ដែលមានចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ពីរដ្ឋធានីគៀវ (Kiev) និងបានធ្វើឲ្យមានអ្នករងរបួសចំនួនពីរនាក់។

Aljazeera News Report | Archived Link
Global News Report | Archived Link
ក្រុមការងារ Fact Crescendo Cambodia ក៏បានផ្ទៀងផ្ទាត់ទៅលើរូបថតដទៃផ្សេងទៀត ដោយត្រូវបានរកឃើញថា រូបថតទាំងនោះ គឺជាទិដ្ឋភាពដែលកំពុងកើតមានឡើងរវាងអ៊ុយក្រែន និងរុស្ស៊ីនាពេលថ្មីៗមែន។
ខាងក្រោមនេះ គឺជារូបថតបង្ហាញស្ត្រីម្នាក់រងរបួសម្នាក់ពីការវាយប្រហារតាមអាកាស និងបានបំផ្លាញអគារអាផាតមិនមួយកន្លែងនៅខាងក្រៅក្រុងខាគីវ (Kharkiv) កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។

The Guardian News Report | Archived Link
ដូចគ្នាផងដែរ ខាងក្រោមនេះ គឺជារូបថតបង្ហាញទិដ្ឋភាពការរងខូចខាតនូវយានជំនិះ និងប្រព័ន្ធរ៉ាដា នៅឯមូលដ្ឋានយោធាអ៊ុយក្រែន ជាយក្រុងម៉ារីប៉ូល (Mariupol) កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។

USA Today Link | Archived Link
ខាងក្រោមនេះ គឺជារូបថតបង្ហាញនូវទិដ្ឋភាពអ្នកពន្លត់អគ្គីភ័យនៅអគារមួយ ក្នុងទីក្រុងឈូហ្គីវ (Chuguiv) ភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ ខណៈដែលកងកម្លាំងប្រដាប់អាវុធរុស្ស៊ីព្យាយាមលុកលុយអ៊ុយក្រែនពីទិសដៅជាច្រើន។

Huffington Post Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដោយអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនោះ គឺធ្វើឲ្យមានការយល់ច្រឡំ។ រូបថតពីរសន្លឹកខាងលើនេះ មិនមែនជាទិដ្ឋភាពពេលរុស្ស៊ីឈ្លានពានចូលអ៊ុយក្រែន ដែលកំពុងកើតមានឡើងនាពេលថ្មីៗនេះឡើយ។ ការពិត រូបថតបង្ហាបុរសម្នាក់រងរបួសក្បាលឈរនៅមុខអគារបាក់បែករលំនោះ ក្រោយការវាយប្រហារតាមផ្លូវអាកាសពីក្រុមបះបោរនៅក្នុងតំបន់ស្នៃហ្សិន (Snizhne) នៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ ចំណែករូបថតដែលបង្ហាញកំសួលភ្លើងដ៏ធំនោះ គឺជាហេតុការណ៍ផ្ទុះឃ្លាំងអាវុធនៅក្បែរទីក្រុងកាលីនីវកា (Kalynivka) ភាគកណ្ដាលអ៊ុយក្រែន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។

Title:រូបថត២សន្លឹកត្រូវបានភ្ជាប់ដោយមិនត្រឹមត្រូវនឹងវិបត្តិអ៊ុយក្រែន-រុស្ស៊ីថ្មីៗនេះ
Fact Check By: Kakada SimResult: Misleading
