
ក្រោយពីមានការផ្សាយថា ផ្កាយរណបផុតអាយុកាលមួយរបស់អាមេរិកនឹងធ្លាក់ចុះមកផែនដីនោះ ការអះអាងមួយបាននិយាយថា ផ្កាយរណបមួយនេះនឹងធ្លាក់ទៅលើឧបទ្វីបកូរ៉េនៅរសៀលថ្ងៃនេះ។ ការអះអាងបែបនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាចែករំលែកតគ្នាជាច្រើនដង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវទេ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយដែលកំពុងតែផុសផុលនៅលើបណ្ដាញសង្គម បាននិយាយថា ផ្កាយរណបឈប់ដំណើរការមួយរបស់ទីភ្នាក់ងារអវកាសណាសា (NASA)របស់សហរដ្ឋអាមេរិក នឹងធ្លាក់ចំឧបទ្វីបកូរ៉េនៅចន្លោះម៉ោង ១២:២០ ទៅម៉ោង ១:២០នាទីរសៀលថ្ងៃនេះ។
ការអះអាងនេះ ត្រូវបានចែករំលែកបន្តដល់ទៅជាង ១០០ដងនៅព្រឹកថ្ងៃអង្គារនេះ ហើយក៏ទទួលបានការបញ្ចេញមតិ និងប្រតិកម្មជាច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកផងដែរ បន្ទាប់ពីវាត្រូវបានចែករំលែកចូលទៅក្រុមបណ្ដាញសង្គម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គម ដែលរៀបរាប់ថា «ផ្កាយរណបអាចនឹងធ្លាក់ចំឧបទ្វីបកូរ៉េនៅថ្ងៃនេះចន្លោះម៉ោង 12:20 – 1:20PM បើតាមភ្នាក់ងារអវកាសសហរដ្ឋអាមេរិក បាននិយាយថា ផ្កាយរណបអវកាសដែលបានបាញ់បង្ហោះតាំងពីឆ្នាំ1984 ខែតុលា ថ្ងៃទី5 ដែលមានទម្ងន់ប្រហែល 2450Kg កំពុងតែធ្លាក់ចុះមកផែនដីនៅថ្ងៃនេះ ហើយមានភាគរយខ្ពស់ដែលអាចធ្លាក់ចូលទឹកដីកូរ៉េនៅថ្ងៃនេះ»។

ការអះអាងដដែលនេះ ក៏ត្រូវបានចែករំលែកទៅក្រុមបណ្ដាញសង្គមដែលមានគណនីហ្វេសប៊ុកជិត ៤០ម៉ឺនជាសមាជិកផងដែរ។ សូមមើលការអះអាងនេះតាមរយៈតំណភ្ជាប់នៅទីនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើព័ត៌មាននិយាយអំពីការធ្លាក់ចុះរបស់ផ្កាយរណបមួយគ្រឿងចុះផ្សាយដោយប្រភពជាទីទុកចិត្តនានា ដែលនាំឱ្យយើងបានរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈការស្វែងរកពាក្យគន្លឹះនៅលើ Google បានឱ្យយើងដឹងថា ផ្កាយរណបមួយគ្រឿងដែលត្រូវធ្លាក់ចុះមកផែនដីវិញនោះ មានឈ្មោះ Earth Radiation Budget Satellite (ERBS)។ វាជាផ្កាយរណបរបស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) ដែលត្រូវបានបាញ់បង្ហោះទៅក្នុងគន្លងតារាវិថីកាលពីឆ្នាំ១៩៨៤ ដើម្បីតាមដានរបៀបដែលផែនដីរបស់យើងស្រូបយកពន្លឺព្រះអាទិត្យ វាស់កម្រិតអូហ្សូន ចំហាយទឹក សមាសធាតុនីដ្រូហ្សែនឌីអ៊ុកហ្ស៊ីដ និងកំណកបរិយាសកាសនៅក្នុងបរិយាកាសផែនដី។
សេចក្ដីរាយការណ៍របស់សារព័ត៌មាន CNN បានឱ្យដឹងថា ផ្កាយរណបចំណាស់មួយគ្រឿងនេះ បានធ្លាក់ចូលមកក្នុងស្រទាប់បរិយាកាសផែនដីកាលពីយប់ថ្ងៃអាទិត្យ នៅលើខាងលើសមុទ្រប៊ែរីង (Bering)។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយនេះ បានចុះផ្សាយបែបនេះដោយផ្អែកតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលបញ្ជាក់ថា ផ្កាយរណបមួយគ្រឿងនេះ បានធ្លាក់ចូលក្នុងស្រទាប់បរិយាកាសផែនដីនៅម៉ោង ១១យប់ថ្ងៃអាទិត្យ(ម៉ោងនៅសហរដ្ឋអាមេរិក) ឬត្រូវនឹងព្រឹកថ្ងៃចន្ទនៅកម្ពុជា។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ ឬតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅលើគេហទំព័ររបស់ខ្លួន ទីភ្នាក់ងារអវកាសអាមេរិក NASA បាននិយាយថា ផ្កាយរណបដែលមានទម្ងន់ ២.៥តោន បានធ្លាក់ចូលក្នុងស្រទាប់បរិយាកាសផែនដីនៅម៉ោង ១១:០៤នាទីព្រឹកម៉ោងនៅសហរដ្ឋអាមេរិក ឬត្រូវនឹងម៉ោងប្រហែល ១១យប់ម៉ោងនៅកម្ពុជា។
ទីភ្នាក់ងារអវកាសអាមេរិក NASA បាននិយាយបែបនេះ បន្ទាប់ពីទទួលបានការបញ្ជាក់ពីក្រសួងការពារជាតិអាមេរិក ដែលអះអាងថា ផ្កាយរណបនេះបានធ្លាក់ចូលសមុទ្រប៊ែរីង។
ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ជាក់បន្ថែមថា គេរំពឹងថា ផ្កាយរណបនេះត្រូវផ្ទុះឆេះដោយសារតែវាធ្លាក់ចុះឆ្លងកាត់ស្រទាប់បរិយាកាស ប៉ុន្តែក៏និយាយផងដែរថា បំណែកខ្លះមិនត្រូវបានឆេះទេនៅពេលធ្លាក់មក។

NASA’s Press Release | Archived
ចំណែកឯសារព័ត៌មានកូរ៉េខាងត្បូង Korea Jong Ang Daily បានចុះផ្សាយកាលពីថ្ងៃម្សិលមិញថា ផ្កាយរណបអស់អាយុកាលមួយនេះ មិនបានធ្លាក់នៅលើឧបទ្វីបកូរ៉េនោះឡើយកាលពីថ្ងៃម្សិលមិញនេះ ហើយគ្មានបំណែកណាមួយនៃផ្កាយរណបនេះ ត្រូវបានគេរាយការណ៍នោះឡើយ។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ ឬតាមរយៈតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ផ្កាយរណបអស់អាយុកាលមួយរបស់ទីភ្នាក់ងារអវកាសអាមេរិក (NASA) មិនបានធ្លាក់នៅលើឧបទ្វីបកូរ៉េនោះឡើយ។ ផ្ទុយទៅវិញ ផ្កាយរណបមានអាយុកាលជិត៤០ឆ្នាំមួយនេះ បានធ្លាក់ចូលទៅក្នុងសមុទ្រប៊ែរីងកាលពីម៉ោង ១១:០៤ព្រឹកថ្ងៃអាទិត្យ ឬត្រូវនឹងថ្ងៃចន្ទនៅកម្ពុជា។

Title: ផ្កាយរណបផុតអាយុកាលមួយគ្រឿងធ្លាក់ចូលសមុទ្រប៊ែរីងផុតឆ្ងាយពីឧបទ្វីបកូរ៉េ
Fact Check By: Jay UdomResult: Misleading
