តើការចាប់ខ្លួនតារាចម្រៀង ប៊ុត សីហា ជាការពិតឬទេ?
បន្ទាប់ពីមានព័ត៌មានចុះផ្សាយថា តារាចម្រៀង ប៊ុត សីហា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនកាលពីថ្ងៃម្សិលមិញនេះ ការអះអាងមួយបានលើកឡើងថា ករណីនេះគឺជាការសម្ដែងដើម្បីទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គមប៉ុណ្ណោះ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដង និងមានការចោទសួរពីភាពត្រឹមត្រូវផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ទំព័រហ្វេសប៊ុកមួយ បានអះអាងថា ការចាប់ខ្លួនលោក ប៊ុត សីហា អតីតជ័យលាភីនៃកម្មវិធីប្រឡងចម្រៀង The Voice Cambodia កាលពីថ្ងៃម្សិលមិញនេះ មិនមែនជារឿងពិតនោះឡើយ ហើយថា ករណីនេះត្រូវបានប្រឌិតឡើងដើម្បីទាក់ទាញការចាប់អារម្មណ៍ទៅលើទំព័រហ្វេសប៊ុកមួយតែប៉ុណ្ណោះ។
ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ហើយក៏នាំឱ្យមានការចោទសួរអំពីការពិតនៃករណីនេះដែរពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងរបស់ទំព័រហ្វេសប៊ុក Rothana Thorn Original page កាលពីថ្ងៃម្សិលមិញនេះដែលរៀបរាប់ថា «គិតទៅមនុស្សអាចធ្វើបានគ្រប់យ៉ាង គ្រាន់តែចង់បានអ្នកឡាចផេក ហ៊ានយកកិត្តិយសរបស់មនុស្សម្នាក់ទៀត យកមកប្ដូរបែបហ្នឹងសោះ។ បើសិនជាបងប្អូនជាអ្នកគាំទ្រ ប៊ុត សីហា ពិតប្រាកដមែន បងប្អូននឹងដឹងហើយថារឿងនេះគេប្រឌិតឡើងទេ ដើម្បីយកការឡាចផេករបស់គេទេ ព្រោះពេលគេបង្កើតថ្មី បងប្អូនមើលឱ្យច្បាស់ថារូបហ្នឹងជារូបចាស់ទេ»។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីមតិរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនក្នុងចំណោមអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនទៀត ដែលបានចោទសួរទៅទំព័រហ្វេសប៊ុកខាងលើ បន្ទាប់ពីអះអាងថា ករណីចាប់ខ្លួនលោក ប៊ុត សីហា មិនមែនជាការពិតនោះ។
ការអះអាងខាងលើនេះ បានកើតឡើងក្រោយពីទំព័រហ្វេសប៊ុក Home Film បានបង្ហោះព័ត៌មានមួយកាលពីថ្ងៃម្សិលមិញថា ជ័យលាភីលេខ១ នៃកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា ត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺចាប់ខ្លួនជាមួយមនុស្សម្នាក់ទៀតពាក់ព័ន្ធនឹងគ្រឿងញៀន។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការពិនិត្យមើលសេចក្ដីរាយការណ៍ព័ត៌មានអំពីករណីនេះចុះផ្សាយដោយសារព័ត៌មានជាទីទុកចិត្តនៅកម្ពុជា និងការសម្ភាសបន្ថែមជាមួយមន្ត្រីនគរបាលមូលដ្ឋាន ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ព័ត៌មានស្ដីពីការចាប់ខ្លួនជ័យលាភីកម្មវិធីប្រឡងចម្រៀង The Voice Cambodia រដូវកាលទី១នេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មានកោះសន្តិភាពកាលពីល្ងាចថ្ងៃម្សិលមិញនេះ ដោយកាសែតដ៏ចំណាស់មួយនេះ បានបញ្ជាក់ថា ខ្លួនបានសម្ភាសជាមួយមន្ត្រីនគរបាលនៅស្រុកគងពិសី ប៉ុន្តែ មិនបានបញ្ជាក់ប្រភពច្បាស់លាស់នោះឡើយ។
ព័ត៌មានចុះផ្សាយដោយកាសែតមួយនេះ បានឱ្យដឹងថា លោក ប៊ុត សីហា និងបុរសម្នាក់ទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម៉ោងជាង ៤រសៀលថ្ងៃម្សិលមិញនេះ នៅឯភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្ថិតក្នុងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ។
សេចក្ដីរាយការណ៍ព័ត៌មានរបស់កាសែតដដែលនេះ បានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញគ្រឿងញៀនចំនួន ០៥កញ្ចក់ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន នៅពេលឆែកឆេរទៅលើមនុស្សទាំងពីរនាក់នេះ។
បើតាមការចុះផ្សាយរបស់កោះសន្តិភាព លោក ប៊ុត សីហា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្ដងរួចមកហើយកាលពីឆ្នាំ២០១៨កន្លងមកពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននៅជាយរាជធានីភ្នំពេញ ហើយផលិតកម្មហង្សមាស ក៏បានដឹងដែរថា តារាចម្រៀងរូបនេះមានប្រវត្តិប្រើប្រាស់គ្រឿងញៀន។
សូមមើលអត្ថបទព័ត៌មានទាំងស្រុងមានចំណងជើងថា «តារាចម្រៀង ប៊ុត សីហា និងបក្ខពួក ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀន»ចុះផ្សាយដោយសារព័ត៌មានកោះសន្តិភាព កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ (archived)។
សារព័ត៌មានឌីជីថលថ្មីៗ (www.thmeythmey.com) ក៏បានចុះផ្សាយពីករណីនេះផងដែរកាលពីយប់ថ្ងៃម្សិលមិញនេះ ដោយបានសម្ភាសជាមួយមេប៉ុស្តិ៍ស្នំក្រពើ លោក នៅ វណ្ណា ដែលបញ្ជាក់ថា ពិតជាមានការចាប់ខ្លួនតារាចម្រៀងរូបនេះមែន។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ (archived)។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការចុះផ្សាយ និងការចែករំលែកព័ត៌មានអំពីការចាប់ខ្លួន ប៊ុត សីហា ដែលចេញផ្សាយដោយសារព័ត៌មានថ្មីៗនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។
ក្នុងកិច្ចសម្ភាសតាមទូរស័ព្ទជាមួយ Fact Crescendo Cambodia នៅរសៀលថ្ងៃនេះ អធិការនគរបាលស្រុកគងពិសី លោក យ៉ាង សុខលី បានបញ្ជាក់ថា តារាចម្រៀង ប៊ុត សីហា ពិតជាត្រូវបានសមត្ថកិច្ចចាប់ខ្លួនមែនកាលពីរសៀលថ្ងៃម្សិលមិញនេះ ហើយលោកបន្ថែមថា សមត្ថកិច្ចបានបញ្ជូនករណីនេះទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺហើយ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងខាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ព័ត៌មានស្ដីពីការចាប់ខ្លួនតារាចម្រៀង ប៊ុត សីហា គឺជាការពិត។ តារាចម្រៀង ប៊ុត សីហា ដែលជាជ័យលាភីនៃកម្មវិធីប្រឡងចម្រៀង The Voice Cambodia ត្រូវបានសមត្ថកិច្ចខេត្តកំពង់ស្ពឺចាប់ខ្លួនកាលពីរសៀលថ្ងៃម្សិលមិញនេះពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។