
ខណៈដែលសារព័ត៌មាន Fresh News ត្រូវបានគេដឹងជាទូទៅថា ជាសារព័ត៌មានស្និទ្ធនឹងរាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ រូបភាពនៃចំណងជើងអត្ថបទមួយមានចំណងជើងថា «កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤ ខាងពង្រាយអ្នកកាត់សក់ច្រើនជាងគេក្នុងពិភពលោកក្នុងឆ្នាំ២០២៣» ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបភាពនៃចំណងជើងអត្ថបទព័ត៌មាននេះ ទទួលបានមតិយោបល់ផ្សេងៗ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ចំណងអត្ថបទព័ត៌មាននេះ គ្រាន់តែជារូបភាពកាត់តតែប៉ុណ្ណោះ។
ការអះអាងលើបណ្ដាញសង្គម
រូបភាពផ្ដាមមួយសន្លឹកដែលបង្ហាញសេចក្ដីរាយការណ៍របស់សារព័ត៌មាន Fresh News មានចំណងជើងថា «កម្ពុជាជាប់ចំណាក់ទី១៤ ខាងពង្រាយអ្នកជំនាញកាត់សក់ប្រចាំភូមិច្រើនបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៣» ត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយឈ្មោះ News Fresh។
ការបង្ហោះរូបភាពនេះ ទទួលបានការបញ្ចេញមតិមួយចំនួន និងប្រតិកម្មចម្រុះបែបជាច្រើនផងដែរ ៣ថ្ងៃក្រោយពីរូបភាពនេះត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការបង្ហោះនៅលើបណ្ដាញសង្គម News Fresh កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ជាមួយសំណេរថា «កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤ខាងពង្រាយអ្នកជំនាញកាត់សក់ប្រចាំភូមិច្រើនបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៣»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើសារដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមនេះតាមរយៈការពិនិត្យមើលការចុះផ្សាយរបស់សារព័ត៌មាន Fresh News ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
នៅក្នុងគេហទំព័រសារព័ត៌មាន Fresh News យើងបានរកឃើញសេចក្ដីរាយការណ៍ព័ត៌មានចុះផ្សាយកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ មានចំណងជើងថា «កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤ ជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៣»។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីអត្ថបទព័ត៌មានរបស់សារព័ត៌មាន Fresh News ចុះផ្សាយកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣កន្លងមកថ្មីៗនេះ។

Fresh News Report | Archived Link
សេចក្ដីរាយការណ៍របស់ Fresh News ក៏ត្រូវបានចែករំលែកនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនផងដែរកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដែលចំណងជើងនៃសេចក្ដីរាយការណ៍នេះ ខុសគ្នាទាំងស្រុងពីអ្វីដែលត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុក News Fresh ដែលត្រូវបានរៀបរាប់ខាងលើនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុក Fresh News ដែលបានចែកចាយសេចក្ដីរាយការណ៍របស់ខ្លួនមានចំណងជើងថា «TOP NEWS: កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤ ជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៣» កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។

Fresh News’s Facebook Post | Archived Link
សូមមើលរូបភាពប្រៀបធៀបគ្នារវាងរូបភាពត្រូវបានកាត់ត និងរូបភាពច្បាប់ដើមដែលត្រូវបានផ្ដាមចេញពីទំព័រហ្វេសប៊ុក Fresh News។

សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការបង្ហោះរូបភាពដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ សារព័ត៌មាន Fresh News មិនបានចុះផ្សាយនូវសេចក្ដីរាយការណ៍មានចំណងជើងថា «កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤ខាងពង្រាយអ្នកជំនាញកាត់សក់ប្រចាំភូមិច្រើនបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៣»នោះឡើយ។ អត្ថបទដើមចុះផ្សាយដោយសារព័ត៌មាន Fresh News មានចំណងជើងថា «កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៤ ជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៣»។

Title:ចំណងជើងអត្ថបទព័ត៌មានរបស់ Fresh News ត្រូវបានកាត់តឱ្យខុសពីចំណងជើងដើម
Fact Check By: Jay UdomResult: Altered
