
បន្ទាប់ពីសារព័ត៌មាននានាបានចុះផ្សាយថា កម្ពុជាបានបញ្ជាទិញទូររថភ្លើងចាស់ៗពីប្រទេសជប៉ុននោះ ស្រាប់តែមានរូបថតមួយសន្លឹក ត្រូវបានគេអះអាងថា ជាស្ថានីយរថភ្លើងនៅក្នុងទីក្រុងភ្នំពេញឆ្នាំ២០២៤។ ការបង្ហោះនេះ ទទួលបានការបញ្ចេញមតិប្រតិកម្មចម្រុះ និងចែកចាយដោយអ្នកប្រើប្រាស់យ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា ការអះអាងដោយភ្ជាប់ជាមួយរូបថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤កន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹក ចូលទៅក្នុងក្រុមហ្វេសប៊ុក ដោយបង្ហាញទិដ្ឋភាពសំណង់អគារមួយ ថតពីលើផ្ទៃអាកាស។ ទិដ្ឋភាពខាងលើនេះ ក៏ត្រូវបានភ្ជាប់ជាមួយនឹងការអះអាងជាភាសាអង់គ្លេសផងដែរថា នោះគឺជាទិដ្ឋភាពស្ថានីយរថភ្លើងនៅក្នុងទីក្រុងភ្នំពេញនាឆ្នាំ២០២៤នេះ។
ការអះអាងខាងលើ អាចនឹងត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា ជាការពិត ដោយមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនបានចែករំលែកបន្តគ្នាជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុកយ៉ាងផុសផុល។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេរថា «ស្ថានីយ៍រថភ្លើងភ្នំពេញ»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំយើងរកឃើញការពិតដូចខាងក្រោម។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នាមួយនេះ ត្រូវបានរកឃើញ និងផ្សព្វផ្សាយដោយគេហទំព័រសារព័ត៌មាន The Nation កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២កន្លងទៅ ដែលពុំបានបញ្ជាក់ថា នោះគឺជាទិដ្ឋភាពស្ថានីយរថភ្លើងនៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជានោះឡើយ។ ផ្ទុយទៅវិញ ទិដ្ឋភាពសំណង់អគារដ៏ធំមួយនោះ គឺជាស្ថានីយរថភ្លើងបាងស៊ឺ (Bang Sue Grand Station) ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមទាំងស្រុងចេញពីគេហទំព័រសារព័ត៌មានខាងលើ ដែលបានបង្ហាញទិដ្ឋភាពស្ថានីយរថភ្លើងទាំងស្រុងពីលើផ្ទៃអាកាស។

The Nation News Report | Archived Link
រូបថតដែលមានទម្រង់ដូចគ្នាខាងលើ ក៏ត្រូវបានរកឃើញ និងបង្ហោះនៅលើគេហទំព័រ Shutterstock ផងដែរ។ គេហទំព័រដដែលនេះ បានបញ្ជាក់ថា នោះគឺជាស្ថានីយរថភ្លើងបាងស៊ឺ ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំបំផុតមួយនៅក្នុងតំបន់។

Shutterstock Link | Archived Link
ខាងក្រោមនេះ គឺជាវីដេអូឃ្លីប បង្ហោះនៅលើគេហទំព័រវីដេអូ YouTube ដែលបង្ហាញនូវទិដ្ឋភាពទាំងស្រុង នៅក្នុងបរិវេណស្ថានីយរថភ្លើងបាងស៊ឺ ទីក្រុងបាងកក។ ប្រទេសថៃបានបើកជាផ្លូវការនូវស្ថានីយរថភ្លើងបាងស៊ឺថ្មី របស់ខ្លួននៅក្នុងទីក្រុងបាងកក ដោយត្រូវបានគេចាត់ទុកថា គឺជាស្ថានីយរថភ្លើងដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍ ដោយជំនួសស្ថានីយរថភ្លើងចាស់ Hua Lamphong។
លោកអ្នក ក៏អាចស្វែងរកទីតាំងនៃសា្ថនីយរថភ្លើងបាងស៊ឺ តាមរយៈ Google Map ដែលមាននៅទីនេះផងដែរ។

តើស្ថានីយរថភ្លើងភ្នំពេញបច្ចុប្បន្នមានទីតាំងស្ថិតនៅឯណា?
ស្ថានីយរថភ្លើងក្រុងភ្នំពេញ (Phnom Penh Royal Railway Station) គឺស្ថិតនៅក្នុងទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះ មានទីតាំងស្ថិតនៅជាប់នឹងសកលវិទ្យាល័យសុខាភិបាល និងទល់មុខសួនច្បារព្រះសក្យមុនីចេតិយ។
ខាងក្រោមនេះ គឺជាទិដ្ឋភាពនៃស្ថានីយរថភ្លើងនៅក្រុងភ្នំពេញនាពេលបច្ចុប្បន្ន។

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតដែលបានបង្ហោះ និងអះអាងដោយអ្នកប្រើប្រាស់ខាងលើនេះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ ច្បាប់ដើមនៃរូបថតនេះ គឺជាទិដ្ឋភាពនៃស្ថានីយរថភ្លើងបាងស៊ឺ (Bang Sue Grand Station) ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។

Title:តើនេះគឺជាទិដ្ឋភាពស្ថានីយរថភ្លើងនៅរាជធានីភ្នំពេញឆ្នាំ២០២៤មែនឬ?
Fact Check By: Kakada SimResult: Misleading
