
ខណៈដែលអាជ្ញាធររាជធានីភ្នំពេញសម្រេចបញ្ជាឱ្យរុះរើសំណង់បណ្ដែតទឹកទាំងឡាយរបស់ជនជាតិវៀតណាមចេញពីផ្ទៃទឹកទន្លេនៅក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញនោះ រូបថត និងវីដេអូជាច្រើន ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដែលបង្ហាញនូវប្រតិកម្មផ្សេងៗទៅនឹងសហគមន៍ជនជាតិវៀតណាមរស់នៅក្នុងប្រទេសកម្ពុជា។
ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលលំនៅឋានដូចៗគ្នា ត្រូវបានគេអះអាងថា ជាសំណង់ផ្ទះសម្រាប់ជនជាតិវៀតណាម ដែលត្រូវបានបណ្ដេញចេញពីផ្ទៃទឹកទន្លេ ឱ្យទៅរស់នៅលើផ្ទៃដីទំហំ ៤០ហិកតា ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។
រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នាដល់ទៅរាប់ពាន់ដងរួមជាមួយការបញ្ចេញប្រតិកម្ម និងមតិចម្រុះបែបផងដែរ។
ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរកឃើញថា រូបថតជាមួយនឹងការអះអាងបែបនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ទំព័រហ្វេសប៊ុកមួយបានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញផ្ទះមានរូបរាងដូចៗគ្នា ហើយអះអាងថា ផ្ទះទាំងនេះ គឺជាលំនៅឋានដែលត្រូវបានសាងសង់សម្រាប់ជនជាតិវៀតណាម ដែលត្រូវបានជម្លៀសចេញពីរស់នៅលើផ្ទៃទឹកទន្លេ ទៅរស់នៅលើផ្ទៃដីគោកវិញ។
រូបថតមួយសន្លឹករួមជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែកដល់ទៅរាប់ពានដង និងមានការបញ្ចេញប្រតិកម្ម និងមតិចម្រុះបែបជាច្រើនពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍នៃទំព័រហ្វេសប៊ុកនោះរៀបរាប់ថា «គិតៗទៅគួរឱ្យច្រណែនយួនណាស់ មានផ្ទះ មានដី មើលទៅគួរឱ្យចង់រស់នៅណាស់បងប្អូន សង់យ៉ាងមានរបៀបរៀបរយ ដីធំទូលាយល្អណាស់។ ចំណែកខ្ញុំវិញ អាយុជាង ៣០ឆ្នាំហើយ មិនទាន់មានដីមួយម៉ែត្រការ៉េនៅឡើយទេ ច្រណែនផង អន់ចិត្តផង និងខ្មាស់ខ្លួនឯងផង»។
រូបថតមួយសន្លឹកនេះ ក៏ត្រូវបានចែករំលែកដោយអ្នកប្រើហ្វេសប៊ុកដទៃទៀត ដែលនាំឱ្យមានការចែករំលែកបន្តជាច្រើនដងថែមទៀតពីសំណាក់អ្នកប្រើបណ្ដាញសង្គម។
រូបថតបង្ហាញផ្ទះបែបនេះ ក៏ត្រូវបានបង្ហោះលើបណ្ដាញសង្គមពីសំណាក់ទំព័រហ្វេសប៊ុកមួយកាលពីខែកក្កដា ឆ្នាំ២០២០កន្លងផងដែរ ជាមួយការអះអាងថា ជនជាតិវៀតណាម ទទួលបានដី ៤០ហិកតា ហើយក៏ទទួលបានផ្ទះផងដែរ។
ការបង្ហោះរូបថតជាមួយការអះអាងបែបនេះ ត្រូវបានចែករំលែករហូតដល់ជាង ៥០០ដង និងមានការបញ្ចេញប្រតិកម្ម និងមតិចម្រុះបែបពីសំណាក់អ្នកប្រើហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
រូបភាពផ្ដាមចេញប៉ុស្តិ៍នៃទំព័រហ្វេសប៊ុករៀប រាប់ថា «ឱ្យដី៤០ហិតតា១០ដង ឬ១០០ដង , ១០០០ដងទៀតក៏មិនអស់យួនពីទន្លេសាបដែរ.. បានទាំងដី៤០ហិកតា បានទាំងផ្ទះយ៉ាងសមរមប្រណិត! ប៉ុន្តែ ឥឡូវបណ្តែតចូលមកថ្មីៗ ណែនណាន់តាន់តាមវិញដដែល។ តើ ៤០ហិកតាប៉ុន្មានដងទៀតទើបអស់យួនពីទន្លេសាប? បើចៅហ្វាយធំចេះតែបញ្ចូលមកជារៀងរហូតបែបនេះ តាំងពី ១៩៧៩ ទល់នឹងបច្ចុប្បន្ន? #តើដល់ពេលណាទើបខ្មែរភ្ញាក់ខ្លួន?»។
ការពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់លើរូបថតនេះតាមរយៈកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំទៅដល់រូបថតដើម និងខ្លឹមសារនៃរូបថតនេះ។
រូបថតដូចគ្នាទាំងស្រុង ត្រូវបានរកឃើញក្នុងអត្ថបទព័ត៌មានរបស់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីដើមឆ្នាំ២០១៨កន្លងមក ដែលនិយាយអំពីដំណើរការនៃគម្រោងសាងសង់លំនៅឋានជូនអតីតយុទ្ធជន និងគ្រួសារកងទ័ពកម្ពុជា។
Construction & Property Magazine | Archived Link
រូបថតដែលបង្ហាញផ្ទះមានរចនាបថ ឬទម្រង់ដូចៗគ្នាស្ថិតនៅជាជួរនោះ ត្រូវបានរកឃើញចុះផ្សាយនៅក្នុងអត្ថបទព័ត៌មាននៃសារព័ត៌មានហ្វ្រេសញូវស៍ (Fresh News) ផងដែរកាលពីចុងឆ្នាំ២០១៧កន្លងមក។ តាមរយៈអត្ថបទព័ត៌មានរបស់គេហទំព័រសារព័ត៌មានហ្វ្រេសញូវស៍ រូបថតផ្ទះដូចៗគ្នានេះ គឺជាលំនៅឋានដែលរាជរដ្ឋាភិបាលកម្ពុជាសាងសង់ឡើង និងផ្ដល់ទៅគ្រួសារអតីតយុទ្ធជនកម្ពុជា។ លំនៅឋានចំនួន ២០០ខ្នងនេះ ត្រូវបានសាងសង់ឡើងនៅឯស្រុករមាសហែក ស្ថិតក្នុងខេត្តស្វាយរៀង។
Fresh News’s report | Archived Link
រូបថតមួយសន្លឹកនេះ ក៏ត្រូវបានរកឃើញផងដែរនៅក្នុងចំណោមរូបថតដទៃទៀតនៃប៉ុស្តិ៍មួយនៅលើទំព័រហ្វេសប៊ុករបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែកុម្ភៈ ឆ្នាំ២០១៨កន្លងមក។
ទំព័រហ្វេសប៊ុករបស់លោក ជា សុផារ៉ា បញ្ជាក់ថា លំនៅឋានសម្រាប់គ្រួសារអតីតយោធិននេះ ស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង។
ទំព័រហ្វេសប៊ុករដ្ឋបាលខេត្តស្វាយរៀង ក៏បានច្រានចោលនូវការអះអាងនៅលើបណ្ដាញសង្គមបែបនេះផងដែរ ដោយបញ្ជាក់ថា ផ្ទះចំនួន ៤០០ខ្នង ត្រូវបានរដ្ឋាភិបាលសាងសង់ផ្ដល់ជូនយោធិន ជនពិការ និងមន្ត្រីយោធាចូលនិវត្តន៍ ស្ថិតនៅក្នុងភូមិជីកដី ក្នុងស្រុករមាសហែក។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការបង្ហោះរូបថតជាមួយនឹងការអះអាងដូចបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ផ្ទះសម្បែងនៅក្នុងរូបថតនេះ មិនមែនជាសំណង់លំនៅឋានដែលត្រូវបានសាងសង់សម្រាប់ជនជាតិវៀតណាម ដែលត្រូវបានជម្លៀសចេញពីការរស់នៅលើផ្ទៃទឹកបឹងទន្លេសាបនៅខេត្តកំពង់ឆ្នាំង ឱ្យទៅរស់នៅលើផ្ទៃដី ៤០ហិកតានោះឡើយ។ លំនៅឋានទាំងនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាសាងសង់សម្រាប់យោធិន និងគ្រួសារកងទ័ព ស្ថិតនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។

Title:តើផ្ទះក្នុងរូបថតនេះសាងសង់សម្រាប់ជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជាមែនឬទេ?
Fact Check By: Jay UdomResult: False
