
រូបភាពបង្ហាញការប្រណាំងក្រពើ ត្រូវបានគេបង្ហោះព្រោងព្រាតលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាពិធីប្រណាំងក្រពើនៅរដ្ឋសារ៉ាវ៉ាក់ក្នុងប្រទេសម៉ាឡេស៊ី។ រូបភាពជាមួយការអះអាងបែបនេះ ត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ហើយអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានបញ្ចេញមតិយោបល់របស់ពួកគេ ដែលចោទសួរពីភាពត្រឹមត្រូវនៃរូបភាពទាំងនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបភាពដែលបង្ហាញមនុស្សជិះក្រពើប្រណាំងគ្នា ត្រូវបានគេបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ក្នុងន័យថា វាជាពិធីប្រណាំងក្រពើដែលត្រូវបានរៀបចំឡើងនៅក្នុងរដ្ឋសារ៉ាវ៉ាក់ (Sarawak) ប្រទេសម៉ាឡេស៊ី។
រូបភាពជាមួយសំណេរបែបនេះ ត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ព្រមទាំងការបញ្ចេញប្រតិកម្ម និងមតិយោបល់ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ដោយជឿថា វាជាព្រឹត្តិការណ៍ប្រណាំងសត្វក្រពើពិតប្រាកដ ដែលមានតែនៅក្នុងរដ្ឋសារ៉ាវ៉ាក់តែប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីកាបង្ហោះរូបភាពប្រណាំងក្រពើនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីសប្ដាហ៍មុនជាមួយសំណេររៀបរាប់ថា “ចង់បបួលមិត្តភក្តិ និងប្អូនៗទៅទស្សនាការប្រណាំងក្រពើម្ដង…”។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបភាពនេះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ថា “Meanwhile in Sarawak, Malaysia”។
រូបភាព និងសំណេរបែបនេះ ត្រូវបានបង្ហោះដំបូងដោយទំព័រហ្វេសប៊ុក SouthEast Asian Gallery កាលពីដើមខែមីនានេះ ហើយត្រូវបានចែកចាយបន្តដល់ទៅជិត ៥ពាន់ដង ព្រមទាំងមានការបញ្ចេញមតិយោបល់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ដោយចោទសួរថា តើរូបភាពទាំងនេះគឺជាពិតឬយ៉ាងណា។
រូបភាពប្រណាំងក្រពើនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដទៃទៀតផងដែរ ដូចជាបណ្ដាញសង្គម X (អតីត Twitter) បណ្ដាញសង្គម Threads និង Instagram ផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបភាពប្រណាំងក្រពើនៅលើបណ្ដាញសង្គម X កាលពីខែមករា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ថា វារូបភាពនៃពិធប្រណាំងក្រពើអន្តរជាតិឆ្នាំ២០២៥។
ខាងក្រោមនេះគឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គម Threads កាលពីចុងខែមករាកន្លងមកនេះជាមួយសំណេរជាភាសាម៉ាឡេ ដែលរៀបរាប់ថា ពិធីប្រណាំងក្រពើនេះ ត្រូវបានរៀបចំឡើងយ៉ាងពិសេសនៅប្រទេសម៉ាឡេស៊ី។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គម Instagram កាលពីចុងខែមករាកន្លងមកជាមួយសំណេររៀបរាប់ជាភាសាម៉ាឡេថា វាជាពិធីប្រណាំងក្រពើដែលត្រូវបានរៀបចំឡើងនៅប្រទេសម៉ាឡេស៊ី។
Instagram Post | Archived Link
ដោយសារតែរូបភាព និងការអះអាងក្នុងន័យដូចគ្នានេះ ត្រូវបានបង្ហោះព្រោងព្រាតលើបណ្ដាញសង្គម គេអាចរកមើលរូបភាព និងការអះអាងប្រហាក់ប្រហែលគ្នានេះតាមរយៈតំណភ្ជាប់ផ្សេងទៀតនៅទីនេះ៖ Link 1 (archived), Link 2 (archived), និង Link 3 (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញរូបភាពពិធីប្រណាំងក្រពើនេះ ត្រូវបានបង្ហោះនៅលើក្រុមបណ្ដាញសង្គមមួយឈ្មោះថា Prompters Malaya កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកដែលបានបង្ហោះរូបភាពនេះចូលក្នុងក្រុមបណ្ដាញសង្គមខាងលើ បានសរសេររៀបរាប់ជាភាសាម៉ាឡេក្នុងន័យថា រដ្ឋសារ៉ាវ៉ាក់របស់ម៉ាឡេស៊ីនឹងរៀបចំពិធីប្រណាំងក្រពើអន្តរជាតិឆ្នាំ២០២៥ នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកុម្ភៈ ជាកាលបរិច្ឆេទមិនមាននៅលើប្រតិទិនប្រចាំឆ្នាំ២០២៥នោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីខ្លឹមសារសំណេរដែលត្រូវបានបង្ហោះនៅក្នុងក្រុមបណ្ដាញសង្គមឈ្មោះ Prompters Malaya កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដែលបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងក្រពើមិនមែនជាការពិតនោះឡើយ។
រូបភាពទាំងនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកតាំងពីថ្ងៃទី១៩ ខែមករា ដោយទំព័រហ្វេសប៊ុកមួយឈ្មោះ Wow To Sarawak ដែលបានបញ្ជាក់ថា រូបភាពទាំងនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត (AI)តែប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញខ្លឹមសារបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ជាមួយសំណេរបញ្ជាក់ថា “AI Highlights Kuching”។
ដើម្បីបញ្ជាក់ថា រូបភាពទាំងនេះត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិតឬយ៉ាងណានោះ យើងយករូបភាពទាំងនេះដាក់ឱ្យកម្មវិធីវិភាគមាតិកា AI មួយចំនួន ហើយលទ្ធផលបង្ហាញថា រូបភាពទាំងនេះពិតជាត្រូវបានបង្កើតឡើងដោយ AI ពិតប្រាកដមែន។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីលទ្ធផលនៃការវាយតម្លៃដោយវេបសាយវិភាគមាតិកា AI ដែលបង្ហាញថា រូបភាពទាំងនេះត្រូវបានបង្កើតឡើងដោយ AI។
ដោយសារតែអ្នកប្រើប្រាស់បណ្ដាញសង្គមយល់ច្រឡំចំពោះរូបភាពទាំងនេះ សារព័ត៌មានម៉ាឡេស៊ី Focus Malaysia (archived) បានចេញផ្សាយនូវអត្ថបទផ្ទៀងផ្ទាត់ការពិតមួយផងដែរ ដោយបញ្ជាក់ថា រូបភាពទាំងនេះមិនមែនជាព្រឹត្តិការណ៍កើតឡើងពិតប្រាកដនៅរដ្ឋសារ៉ាវ៉ាក់របស់ម៉ាឡេស៊ីនោះឡើយ ប៉ុន្តែ សុទ្ធតែត្រូវបានបង្កើតឡើងដោយ AI តែប៉ុណ្ណោះ។
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបភាពដែលបង្ហាញមនុស្សជិះលើខ្នងក្រពើប្រណាំងគ្នានោះ មិនមែនជាហេតុការណ៍ជាក់ស្ដែងកើតឡើងនៅក្នុងរដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ីនោះឡើយ។ រូបភាពទាំងនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត (AI) តែប៉ុណ្ណោះ។

Title:រូបភាព AI ប្រណាំងក្រពើនៅម៉ាឡេស៊ី បង្កការយល់ច្រឡំក្នុងចំណោមអ្នកប្រើបណ្ដាញសង្គម
Written By: Jay UdomResult: Altered