កាលពីចុងឆ្នាំ២០១៩កន្លងមក រដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យដឹងពីផែនការផ្ដល់ដីទំហំ ៤០ហិកតាស្ថិតនៅក្នុងស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំងសម្រាប់ការផ្លាស់ទីប្រជាជន ៤ ៥៦៣គ្រួសារពីការរស់នៅលើទឹក មករស់នៅលើគោក។ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែតកាលពីចុងឆ្នាំនោះថា ក្នុងចំណោមពលរដ្ឋជាង ៤ ៥០០គ្រួសារនោះ ក៏មានដែរជនជាតិវៀតណាម ២ ៤៨០គ្រួសារ។ ចាប់តាំងពីពេលនោះមក ផែនការនេះបានក្លាយជាប្រធានបទនៃការជជែក និងការចែករំលែកនៅលើបណ្ដាញសង្គម។ ថ្មីៗនេះ ទំព័រហ្វេសប៊ុកបានបង្ហោះរូបថតផ្ទះជាជួរដូចៗគ្នាមួយកន្លែងជាមួយការអះអាងដែលមានន័យថា ផ្ទះសម្បែងទាំងនោះ ត្រូវបានសាងសង់សម្រាប់និគមជនវៀតណាម ដែលរដ្ឋាភិបាលគ្រោងជម្លៀសចេញពីការរស់នៅលើទូកផ្ទៃបឹងទន្លេសាប។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិត រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ គណនីហ្វេសប៊ុកមួយបានបង្ហោះរូបថត ៣សន្លឹកនៅលើហ្វេសប៊ុករបស់ខ្លួន។ រូបថតទាំង ៣សន្លឹកនោះ បង្ហាញក្រុមមនុស្សភាគច្រើនស្ថិតក្នុងឈុតសម្លៀកបំពាក់កងទ័ពកម្ពុជាជួបជុំបរិភោគអាហាររួមគ្នា ផ្ទះមានទម្រង់ដូចៗគ្នាស្ថិតនៅជាជួរជាមួយគ្នា និងក្រុមមនុស្សពាក់ដួនដឹកទំនិញតាមទូកជាច្រើននៅតាមដងទន្លេ។ គណនីហ្វេសប៊ុកដដែលនេះ បានសរសេរថា ក្រុមមន្ត្រីយោធាកម្ពុជាគិតតែផឹកស៊ីសប្បាយ ហើយមិនខ្វល់ពីក្រុមជនជាតិវៀតណាមចូលមករស់នៅពេញផ្ទៃទឹកបឹងទន្លេសាប ហើយទទួលបានផ្ទះសម្បែងដែលរដ្ឋាភិបាលកម្ពុជាផ្ដល់ឱ្យពួកគេសម្រាប់ផែនការជម្លៀសជនជាតិវៀតណាមពីផ្ទៃបឹងទន្លេសាបនៅក្នុងខេត្តកំពង់ឆ្នាំង។ សំណេរជាមួយរូបថតទាំង ៣សន្លឹកនេះ ត្រូវបានចែករំលែកតៗគ្នារហូតទៅដល់ជិត ១ពាន់ដងចន្លោះពីថ្ងៃទី១២ ដល់ថ្ងៃទី២៤ ខែឧសភា និងមានការបញ្ចេញប្រតិកម្មរួមជាមួយមតិយោបល់ជាច្រើនពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកនោះ សរសេរថា «ផ្កាយ សក្តិ ពេញទឹកពេញដី […]
Continue Reading