តើ​ក្មេង​ស្រី​ម្នាក់​នេះ​ជូន​បាច់​ផ្កា​ទៅ​ឪពុក​នាង​មុន​ចេញ​ទៅ​សមរភូមិ​ប្រឆាំង​រុស្ស៊ី​មែន​ឬទេ?

False International

ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន បាន​អូស​បន្លាយ​រហូត​ដល់​ជាង ១​ខែ​មក​ហើយ ដែល​នាំ​ឱ្យ​មាន​ការ​បង្ហោះ និង​ចែក​រំលែក​យ៉ាងច្រើន​ជុំ​វិញ​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ។ ក្នុង​ចំណោម​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​កុមារី​ម្នាក់​យក​បាច់​ផ្កា​ជូន​ទាហាន​មួយ​រូប ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា កុមារី​នោះ រត់​បាច់​ផ្កា​ជូន​ឪពុក​របស់​នាង មុន​គាត់​ចេញ​ទៅ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ដើមខែ​មីនា​កន្លង​មក​នេះ វីដេអូ​ឃ្លីប​រយៈ​ពេល​ជាង ២​នាទី​កន្លះ​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​ថា វីដេអូ​ឃ្លីប​នោះ បង្ហាញ​ក្មេង​ស្រី​អ៊ុយក្រែន​ម្នាក់​ រត់​យក​បាច់​ផ្កា​ជូន​ទៅ​ឪពុក​របស់​នាង មុន​ពេល​ចេញ​ទៅ​សរមភូមិ​ប្រយុទ្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។

វីដេអូ​ឃ្លីប​នោះ ត្រូវ​បាន​ចែក​រំលែក និង​ទទួល​បាន​ការ​ចូល​ទស្សនា​រាប់​រាប់​រយ​ពាន់​ដង ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ឃ្លីប​នោះ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​​ហ្វេសប៊ុក​​មួយ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មីនា​កន្លង​មក ជាមួយ​ការ​រៀបរាប់​ថា «កូន​ស្រី​បាច់​ផ្កា​ជូន​ឪពុក​មុន​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី ទឹក​ចិត្ត​កូន​ស្រី»។

FACEBOOK POST | ARCHIVED LINK

វីដេអូ​ឃ្លីប​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត ដែល​មាន​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​នៅ​ទីនេះ

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​បង្ហោះ និង​ចែក​រំលែក​វីដេអូ​ឃ្លីប​នេះ​នៅ​លើ​បណ្ដាញ​សង្គម តែ​ជាង ១​សប្ដាហ៍​ក្រោយ​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​ឃ្លីប​នេះ​តាម​រយៈ​ការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូចខាង​ក្រោម​នេះ។

វីដេអូ​ទាំង​មូល ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ឆាណែល​ទូរទស្សន៍​អ៊ុយក្រែន​ឈ្មោះ UATV ដែល​បាន​បង្ហោះនៅ​លើ​បណ្ដាញ​ YouTube កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១​កន្លង​មក។

វីដេអូ​ដែល​បង្ហាញ​ក្មេង​ស្រី​ស្ថិត​ក្នុង​ឈុត​ពណ៌​ស​​កាន់​បាច់​ផ្កា​មួយ​បាច់​យក​ទៅ​ជូន​ទាហាន​មួយ​រូប​នោះ ស្ថិត​ត្រង់​នាទី​៥៣​រហូត​ដល់​នាទី៩៧ នៃ​វីដេអូ​ទាំង​ស្រុង​មួយ​ដែល​មាន​រយៈ​ពេល​រហូត​ដល់​ជាតិ ២​ម៉ោង។

វីដេអូ​មួយ​ផ្នែក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ឈុត​ឆាត​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​អ៊ុយក្រែន ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២១ ចំ​ខួប ៣០​ឆ្នាំ​នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​ប្រទេស​មួយ​នេះ។ អ៊ុយក្រែន បាន​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​១៩៩១ បន្ទាប់​ពី​ការ​ដួល​រលំ​ទៅ​នៃ​សហភាព​សូវៀត។

UATV | ARCHIVED LINK

វីដេអូ​ដែល​បង្ហាញ​ក្មេង​ស្រី​ម្នាក់​នេះ​កាន់​បាច់​ផ្កា​នោះ ក៏​ត្រូវ​បាន​បង្ហាញ​ដោយ​ខ្លី​នៅ​ក្នុង​សេចក្ដី​រាយការណ៍​ជា​ភាសា​អង់គ្លេស​របស់​ទូរទស្សន៍ UATV ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ឆាណែល YouTube របស់​ខ្លួន​​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០២១​កន្លង​មក។

វីដេអូ​ដើម​ទាំង​ស្រុង ត្រូវ​បាន​ផ្សាយ​ចេញ​ជា​ភាសា​អ៊ុយក្រែន ប៉ុន្តែ វីដេអូ​នេះ ក៏​ត្រូវ​បាន​ឆាណែល​ YouTube ដែល​មាន​ឈ្មោះ​ថា Almost Unreal Thing។ ឆាណែល​មួយ​នេះ បាន​ឱ្យ​ដឹង​ថា វីដេអូ​នេះ គឺ​ជាវីដេអូ​សម្ដែង​​ប្រវត្តិសាស្ត្រ​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ ១០​នាទី។

ALMOSTUNREALTHING | ARCHIVED LINK

វីដេអូ​នេះ សម្ដែង​ដោយ​កុមារី​​ម្នាក់​មាន​ឈ្មោះ​ថា Yesenia Seleznova ដែល​នាង​មាន​អាយុ​ត្រឹម ១០​ឆ្នាំ​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​មុន។ កុមារី Yesenia Seleznova គឺ​ជា​សិស្ស​សាលា​តន្ត្រី KATAPULTA (KATAPULTA Art Music School)ដែល​បង្ហាញ​មោទនភាព​របស់​ខ្លួន ក្រោយ​កូន​សិស្ស​របស់​ខ្លួន ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​សម្ដែង​នៅ​ក្នុង​ពិធី​ជាតិ​ដ៏​ធំ​បែប​នេះ។

KATAPULTA ART MUSIC SCHOOL | ARCHIVED LINK

បើ​តាម​សំណេរ​នៅ​លើ Instagram របស់​ខ្លួន កម្មវិធី​ប្រឡង​ចម្រៀង​កុមារ The Voice Kids ឬ​ភាសា​អ៊ុយក្រែន​ហៅ​ថា Golos Dity បាន​ឱ្យ​ដឹង​ថា ឪពុក​របស់​កុមារី Yesenia Seleznova គឺ​ជា​តន្ត្រី​ករ​នៅ​ក្នុង​វង់​ភ្លេង​មួយ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ពោល​មិន​មែន​ជា​ទាហាន​នោះ​ឡើយ។

INSTAGRAM POST | ARCHIVED LINK

ការ​សម្ដែង​របស់​កុមារី​រូប​នេះ ក៏​ត្រូវ​បាន​រំលេច​ឡើង​នៅ​ក្នុង​សេចក្ដី​រាយការណ៍​មួយ​របស់​សារព័ត៌មាន TCH កាល​ពី​ខែ​សីហា ឆ្នាំ​២០២១​កន្លង​មក​ផង​ដែរ ដោយសារ​តែ​ការ​សម្ដែង​នេះ​បាន​នាំ​ឱ្យ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ស្រក់​ទឹក​ភ្នែក​នៅ​ចំពោះ​មុខ​មហាជន​នៅ​ថ្ងៃ​ប្រារព្ធ​ខួប ៣០​ឆ្នាំ​នៃ​ឯករាជ្យ​ជាតិ។

TCH’S REPORT | ARCHIVED LINK

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​មួយ​នេះ មិន​មែន​ជា​ហេតុការណ៍​កូន​ស្រី​ម្នាក់​យក​បាច់​ផ្កា​ជូន​ឪពុក​របស់​ខ្លួន​មុន​ពេល​ចេញ​ទៅ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​រុស្ស៊ី​នោះ​ឡើយ។ វីដេអូ​នេះ គឺ​ជា​ឈុត​ឆាក​សម្ដែង​ដោយ​កុមារី Yesenia Seleznova នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប ៣០​ឆ្នាំ​នៃ​ទិវា​ឯករាជ្យ​ជាតិ​អ៊ុយក្រែន​កាល​ពី​ឆ្នាំ​២០២១​កន្លង​មក។

Avatar

Title:តើ​ក្មេង​ស្រី​ម្នាក់​នេះ​ជូន​បាច់​ផ្កា​ទៅ​ឪពុក​នាង​មុន​ចេញ​ទៅ​សមរភូមិ​ប្រឆាំង​រុស្ស៊ី​មែន​ឬទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.