Fact-Check: រូបថត​ពីរ​សន្លឹក​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​​និគមជន​វៀតណាម​នៅ​កម្ពុជា​

False Political

កាល​ពីចុង​ឆ្នាំ​២០១៩​កន្លង​មក រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ពី​ផែនការ​ផ្ដល់​ដី​ទំហំ ៤០​ហិកតា​ស្ថិត​នៅ​ក្នុង​ស្រុក​រលៀប្អៀរ ខេត្ត​កំពង់ឆ្នាំង​សម្រាប់​ការ​ផ្លាស់​ទី​ប្រជាជន ៤ ៥៦៣​គ្រួសារ​ពី​ការ​រស់​នៅ​លើ​ទឹក មក​រស់នៅ​លើ​គោក។ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ចុង​ឆ្នាំ​នោះ​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៤ ៥០០​គ្រួសារ​នោះ ក៏​មាន​ដែរ​ជន​ជាតិ​វៀតណាម ២ ៤៨០​គ្រួសារ

ចាប់​តាំង​ពី​ពេល​នោះ​មក ផែនការ​នេះ​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ការ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។ ថ្មីៗ​នេះ ទំព័រ​ហ្វេសប៊ុក​បាន​បង្ហោះ​រូបថត​ផ្ទះ​ជា​ជួរ​ដូចៗ​គ្នា​មួយ​កន្លែង​ជាមួយ​ការ​អះ​អាង​ដែល​មាន​ន័យ​ថា ផ្ទះ​សម្បែង​ទាំង​នោះ ត្រូវ​បាន​សាង​សង់​សម្រាប់​និគមជន​វៀតណាម ដែល​រដ្ឋាភិបាល​គ្រោង​ជម្លៀស​ចេញ​ពី​ការ​រស់​នៅ​លើ​ទូក​ផ្ទៃ​បឹង​ទន្លេ​សាប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត ៣​សន្លឹក​​​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន។ រូបថត​ទាំង​ ៣​សន្លឹក​នោះ ​បង្ហាញ​ក្រុម​មនុស្ស​ភាគ​ច្រើន​ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​កង​ទ័ព​កម្ពុជា​ជួប​ជុំ​បរិភោគ​អាហារ​រួម​គ្នា ផ្ទះ​មាន​ទម្រង់​ដូចៗ​គ្នា​ស្ថិត​នៅ​ជា​ជួរ​ជាមួយ​គ្នា និង​​ក្រុម​មនុស្ស​ពាក់​ដួន​ដឹក​ទំនិញ​តាម​ទូក​ជាច្រើន​នៅ​តាម​ដង​ទន្លេ។

គណនី​ហ្វេសប៊ុក​​ដដែល​នេះ បាន​សរសេរថា ក្រុម​មន្ត្រី​យោធា​កម្ពុជា​គិត​តែ​ផឹក​ស៊ី​សប្បាយ ហើយ​មិន​ខ្វល់​ពី​ក្រុម​ជន​ជាតិ​វៀតណាម​ចូល​មក​រស់នៅ​ពេញ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ហើយ​ទទួល​បាន​ផ្ទះ​សម្បែង​ដែល​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​ឱ្យ​ពួកគេ​​សម្រាប់​ផែនការ​ជម្លៀស​ជន​ជាតិ​វៀតណាម​ពី​ផ្ទៃ​បឹង​ទន្លេសាប​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

សំណេរ​ជាមួយ​រូបថត​ទាំង ៣​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ទៅ​ដល់​ជិត ១​ពាន់​ដង​ចន្លោះ​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម​រួម​ជាមួយ​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ សរសេរ​ថា​ «ផ្កាយ សក្តិ​ ពេញ​ទឹក​ពេញ​ដី ផឹក​រំលឹក​គុណ​យួន ទឹក​ដី​បាត់​បណ្ដើរៗ​ហើយ!»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​រូបថត​ ២​សន្លឹក​តាម​រយៈ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​បាន​នាំ​ទៅ​ដល់​រូបថត​ដើម និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​ទាំង​ពីរ​សន្លឹក​នេះ។

រូបថត​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​រក​ឃើញ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​​ទស្សនាវដ្ដី​សំណង់ និង​អចលន​ទ្រព្យ កាល​ពី​ដើម​ឆ្នាំ​២០១៨​កន្លង​មក​ ដែល​និយាយ​​អំពី​ដំណើរការ​នៃ​គម្រោង​សាង​សង់​លំនៅឋាន​ជូន​អតីត​យុទ្ធជន និង​គ្រួសារ​កង​ទ័ព​កម្ពុជា​។

Construction & Property Magazine | Archived Link

រូបថត​ដែល​បង្ហាញ​ផ្ទះ​មាន​រចនាបថ ឬ​ទម្រង់​ដូចៗ​គ្នា​ស្ថិត​នៅ​ជា​ជួរ​នោះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​នៃ​សារព័ត៌មាន​ហ្វ្រេស​ញូវស៍ (Fresh News) ផង​ដែរ​កាល​ពី​ចុង​ឆ្នាំ​២០១៧​កន្លង​មក។ តាម​រយៈ​អត្ថបទ​ព័ត៌មាន​របស់​គេហ​ទំព័រ​សារព័ត៌មាន​​​ហ្វ្រេស​ញូវស៍ រូបថត​ផ្ទះ​ដូចៗ​គ្នា​នេះ គឺ​ជា​លំនៅឋាន​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​សាង​សង់​​ឡើង និង​ផ្ដល់​ទៅ​គ្រួសារ​អតីត​យុទ្ធជន​កម្ពុជា។ លំនៅឋាន​​ចំនួន ២០០​ខ្នង​នេះ ត្រូវ​បាន​សាង​សង់​ឡើង​នៅ​ឯ​ស្រុក​រមាសហែក ស្ថិត​ក្នុង​ខេត្ត​ស្វាយរៀង។

Fresh News’s report | Archived Link

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​ផង​ដែរ​នៅ​ក្នុង​ចំណោម​រូបថត​ដទៃ​ទៀត​នៃ​ប៉ុស្តិ៍​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លង​មក។

Facebook Post | Archived Link

ទំព័រ​ហ្វេសប៊ុក​របស់​លោក ជា សុផារ៉ា បញ្ជាក់ថា លំនៅឋាន​សម្រាប់​គ្រួសារ​អតីត​យោធិន​នេះ ស្ថិត​នៅ​ក្នុង​ភូមិ​ជីកដី ឃុំ​អណ្ដូងត្របែក នៅ​ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។

Facebook Post | Archived Link

ចំណែក​ឯ​រូបថត​មួយ​សន្លឹក​ទៀត​​ដែល​បង្ហាញ​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ទូក​នៅ​តាម​ដង​ទន្លេ​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហ​ទំព័រ viator ដែល​ជា​​គេហ​ទំព័រ​ព័ត៌មាន​ទីតាំង​ទេសចរណ៍​​របស់​ក្រុមហ៊ុន Tripadvisor របស់​អាមេរិក។ គេហទំព័រ​មួយ​នេះ បាន​និយាយ​អំពី​ដំណើរ​កម្សាន្ត​តាម​នាវា​នៅ​លើ​ដង​ទន្លេ​មេគង្គ​ពី​រាជ​ធានី​ភ្នំពេញ ទៅ​កាន់​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​ ប៉ុន្តែ មិន​បាន​បញ្ជាក់​អំពី​ទីតាំង​នៃ​រូបថត​នេះ​ទេ។

viator.com | Archived link

ការ​ប្រៀប​ធៀប​គ្នា​​រវាង​រូបថត​ទាំង​ ២​សន្លឹក​នេះ បង្ហាញ​ថា រូបថត​ដែល​អ្នក​ប្រើ​ហ្វេសប៊ុក​យក​ទៅ​បង្ហោះ​នោះ ត្រូវបាន​កាត់​ចោល​មួយ​ផ្នែក​ខាង​លើ​នៃ​រូបថត​ដើម។

​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រូវ​បាន​គេ​បញ្ជាក់​​ព័ត៌មាន​លម្អិត​នោះ​ឡើយ ជាពិសេស​ទីតាំង​នៃ​រូបថត​នេះ ប៉ុន្តែ ទិដ្ឋភាព​នៃ​ទីតាំង​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំហ័រ​រូបថត Alamy។

Alamy | Archived Link

តាម​រយៈ​ការ​ប្រៀប​ធៀប​នឹង​រូបថត​ដទៃ​ទៀត វា​បង្ហាញ​ថា រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ទិដ្ឋភាព​ផ្សារ​លើ​ទឹក​នៅ​តាម​ដង​ទន្លេ​មេគង្គ ស្ថិត​នៅ​ក្នុង​ខេត្ត​ Can Tho ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​ ឬ​ទឹកដី​កម្ពុជា​ក្រោម។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀបរាប់​ពី​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ទាំង​ ២​សន្លឹក​នេះ មិន​បាន​បង្ហាញ​ជន​ជាតិ​វៀតណាម​ចូល​មក​រស់នៅ​លើ​ប្រទេស​កម្ពុជា​នោះ​ទេ។ រូបថត​ផ្ទះ​ដូចៗ​គ្នា គឺ​ជា​លំនៅឋាន​ដែល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ផ្ដល់​ជូន​អតីត​យុទ្ធជន និង​គ្រួសារ​កង​ទ័ព ហើយ​រូបថត​​មួយ​ទៀត គឺ​ជា​ទិដ្ឋភាព​ផ្សារ​បណ្ដែត​ទឹក​ស្ថិត​ក្នុង​ខេត្ត Can Tho ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម។

Avatar

Title:រូបថត​ពីរ​សន្លឹក​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​​និគមជន​វៀតណាម​នៅ​កម្ពុជា​

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.