
ដោយសារតែផ្នែកជាច្រើននៃប្រវត្តិសាស្ត្រកម្ពុជាសម័យអង្គរស្ថិតក្នុងដំណាក់កាលគ្មានការបកស្រាយត្រឹមត្រូវនៅឡើយនោះ ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា ព្រះបាទសូរ្យវម៌្មទី១ (ឬសូរ្យវរ្ម័នទី១) គឺជាក្សត្រមានប្រភពកំណើតមកពីជ្រោយម៉ាឡេ។ ការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម និងមានការបញ្ចេញមតិផ្សេងៗផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបភាពផែនទីតំបន់អាស៊ីអាគ្នេយ៍ដីគោកមួយផ្ទាំង ត្រូវបានគេបង្ហោះនៅក្នុងក្រុមបណ្ដាញសង្គមមួយកាលពីចុងខែសីហាកន្លងមកនេះ ដោយមានសំណេររៀបរាប់ថា ព្រះមហាក្សត្រខ្មែរមួយអង្គនាសម័យអង្គរព្រះនាមសូរ្យវរ្ម័នទី១ មានទីកន្លែងកំណើតនៅក្នុងខេត្តនគរស្រីធម្មរាជ (Nakhon Sri Thammarat) ភាគខាងត្បូងប្រទេសថៃសព្វថ្ងៃនេះ។
សំណេររៀបរាប់បែបនេះ ទទួលបានការចែករំលែកបន្តដល់ទៅរាប់រយដង និងមានការបញ្ចេញមតិជាច្រើន និងប្រតិកម្មចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដែលសរសេររៀបរាប់ជាភាសាអង់គ្លេស ឬអាចប្រែសម្រួលជាភាសាខ្មែរថា «ទីកន្លែងកំណើតរបស់សូរ្យវរ្ម័នទី១។ ព្រះអង្គសោយរាជ្យនៅចក្រភពខ្មែរចន្លោះពីឆ្នាំ១០០៥ ដល់ឆ្នាំ១០៥០ និងបានកសាងប្រាសាទវត្តភូស្ថិតក្នុងប្រទេសឡាវសព្វថ្ងៃ»។

បន្ទាប់ពីមានការបង្ហោះនូវសំណេរបែបនេះមក អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ក៏បានបញ្ចេញមតិថា ព្រះបាទសូរ្យវរ្ម័នទី១ មានដើមកំណើតជាម៉ាឡេស្ថិតនៅជ្រោយម៉ាឡេដែលមួយផ្នែកជាប្រទេសម៉ាឡេស៊ី និងមួយផ្នែកទៀតជាទឹកដីភាគខាងត្បូងរបស់ថៃ។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការពិនិត្យមើលឯកសារស្រាវជ្រាវថ្មីៗជុំវិញប្រវត្តិរបស់ព្រះបាទសូរ្យវរ្ម័នទី១ និងកិច្ចសម្ភាសជាមួយសាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈការស្វែងរកដោយពាក្យគន្លឹះ យើងបានរកឃើញការសិក្សាមួយរបស់សាស្ត្រាចារ្យ Michael Vickery នៅលើវេបសាយមួយឈ្មោះថា Angkor Database ដែលយកអត្ថបទរបស់ប្រវត្តិវិទូ Michael Vickery ពីទស្សនាវដ្ដីសិក្សាអាស៊ីអាគ្នេយ៍ឆ្នាំ២០០៦។
ប្រវត្តិវិទូអាមេរិករូបនេះ បានរៀបរាប់ថា អ្នកសិក្សាស្រាវជ្រាវជនជាតិបារាំង លោក ហ្សក សឺដេស (George Coedes) បានផ្ដល់ការសន្និដ្ឋានថា ព្រះបាទសូរ្យវម៌្មទី១ គឺជាស្ដេចសម័យអង្គរមានដើមកំណើតមកពីជ្រោយម៉ាឡេ ឬតំបន់ភាគខាងត្បូងប្រទេសថៃសព្វថ្ងៃនេះ។
ទោះជាយ៉ាងណា លោក Vickery បានលើកឡើងនូវលទ្ធផលនៃការសិក្សាថ្មីៗដែលផ្ដល់នូវការសន្និដ្ឋានផ្ទុយពីការលើកឡើងខាងដើមរបស់លោក ហ្សក សឺដេស និងអាចឱ្យគេសន្និដ្ឋានឡើងវិញថា ព្រះបាទសូរ្យវម៌្មទី១ មិនមែនជាក្សត្រមានកំណើតមកពីជ្រោយម៉ាឡេនោះឡើយ។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ។
លោកបណ្ឌិត វង់ សុធារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រជំនាញខាងសិលាចារឹក បានឱ្យដឹងថា ការអះអាងថា ព្រះបាទសូរ្យវម៌្មទី១ ជាក្សត្រមានដើមកំណើតមកពីជ្រោយម៉ាឡេ ឬតំបន់ភាគខាងត្បូងប្រទេសថៃបច្ចុប្បន្ននេះ មិនត្រឹមត្រូវនោះឡើយ។
អ្នកជំនាញសិលាចារឹកបុរាណរូបនេះ បញ្ជាក់ថា ការសិក្សារបស់អ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រកម្ពុជានាសម័យក្រោយមកទៀត បានរកឃើញថា ការសន្និដ្ឋានរបស់លោក ហ្សក សឺដេស មិនត្រឹមត្រូវនោះឡើយ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ អះអាងថា ការសិក្សាលើសិលាចារឹកនានា បានផ្ដល់ព័ត៌មានកាន់តែច្បាស់ថា ព្រះបាទសូរ្យវម៌្មទី១ គឺជាស្ដេចមានដើមកំណើតនៅលើទឹកដីកម្ពុជានាសម័យអង្គរ មិនមែនជាស្ដេចមានប្រភពកំណើតមកពីជ្រោយម៉ាឡេនោះឡើយ។
លោកបណ្ឌិត វង់ សុធារ៉ា បានចង្អុលបង្ហាញទៅសិលាចារឹកជាច្រើនផ្ទាំង ដែលត្រូវបានរកឃើញនៅលើទឹកដីកម្ពុជា និងនិយាយអំពីព្រះមហាក្សត្រអង្គនេះ។
ខាងក្រោមនេះ គឺជាសិលាចារឹកដែលចង្អុលបង្ហាញពីដើមកំណើតរបស់ព្រះបាទសូរ្យវម៌្មទី១ ដែលត្រូវបានបោះពុម្ពផ្សាយដោយលោកបណ្ឌិត វង់ សុធារ៉ា នៅក្នុងសៀវភៅរបស់លោកមានចំណងជើងថា «សិលាចារឹកកម្ពុជាសម័យអង្គរ»៖
១. សិលាចារឹកប្រាសាទបាយពុះនៅសំបូរព្រៃគុក នៃខេត្តកំពង់ធំ (K.153)៖ ដោយសិលាចារឹកនេះមានចុះកាលបរិច្ឆេទ គ.ស. ១០០០ វានាំឱ្យមានការយល់ដឹងពីវត្តមានរបស់ព្រះបាទសូរ្យវម៌្មទី១នៅទីនោះដែលជាផ្នែកមួយនៃដែនដីចក្រភពអង្គរ ដោយព្រះអង្គបានប្រទានដីដល់ព្រាហ្មណ៍បណ្ឌិតម្នាក់មុនពេលព្រះអង្គប្រកាសឡើងសោយរាជ្យជាផ្លូវការនៅអំឡុងឆ្នាំ១០០២។ សិលាចារឹកនេះ ក៏បញ្ជាក់បន្ថែមនូវវត្តមានរបស់ព្រះអង្គនៅមុនការឡើងសោយរាជ្យជាបន្តបន្ទាប់របស់ព្រះបាទឧទយាទិត្យវម៌្មទី១ និងព្រះបាទជយវីរវម៌្មនៅរាជធានីយសោធរបុរៈ ឬរាជធានីអង្គរទៅទៀត។
សាស្ត្រាចារ្យ វង់ សុធារ៉ា បានលើកឡើងនៅក្នុងសៀវភៅនោះថា សិលាចារឹកនេះ បានផ្ដល់ព័ត៌មានឱ្យដឹងថា ព្រះបាទសូរ្យវម៌្មទី១ មានប្រភពជាអ្នកគ្រប់គ្រងតំបន់សំបូរព្រៃគុក នៅក្នុងខេត្តកំពង់ធំសព្វថ្ងៃនេះ និងសំបុកសម្បូណ៌(សម្ភុបុរៈ)ក្នុងខេត្តក្រចេះសព្វថ្ងៃនេះឯង មិនមែនមានប្រភពមកពីជ្រោយម៉ាឡេដូចការសង្ស័យរបស់លោក ហ្សក សឺដេស នោះឡើយ។ លោកបណ្ឌិត វង់ សុធារ៉ា បានលើកឡើងថា នៅអំឡុងគ.ស.១០០០នោះ ព្រះបាទ្យសូរ្យវម៌្មទី១ គឺជាម្ចាស់តំបន់ ឬជាស្ដេចត្រាញ់គ្រប់គ្រងលើតំបន់ទាំងពីរនេះនៅឡើយ។
២. សិលាចារឹកតាកឹង នៅសំបូរ ខេត្តក្រចេះ (K.125)៖ លោកបណ្ឌិត វង់ សុធារ៉ា បានរៀបរាប់ក្នុងសៀវភៅនោះថា សិលាចារឹកមួយនេះ បានឱ្យដឹងថា ព្រះបាទសូរ្យវម៌្មទី១ មានខ្សែស្រឡាយក្រុមគ្រួសារមួយផ្នែក ឬបុព្វបុរសរបស់លោកចេញពីនៅទីក្រុងសម្ភុបុរៈ ស្ថិតក្នុងខេត្តក្រចេះនាពេលសព្វថ្ងៃនេះ ដែលវាផ្ទុយទៅនឹងសំណើរបស់លោក ហ្សក សឺដេស ដែលលើកឡើងថា ស្ដេចមួយអង្គនេះមានស្រុកកំណើតនៅជ្រោយម៉ាឡេនោះ។
៣. សិលាចារឹកលើមេទ្វារប្រាសាទតាកែវ (K.277)៖ សាស្ត្រាចារ្យ រង់ សុធារ៉ា បានលើកឡើងនៅក្នុងសៀវភៅរបស់លោកថា ព័ត៌មាននៅលើសិលាចារឹកនេះ បានឱ្យដឹងថា ព្រះបាទសូរ្យវម៌្មទី១ ប្រហែលមានស្រុកកំណើតនៅភូមិនរេន្ទ្រគ្រាម នៃខេត្តភីមបុរៈ ដែលត្រូវនឹងតំបន់ឯកភ្នំ ស្ថិតក្នុងខេត្តបាត់ដំបងសព្វថ្ងៃនេះ។
៤. សិលាចារឹកវត្តសំរោង (K.1198)៖ សាស្ត្រាចារ្យ វង់ សុធារ៉ា បានបញ្ជាក់ថា សិលាចារឹកមួយផ្ទាំងនេះ បានឱ្យដឹងថា ព្រះបាទសូរ្យវម៌្មទី១ បានបញ្ជាទៅមេទ័ពរបស់ទ្រង់នាម លក្ម្សីបតីវម៌្ម ឱ្យបង្ក្រាបការបះបោរនៅភាគខាងជើង ឬតំបន់ប្រាសាទភិម៉ៃ ស្ថិតក្នុងប្រទេសថៃបច្ចុប្បន្ននេះ។ មេទ័ពដ៏ខ្លាំងពូកែរូបនេះ ត្រូវបានព្រះបាទសូរ្យវម៌្មទី១ តែងតាំងជាចៅហ្វាយក្រុងល្វោ ឬលពបុរីស្ថិតក្នុងប្រទសថៃសព្វថ្ងៃ បន្ទាប់ពីលោកវាយឈ្នះលើនគរមួយនេះ។
សូមបញ្ជាក់នៅទីនេះផងដែរថា នៅក្នុងសំណេរនៅទីនេះ យើងប្រើពាក្យ «វម៌្ម» ឬ «វម៌ទេវ»ទៅតាមសំណេររបស់លោកបណ្ឌិត វង់ សុធារ៉ា ជាជាងការសរសេរតាមពាក្យ «វរ្ម័ន»ទៅតាមលោក ហ្សក សឺដេស។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការសិក្សាស្រាវជ្រាវសម័យថ្មី បានផ្ដល់នូវព័ត៌មានដែលអាចសន្និដ្ឋានបានថា ព្រះបាទសូរ្យវម៌្មទី១ គឺជាក្សត្រដែលបានវាតទីអំណាចចេញពីតំបន់គ្រប់គ្រងរបស់ទ្រង់នៅសំបូរព្រៃគុកស្ថិតក្នុងខេត្តកំពង់ធំ និងសម្ភុបុរៈស្ថិតក្នុងខេត្តក្រចេះសព្វថ្ងៃនេះ។ ការសិក្សាស្រាវជ្រាវសម័យថ្មី បានឱ្យយើងយល់ដឹងថា ការសង្ស័យ ឬការសន្និដ្ឋានថា ក្សត្រអង្គនេះមកពីជ្រោយម៉ាឡេនោះ មិនត្រឹមត្រូវនោះឡើយ។

Title:តើព្រះបាទសូរ្យវម៌្មទី១ជាស្ដេចវាតទីមកពីជ្រោយម៉ាឡេឬ?
Written By: Jay UdomResult: Misleading