តើ​​ស្ថាន​ភាព​ផ្លូវ​ខូច​ខាត​មួយ​នេះ​ កើត​ឡើង​នៅ​ក្នុង​កម្ពុជា​មែន​ឬ​ទេ?

Missing Context Social

ខណៈ​ដែល​បញ្ហា​គុណភាព​ផ្លូវ​ថ្នល់​នៅ​កម្ពុជា តែង​តែ​រង​ការ​​រិះ​គន់​​ជា​រឿយៗ​នោះ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​ទិដ្ឋភាព​ផ្លូវ​ក្រាល​កៅស៊ូ​ដាច់​បាក់​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។ រូបថត​​នេះ​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​មួយ​ចំនួន​ គិត​ថា​ ទិដ្ឋភាព​នេះ​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​រំលែក​នូវ​រូប​ថត​មួយ​សន្លឹក​ ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​ «ព័ត៌មាន​ថ្មី​ៗ​ ទាន់​ហេតុការណ៍​ 24h» ដោយ​បាន​បង្ហាញ​ទិដ្ឋភាព​ការ​ខូច​ខាត​ដាច់​បាក់​ផ្លូវ​មួយ​កន្លែង​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​ ពុំ​បាន​បញ្ជាក់​អំពី​ព័ត៌​មាន​លំអិត​ និង​ទីតាំង​ច្បាស់​លាស់​នៃ​ទិដ្ឋភាព​ផ្លូវ​មួយ​នេះ​ឡើយ​។​

រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិចម្រុះ និង​ប្រតិកម្ម​​ជាច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ សរសេរ​រៀប​រាប់​ថា​ «ខ្យល់​ខ្លាំង​ពេក​ប៉ើង​ផ្លូវ​អស់​»។​

រូប​ភាព​ផ្ដាម​ខាង​ក្រោម​នេះ​ បាន​បង្ហាញ​នូវ​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ទៅ​នឹង​ការ​បង្ហោះ​រូប​ថត​ខាង​លើ​។​​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ផ្លូវ​ដែល​ខូច​ខាត​មួយ​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ប​ណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ បង្ហោះ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​សីហា​ ឆ្នាំ​២០១៩​កន្លង​ទៅ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ បាន​សរសេរ​ និង​បញ្ជាក់​ជា​ភាសា​ថៃ​ ដែល​មាន​អត្ថន័យ​ជា​ភាសា​ខ្មែរ​ថា​ «ការ​ខូច​ខាត​នេះ​ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា​ នៅ​ក្នុង​សង្កាត់​ខ្ញុំ​មាន​ផ្លូវ​ស្ដង់​ដា​បែប​ណា​»។​

ខាង​ក្រោម​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេស​ប៊ុក​ខាង​លើ​ បង្ហាញ​នូវ​ទិដ្ឋភាព​ការ​ខូច​ខាត​ផ្លូវ​នៅ​ក្នុង​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​២០១៩​។​

រូប​ភាព​ផ្ដាម​នេះ​ បង្ហាញ​​ទិដ្ឋភាព​ជ្រុង​មួយ​ទៀត​នៃ​ការ​ខូត​ខាត​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​កំណាត់​នេះ​ផង​ដែរ​។​

Facebook Post | Archived Link

តាម​រយៈ​គេហ​ទំព័រ​សារព័ត៌មាន​ Thai PBS ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី​០១​​ ខែ​កញ្ញា​​ ឆ្នាំ​២០១៩​កន្លង​ទៅ​ ក៏​បាន​បញ្ជាក់​អំពី​ទីតាំង​នៃ​ហេតុការណ៍​មួយ​នេះ​ផងដែរ​ គឺ​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​អំណាត​ចារើន​ (Amnat Charoen) ប្រទេស​ថៃ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពីគេហទំព័រ​សារព័ត៌មាន​ខាង​លើ​ ដែល​មាន​ចំណង​ជើង​ជា​ភាសា​ថៃ​ និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ព្រួយ​បារម្ភ​រឿង​ផ្លូវ​ក្រាល​កៅស៊ូ​បាក់​ក្រោយ​ទឹក​ជំនន់។

Thai PBS News | Archived Link

ក្រុម​ការងារ​របស់ ​Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា ស្លាក​លេខ​នៅ​ក្នុង​រូប​ថត​បង្ហោះ​ខាង​លើ​នោះ​ គឺ​ជា​ស្លាក​លេខ​សម្រាប់​សម្គាល់​ទោចក្រយានយន្ត​​នៅ​ក្នុង​ប្រទេស​ថៃ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ ដែល​បាន​បង្ហាញ​នូវ​ទម្រង់​ដូច​គ្នា​នៃ​ស្លាក​សម្គាល់​យាន​យន្ត​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​ថៃ​។​

World License Plates | Archived Link

ដូច​គ្នា​នេះ​ ករណី​ខាង​លើ​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន​ AFP ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កញ្ញា​ ឆ្នាំ​២០២២​កន្លង​ទៅ​។​ គេហ​ទំព័រ​ដដែល​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ថា​ ហេតុការណ៍​ខាង​លើ​ បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​ កាល​ពី​អំឡុង​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​នឹង​ការ​អះ​អាង​ដូច​ដែល​រៀប​រាប់​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ផ្លូវ​កៅស៊ូ​រង​ការ​ខូច​ខាត​នេះ មិន​មែន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ ​ករណី​​នេះ បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​​អំណាត​ចារើន (Amnat Charoen) ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ​។​

Avatar

Title:តើ​​ស្ថាន​ភាព​ផ្លូវ​ខូច​ខាត​មួយ​នេះ​ កើត​ឡើង​នៅ​ក្នុង​កម្ពុជា​មែន​ឬ​ទេ? ​

Fact Check By: Kakada Sim 

Result: Missing Context

Leave a Reply

Your email address will not be published.